តាំងចិត្តខ្ពស់ណាស់! យុវតី ស៊ន់ ច័ន្ទបូរី សម្រេចយកអាជីពម៉ូដែល ដើម្បីយកឈ្នះខ្លួនឯង
- 2020-09-23 08:48:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងចិត្តខ្ពស់ណាស់! យុវតី ស៊ន់ ច័ន្ទបូរី សម្រេចយកអាជីពម៉ូដែល ដើម្បីយកឈ្នះខ្លួនឯង
ចន្លោះមិនឃើញ
កញ្ញា ស៊ន់ ច័ន្ទបូរី ដែលបច្ចុប្បន្ន គឺជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនក្នុងស្រុកធំមួយនេះ បានសម្រេចហក់ចូលមកប្រឡូកក្នុងអាជីពជាតារាម៉ូដែល ជាមួយហេតុផលសំខាន់មួយថា នាងចង់យកការងារនេះមកវាស់ស្ទង់ពីខ្លួនឯង។
តាមការបង្ហើបផ្ទាល់ខ្លួន កញ្ញា ស៊ន់ ច័ន្ទបូរី បច្ចុប្បន្នបាន និងកំពុងបម្រើការងារជាអ្នករៀបចំកម្មវិធី (Event Officer) នៅក្រុមហ៊ុនឯកជនមួយអស់រយៈពេលជាង ១ឆ្នាំហើយ។ ត្បិតថា នេះជាប្រភពចំណូលសំខាន់សម្រាប់ទ្រទ្រង់ខ្លួនឯង ប៉ុន្តែ បុរី បង្ហើបថា នាងនៅមានចំណូលចិត្តមួយផ្សេងទៀត គឺចង់ធ្វើជាតារាម៉ូដែលអាជីពម្នាក់ ហើយពេលនេះ នាងបានសម្រេចបានហើយក្រោយនាងបានចូលរួមជាមួយក្រុមម៉ូដ Perfect 10 កាលពីពេលថ្មីៗ។
ហេតុផលមួយផ្សេងក្រៅតែពីធ្វើតាមនិស្ស័យ គឺនាងចង់រកឲ្យឃើញអ្វីជាខ្លួនឯង។ បូរី ប្រាប់ថា តាមរយៈការងារនេះ បាននាំឲ្យនាងបានស្គាល់ និងបានយល់បន្ថែមទៀតពីការងារម៉ូដែល ជាអាជីពដែលបានដក់ក្នុងដួងចិត្តរបស់នាងតាំងពីតូចៗមក។ ស្របពេលឱកាសមកដល់ ពោលគឺ Perfect 10 ផ្ដល់ឱកាសផង នាងក៏សម្រេចឈោងចាប់អាជីពក្នុងដួងចិត្តមួយនេះដោយឥតស្ទាក់ស្ទើរ។
“នេះគឺជាឱកាសល្អ ដែលខ្ញុំចង់រកឲ្យឃើញថា ខ្ញុំពិតជាចូលចិត្តការងារហ្នឹងមែនឬអត់ ហើយមួយទៀតថាតើខ្ញុំធ្វើបានល្អប៉ុណ្ណាលើការងារហ្នឹងអីចឹងណាបង"។ បូរី ថ្លែង។ ក្រៅពីយុវតីវ័យ ២០ឆ្នាំជាង បញ្ជាក់ថា នាងក៏ចង់យកឈ្នះខ្លួនឯង ដើម្បីបង្កើននូវជំនឿចិត្តលើអ្វីដែលខ្លួនឯងនៅខ្វះខាត។
យុវតីវ័យ ២២ឆ្នាំ ថា នាងមានស្លាកស្នាមធំមួយកន្លែងនៅត្រង់កសំណល់ពីការវះកាត់ ដែលនេះ គឺជាឧបសគ្គមួយសម្រាប់អាជីពនេះដែលត្រូវអ្នកមានសម្ផស្សស្អាត សាច់ និងស្បែកស្អាត។ ប៉ុន្តែនាងតាំងចិត្ត នឹងយកឈ្នះលើរឿងនេះ និងចង់បង្ហាញទៅស្ត្រីផ្សេងទៀត ដែលចង់ក្លាយជាតារាម៉ូដែល ហើយនៅស្ទាក់ស្ទើរចំពោះចំណុចខ្វះខាតខ្លះៗដែលខ្លួនមាន។
“ខ្ញុំចង់លើកទឹកចិត្តស្ត្រីផ្សេងទៀតថាត្រូវរកឲ្យឃើញយើងជានរណា ខ្លាំងលើអ្វី ហើយធ្វើអ្វីដែលយើងចង់ធ្វើ...មួយទៀតក៏លើកទឹកចិត្តកុំអោយគាត់គិតថា ចង់ពាក់ព័ន្ធវិស័យហ្នឹងដែរ តែខ្លួនឯងអត់គ្រប់គ្រាន់ អត់ស្អាត ខ្វះចំណុចនេះចំណុចនោះ...តែត្រូវមានការជឿជាក់លើខ្លួនឯងឲ្យខ្លាំង ហើយប្រឹងធ្វើវាឲ្យបានល្អតាមតែអាចធ្វើបាន ខ្ញុំចង់និយាយថា អ្វីដែលត្រូវយើងធ្វើ នោះគឺជាការយកឈ្នះលើខ្លួនឯង"។
ក្រោយបានប្រឡូកត្រឹមរយៈពេលខ្លីជាមួយ Perfect 10 បូរី ប្រាប់ថានាង ពិតជារៀនបានច្រើនពីក្រុមម៉ូដែលនេះ និងពីការងារម៉ូដែលផ្ទាល់ ហើយថា វាមានភាពអស្ចារ្យច្រើន សម្រាប់ស្ត្រីគ្រប់រូបដែលចូលចិត្តវា គួរចាប់ផ្ដើមជាមួយវា៕