ទុក្ខជាន់លើទុក្ខ! នាយព្រីងទុំសុខចិត្តអត់ផ្ទះរស់នៅឲ្យតែមានលុយព្យាបាលជំងឺ និងដោះបំណុលគេ
- 2021-03-01 02:51:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុក្ខជាន់លើទុក្ខ! នាយព្រីងទុំសុខចិត្តអត់ផ្ទះរស់នៅឲ្យតែមានលុយព្យាបាលជំងឺ និងដោះបំណុលគេ
ចន្លោះមិនឃើញ
តារាកំប្លែងជើងចាស់ លោក ង៉ែត ជី ហៅនាយព្រីងទុំ ប្រកាសលក់ដី និងផ្ទះបន្ទាន់ ដើម្បីយកប្រាក់ទៅព្យាបាលជំងឺខ្លួនឯង និងប្រពន្ធដែលកំពុងមានជំងឺលើសឈាម និងទឹកនោមផ្អែមធ្ងន់ធ្ងរ។ រូបលោក និងគ្រួសារ សុខចិត្តអស់ផ្ទះសម្បែងហើយរត់ទៅជួលផ្ទះគេរស់នៅឲ្យតែបានប្រាក់ខ្លះដើម្បីបន្តព្យាបាលជំងឺ និងដោះបំណុលធនាគារ។
កូនប្រុសពៅរបស់នាយព្រីងទុំ គឺលោក ជី ចំណាប់ បានប្រាប់Sabay នៅព្រឹកថ្ងៃទី១ ខែមីនា ថា លោកឪពុករបស់លោកបានបង្ខំចិត្តលក់ផ្ទះថ្ម និងដីទំហំទទឹង១០ គុណ២០ម៉ែត្រ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដោយសារតែអ្នកម្ដាយដែលធ្លាប់តែជាអ្នកមើលថែជំងឺឪពុកនោះ បានធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាម ទឹកនោមផ្អែម និងជាតិពុលក្នុងថ្លើមធ្វើទុកខ្លាំង។
ជី ចំណាប់៖"សូមបងប្អូនសប្បុរសជនជួយគ្រួសារខ្ញុំផង...បើខ្ញុំលក់ផ្ទះដាច់ភ្លាមខ្ញុំនឹងយកលុយទៅសងធនាគារ២៥០០០ដុល្លារ ហើយសល់ប៉ុន្មានយកទៅមើលជំងឺពួកគាត់ និងជួលបន្ទប់ស្នាក់នៅ។ ខ្ញុំអត់មាន ជម្រើសទេបង ហើយគាត់ធ្លាក់ខ្លួនឈឺទាំងពីរទៀត ឥឡូវនេះម្ដាយខ្ញុំធ្ងន់ជាងលោកឪពុក"។
បច្ចុប្បន្នលោក ង៉ែត ជី និងប្រពន្ធដែលកំពុងមានជំងឺប្រចាំកាយដូចគ្នានោះ កំពុងសម្រាក និងព្យាបាលដោយលេបថ្នាំនៅផ្ទះដែលត្រឹមនឹងលក់នេះ។ យូរៗម្ដង រូបលោក និងភរិយា ត្រូវបានកូនបញ្ជូនទៅព្យាបាល និងបើកថ្នាំលេបនៅមន្ទីរមិត្តភាព-ខ្មែរសូវៀត។ ក្នុងករណីលក់ផ្ទះនេះដាច់ រូបលោក និងប្រពន្ធ នឹងទទួលបានការព្យាបាលជាប់លាប់ និងដោះស្រាយបញ្ហាជីវភាពដែលកំពុងតែទ័លក្រ។
លោក ង៉ែត ជី ហៅនាយព្រីងទុំ បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៨៣ តាមរយៈអាជីពសម្ដែងជាតួអង្គយក្ស និងកំប្លែងស្ទើរគ្រប់រសជាតិទាំងនៅលើឆាកល្ខោនបាសាក់ និងឆាកប្រគំតន្ត្រី។ នាយព្រីងទុំ ក៏ធ្លាប់ចូលរួមសម្ដែងជាមួយក្រុមកំប្លែងនាយកុយ និងនាយក្រឹមដែរ ប៉ុន្តែលោកបានបាត់បង់សមត្ថភាពសម្ដែងតាំងពីអំឡុង២០១៥ គ្រាដែលលោកធ្លាក់ខ្លួនឈឺដោយសារជំងឺលើសឈាម ទឹកនោមផ្អែម និងដាច់សរសៃឈាមក្នុងខួរក្បាលមក៕