ផ្ទះចាស់ក្ដី ឬទើបចូលនៅក្ដី បើមិនចង់បាត់លាភ ហាមធុងអង្ករទទេស្អាតក្នុងផ្ទះ

  • 2021-03-25 08:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថាផ្ទះធំ-តូច ឬផ្ទះចាស់ក្ដី ឬ​ទើប​ចូល​ទៅរស់នៅក្ដី រឿងមួយ​ដែល​ប្រិយមិត្ត​ត្រូវ​ធ្វើ​ បើ​មិន​ចង់​ឲ្យ​បាត់​លាភ ទ្រព្យ​ គឺ​មិនត្រូវ​ធ្វើ​ឲ្យ​ធុងអង្ករ​ក្នុងផ្ទះ​ទទេរស្អាត​នោះឡើយ។ ទម្លាប់​ទុក​ឲ្យ​ធុងអង្ករ​ទទេរស្អាត​ រួចបានទៅផ្សារ​ទិញបំពេញ​បន្ថែម ជាទម្លាប់​មិន​ល្អ​នោះទេ វាជាសញ្ញា​នៃការ​ខ្វះខាត ឬធ្វើ​ឲ្យ​បាត់​បង់​ទ្រព្យ​ជាដើម។

អ្នកស្រី សុភ័ក្រ វ័យ៤៥ឆ្នាំ រស់នៅម្ដុំចំការដូង ដោយបានចេះចាំចំណាំពីចាស់ៗថា «មិនថាផ្ទះចាស់ ឬថ្មីទេ យើងកុំទម្លាប់ឲ្យធុងអង្ករទំនេរស្អាត វានាំសំណាងមិនល្អនោះទេ វាជាប្រផ្នូលនៃការខ្វះខាតហូបចុកក្នុងផ្ទះ»។

អ្នកស្រី សុភ័ក្រ ដែលជាប់សែស្រឡាយចិនបានចែករំលែករឿងហ៊ុងស៊ុយធុងអង្ករទទេស្អាត ដែលមានបម្រាមមិនល្អដូចខាងក្រោម៖

  • ១. ហាមធុងអង្ករទទេ៖ ការទុកធុង ឬពាងអង្ករឲ្យទទេស្អាត គឺមិនខុសពីការបង្ហាញថាគ្រួសារកំពុងតែបាត់បង់ទ្រព្យសម្បត្តិ ភាពរុងរឿង និងការខ្វះហូបចុកជាដើម។ តាមចាស់ៗថា ធុង ឬពាងអង្ករ តំណាងឲ្យសំណាង លាភ ដូច្នេះយើងមិនគួរទុកឲ្យនៅទទេស្អាតនោះទេ។

  • ២. ហាមធុងអង្ករ មានធ្លុះធ្លាយ៖ ការណ៍បើធុងអង្ករ ឬពាងអង្ករធ្លុះធ្លាយ គឺជាប្រផ្នូលនៃការរបូតចេញនូវទ្រព្យសម្បត្តិ ឬហូរចេញនូវលាភសំណាង ដូច្នេះយើងមិនគួរទុកឲ្យធុង ឬពាងអង្ករធ្លុះធ្លាយនោះទេ គប្បីជួសជុលឲ្យបានស្អាត។

តើការទុកដាក់ធុងអង្ករ ឬពាងអង្ករ ឲ្យបានត្រឹមត្រូវនាំលាភសំណាង?

មនុស្សមួយចំនួនពុំសូវបានដឹងទេ អំពីបញ្ហាខាងលើនេះ ប៉ុន្ដែអ្នកដែលជឿលើហ៊ុងស៊ុយ រមែងប្រកាន់ខ្ជាប់នូវទម្លាប់ ការទុកដាក់ធុង ឬពាងអង្ករឲ្យបានត្រឹមត្រូវ និងការដាក់ក្រដាសក្រហម ដែលមានលុយពិតប្រាកដ ឬ ៣ កាក់ នៅក្រោមបាតអង្ករ តំណាងឲ្យការនាំលាភសំណាងដល់ក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ ត្រូវរៀបចំតុបតែងធុង ឬពាងអង្ករ ឲ្យបានស្អាត ភ្ជាប់រូបភាព ឬនិមិត្តសញ្ញា នៃលាភសំណាង នឹងធ្វើឲ្យគ្រួសាររុងរឿងមិនចេះខ្វះហូប។

អ្វីដែលបានលើកឡើងខាងលើនេះ អ្នកស្រី សុភ័ក្រ បានលើកឡើងថា គឺចេះតៗគ្នាពីចាស់ៗធ្លាប់និយាយប្រាប់កាលពីនៅតូច ហើយអ្នកស្រីក៏ធ្វើតាមទម្លាប់នេះ ប៉ុន្ដែការជឿឬមិនជឿ អាស្រ័យលើការយល់ឃើញរៀងៗខ្លួន ប៉ុន្ដែបើនិយាយអំពីការពិតវិញ ប្រសិនបើយើងទុកដាក់ធុងអង្ករឲ្យបានល្អ ដាក់នៅទីខ្ពស់បន្ដិចពីដី គ្របឲ្យជិត ស្មើនឹងការគ្រប់គ្រងស្បៀងអាហារបានត្រឹមត្រូវ ចៀសផុតពីសត្វល្អិតចង្រៃដូចជា កណ្ដុរ កន្លាត ឬផ្សិតជាដើម ដែលបំផ្លាញដល់អង្កររបស់យើង និងប៉ះពាល់ដល់សុខភាពជាដើម៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម