ជិត​ដល់​ SEA GAMES បាល់ទះឆ្នេរខ្សាច់កម្ពុជា ប្រឹង២ចំណុចនេះខ្លាំងបំផុតអំឡុងពេលប្រមូលផ្ដុំ

  • 2021-04-29 03:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្រុមកីឡាករកីឡាការិនីកម្ពុជាគ្រប់វិញ្ញាសា បូក​រួមទាំងបាល់ទះឆ្នេរខ្សាច់ផង​នោះ​ ត្រូវបាន​តម្រូវ​ឱ្យ​ប្រមូលផ្ដុំតាមផ្ទះរៀងខ្លួន ដើម្បីត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម​នាពេលឆាប់ៗខាងមុខ។

លោកគ្រូបង្គោល សោម ចំណាប់

បើតាមលោកគ្រូ សោម ចំណាប់ អំឡុង​ពេល​លំបាក​នេះកីឡាករបាល់ទះឆ្នេរខ្សាច់របស់លោក ផ្ដោតសំខាន់លើចំណុច២សំខាន់ៗគឺ **កម្លាំងនិងបច្ចេកទេស** ព្រោះវាសំខាន់ណាស់សម្រាប់កីឡាករម្នាក់ៗ។

គ្រូបង្វឹកធ្លាប់ជាអតីតជម្រើសជាតិ បាល់ទះឆ្នេរខ្សាច់កម្ពុជារូបនេះបានបញ្ជាក់ថា ៖«យើងប្រមូលផ្ដុំតាំងពីថ្ងៃ១៩ ខែ០៥ មកម៉្លេះ ហើយចំពោះការហាត់តាម Online នេះគឺយើងផ្ដោតសំខាន់ទៅលើកម្លាំង គឺយើងហាត់កម្លាំងឱ្យ​បានខ្លាំងល្អ បូករួមជាមួយបច្ចេកទេសបន្តិចបន្តួចទៀត តាមអ្វីកីឡាករនីមួយៗអាចធ្វើខ្លួនឯងបាន»។

ចំពោះ​ការហាត់តាម Online លោកគ្រូយល់ឃើញមានផលលំបាកច្រើន ដ្បិតកូនក្រុមមិនសូវធ្វើបានល្អដូចដែលលោកចង់បាន។ ទោះបី​ជា​យ៉ាងណាប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ចង់មិនចង់ត្រូវធ្វើបែបនេះ ដើម្បីរក្សាកម្លាំង និងបច្ចេកទេសរបស់ពួកគេ។ រយៈពេលហាត់ លោកគ្រូតម្រូវឱ្យ​ក្រុមកីឡាករហ្វឹកហាត់រយៈពេល២ម៉ោងកន្លះទៅ៣ម៉ោង។

គ្រូបង្វឹកមានដើមកំណើតមកពីខេត្តស្វាយរៀង បានបន្ថែមយ៉ាងដូច្នេះថា ៖«បាល់ទះ​ឆ្នេរខ្សាច់ ឧបម៉ាថាយើងលេងបីសិត បីសិត ត្រូវប្រើពេលអស់១ម៉ោងកន្លះអីចឹងទៅ ដូច្នេះយើងត្រូវហ្វឹកហាត់ម្លាំងឱ្យ​បានខ្លាំង យើងត្រូវរក្សាកម្លាំងយើងហ្វឹកហាត់ឱ្យ​បាន២ម៉ោង ២ម៉ោងកន្លះទៅ៣ម៉ោង ដើម្បីរក្សាកម្លាំងយើង ធ្វើម៉េចលេងចប់ពីរសិតបីសិតហ្នឹង គឺកម្លាំងយើងនៅដដែល នេះគេហៅថារក្សាកម្លាំងបានល្អ»។

បន្ទាប់ពីហ្វឹកហាត់ចប់ ក្រុមការងាររបស់លោកក៏មានការអប់រំបន្ថែម​ដូចចា​ផ្នែក​ចិត្តសាស្ត្រ និងការកែតម្រូវបច្ចេកទេសផ្សេងៗ ដើម្បីឱ្យ​ក្រុម​កីឡារអភិវឌ្ឍខ្លួនល្អប្រសើរ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកាដល់់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១​ខាង​មុខ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី