ឡេង ណាវ៉ាត្រា៖ ជីវិតយើងមិនដឹងថានៅដល់ពេលណា អ៊ីចឹងមានឱកាសជួយគ្នាបាន គួរតែជួយ
- 2020-10-20 05:20:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡេង ណាវ៉ាត្រា៖ ជីវិតយើងមិនដឹងថានៅដល់ពេលណា អ៊ីចឹងមានឱកាសជួយគ្នាបាន គួរតែជួយ
ចន្លោះមិនឃើញ
អតីតពលករ អ្នកនិពន្ធ និងជាចាងហ្វាងផលិតកម្ម ឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ថា ជីវិតយើងម្នាក់ៗ មានពេលមិនវែងនោះទេ ដូច្នេះពេលនៅរស់លើផែនដីនេះ អ្វីដែលអាចជួយគ្នាបាន គួរតែជួយ។
ថ្លែងបែបនេះ ក្រោយពីអតីតពលករនៅប្រទេសកូរ៉េខាងត្បូង បានដឹកនាំក្រុមតារាចម្រៀងនៃផលិតកម្ម Galaxy Navatra ចុះជួយប្រជាពលរដ្ឋដែលបាន និងកំពុងរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។
ឧកញ៉ា វ័យក្មេងថ្លែងថា ពេលដែលឃើញបងប្អូនជនរួមជាតិមានទុក្ខ លោកក៏មានទុក្ខដែរ។ ដូច្នេះហើយ ពេលឃើញបងប្អូនប្រជាពលរដ្ឋមានទុក្ខនាគ្រានេះ ឧកញ៉ាខ្លួនឯងដែលធ្លាប់លំបាក ក្រខ្សត់ដែរនោះ ក៏នៅមិនសុខដូច្នេះដែរ។ បែបនេះហើយ ទើបឧកញ៉ាវ័យក្មេងដឹកនាំក្រុមការងារមួយក្រុមចុះទៅជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលរងគ្រោះខ្លាំងដោយជំនន់ ហើយនោះ ជាក្ដីសុខមួយផ្នែករបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់សាមីខ្លួន។
"ខ្ញុំមានសេចក្តីសុខ នៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំទៀត យើងមិនដឹងថានៅដល់ពេលណា? អ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ!"។
ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមតារាចម្រៀង និងថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra មានលោក យឹម តាស្រង់ លោក ព្រាប សុវត្ថិ ខេម កញ្ញា តន់ ច័ន្ទសីម៉ា និង អ៊ុក សុវណ្ណារី ជាដើម បានចុះទៅចែកអំណោយសប្បុរសជាអង្ករ ៥០តោន និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតនៅស្រុកមង្គលបូរី ក្នុងភូមិព្រេករពៅ ឃុំឬស្សីក្រោក ជូនប្រជាពលរដ្ឋចំនួន២៣០ គ្រួសារ។
សកម្មភាពនេះ ទទួលបានការសាទរពីថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។នៅថ្ងៃនេះទៀតឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសរសើរនៅទឹកចិត្តមនុស្សធម៌ដ៏ធំធេង របស់ អតីតពលកររូបនេះទៀត។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់លោកឧកញ៉ា ដែល មានអតីតភាពជាក្មេងទីជនបទក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា"ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ"៕