បើមិនមានអ្វីរាំងស្ទះ ឬបិទចរាចរណ៍ ម្ចាស់គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» នឹងមកដល់ភ្នំពេញថ្ងៃ៨មីនា

  • 2021-03-01 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំគិតថាបើជំងឺកូវីដ-១៩មិនមានការរីករាលដាលបន្តកាន់តែខ្លាំង គេឲ្យចូលក្រុងវិញធម្មតា ថ្ងៃទី៨មីនាខ្ញុំនឹងទៅដល់ភ្នំពេញដូចគម្រោងដែលគ្រោងទុក» នេះជាការបញ្ជាក់តាមទូរសព្ទរបស់លោក ឡាម៉ូ ម្ចាស់គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា»មុនលោកចេញពីទីរួមខេត្តកោះកុងបន្តដំណើរទៅស្រុកថ្មបាំង។

លោក ឡាម៉ូ ម្ចាស់គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» ថតនៅជាប់ស្ពានកោះកុងមុនធ្វើដំណើរបន្ត

គិតត្រឹមថ្ងៃ១ មីនា នេះ គឺជាងថ្ងៃទី ៣៧ ដែលលោក ឡាម៉ូ ម្ចាស់គម្រោង«៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» ជិះម៉ូតូដើម្បីថតរូបទាក់ទងនឹង វប្បធម៌ អរិយធម៌ សាសនា អេកូទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់នានានៅប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃនេះម្ចាស់គម្រោងនេះជិះម៉ូតូជិត៤០០០គីឡូម៉ែត្រហើយ។

«ខេត្តដែលខ្ញុំចាប់អារម្មណ៍នឹងមានអ្វីដែលថ្មីទាក់ទាញគឺខេត្តប៉ៃលិន។ នៅទីនោះមានភ្នំ មានទឹកធ្លាក់ តំបន់អេកូទេសចរណ៍ច្រើន មានផ្លូវក្រវ៉ាត់ក្រុងដែលគេកំពុងតែរៀបចំសាងសង់ដែលតភ្ជាប់ទៅខេត្តកោះកុង ផ្លូវនេះសំបូរភ្នំច្រើនហើយមានទេសភាពស្អាត ស្តាយដែលមានពេលតែមួយយប់ មិនមានពេលច្រើននៅទីនេះ ខ្ញុំនឹងមកខេត្តប៉ៃលិននេះម្តងទៀតលើកក្រោយ» នេះជាការលើកឡើងរបស់លោក ឡាម៉ូ ឆ្លើយឆ្លងតាមទូរសព្ទប្រាប់ពីតំបន់ដែលទាក់ទាញនឹងចាប់អារម្មណ៍រយៈពេល២សប្តាហ៍ក្រោយបន្ទាប់ពីខេត្តនៅតំំបន់ភាគឦសាន។

លោក ឡាម៉ូ ប្រាប់បន្តថា អ្វីដែលចាប់អារម្មណ៍នោះគឺចេញពី ពោធិសាត់ មក កោះកុង តាមផ្លូវត្រវ៉ាត់ព្រំដែនមានស្នាក់ការ ៣-៤ កន្លែងគេត្រូវវាសកម្តៅហើយ ទើបឲ្យបន្តទៅមុខ និងនៅតំបន់មួយនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងមានសមត្ថកិច្ចមកសួរនាំខ្លាចយើងចូលមកពីថៃ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ចូលក្នុងប្រទេស។ រយៈពេល៣៧ កន្លងទៅនេះម្ចាស់គម្រោងរូបនេះបានធ្វើកម្មវិធីសប្បុធម៌ដល់សហគមន៍ដាច់ស្រយាលចំនួន៣ដងនៅខេត្តស្ទឹងត្រែង និងរតនគិរី ដោយ២ដង ទិញ និងចែកសម្ភារៈសិក្សាសិស្សបឋមសិក្សា និង១ដងទៀតទិញសម្ភារៈដើម្បីចូលរួមសាងសង់ផ្ទះដល់គ្រូបង្រៀននៅសាលាបឋមសិក្សាស្រែគ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ ថវិកាធ្វើកម្មវិធីសប្បុរសធម៌ខាងលើនេះគឺបានមកពីសប្បុរសជន និងមិត្តភក្តិដែលបានចូលរួមក្នុងដំណើរ «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា»។

ម្ចាស់គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» លោក ឡាម៉ូ ផ្តល់សម្ភារៈសិក្សាដល់សាលានៅខេត្តរតនគិរី
ផ្ទះគ្រូបង្រៀននៅបឋមសិក្សាស្រែគ ដែលម្ចាស់គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» លោក ឡាម៉ូ នាំយកថវិកាពីសប្បុរសជនដើម្បីសាងសង់

ម្ចាស់គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» លោក ឡាម៉ូ បញ្ជាក់ប្រាប់ថា ព្រឹកនេះខ្ញុំនៅខេត្តកោះកុងត្រៀមចេញដំណើរទៅស្រុកថ្មបាំង-អារ៉ែង-ជីផាត់-ស្ទឹងពពក-ខេត្តព្រះសីហនុ-កំពត-កែប ខេត្តចុងក្រោយគឺខេត្តតាកែវ និងមកដល់ភ្នំពេញនៅថ្ងៃទី ៨ មីនា។

សូមបញ្ជាក់ថា គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» គឺជាគម្រោងដែលបង្កើតដោយលោកលី មិន ហៅឡាម៉ូ ជិះម៉ូតូទូទាំងប្រទេសកម្ពុជាដើម្បីថតរូបទាក់ទងនឹង វប្បធម៌ អរិយធម៌ សាសនា អេកូទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់នានាប្រមូលយកមកបោះពុម្ពជាសៀវភៅមួយដែលបង្ហាញពីកម្ពុជា និងចូលរួមលើកស្ទួយវិស័យថតរូប វិស័យទេសចរណ៍ក្នុងស្រុក ផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី សាសនា និងដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមសហគមន៍៕

ខាងក្រោមនេះរូបថតរបស់ លោក ឡាម៉ូ ដែលបានថតនៅតាមបណ្តាលខេត្តនានាមុនទៅដល់ខេត្តកោះកុង៖

អត្ថបទថ្មី