អ៊ឹម ណារិទ្ធ សង្ឃឹម ៦០% ជាប់ជម្រើស៤នាក់លេង SEA Games នៅវៀតណាម
- 2021-05-19 05:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ឹម ណារិទ្ធ សង្ឃឹម ៦០% ជាប់ជម្រើស៤នាក់លេង SEA Games នៅវៀតណាម
ចន្លោះមិនឃើញ
ស្មាត់មកពីក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ៊ឹម ណារិទ្ធ មានសង្ឃឹមពី ៥៥ ទៅ ៦០% ក្នុងការជាប់ជម្រើសបួននាក់តំណាងក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ទៅលេងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
ការរំពឹងបែបនេះក៏ដោយសារកីឡាករមានកម្ពស់ ១,៨៥ម៉ែត្រវ័យ ២៤ឆ្នាំ យល់ថាគេមានកម្លាំងគ្រាប់គ្រាន់ និងទទួលបានបច្ចេកទេសច្រើនគួរសមអំឡុងពេលហ្វឹហាត់ ក្នុងរយៈពេល២ឆ្នាំមកនេះ។
ស្មាត់ធំដ៏ល្អរបស់ស្នងការ បានបញ្ជាក់ថា ៖«សមត្ថភាពរាល់ថ្ងៃតាមប្អូនសង្កេតមើល ប្អូនអាចចូលចំណោមគេបានទៅ៧០%ដែរ អ៊ីចឹងប្អូនថែមបន្តិចនៅវគ្គជម្រុះខាងមុខ ប្អូនសង្ឃឹមថានឹងអាចជាប់ ដោយសារប្អូនមើលទៅសង្ឃឹមច្រើនដោយសារបច្ចេកទេសកម្លាំង បូកនឹងយើងចូលចិត្តយើងគិតថាវាអាចទៅបាន»។
កីឡាករដែលគេច្រើនហៅតាក់អន្លង់វែង បានសន្យាខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រជែងយកកៅអី៤នាក់ទៅលេងនៅទីក្រុងហាណូយប្រទេសវៀតណាម ក៏ដូចជាបង្ហាញសមត្ថភាព និងយកលទ្ធផលល្អជូនជាតិមាតុភូមិ។
បើសិនជាជាប់មែន ជុក សោភា ជាកីឡារឆ្នេរខ្សាច់មួយរូបដែល អ៊ឹម ណារិទ្ធ ចង់ចាប់ដៃគូលេងខ្លាំងជាមួយជាងគេ ប៉ុន្តែកីឡាករមកពីខេត្តឧត្ដរមានជ័យមិនទាន់ថាយ៉ាងណាទេ ដោយអាស្រ័យលើស្ថានភាពជាក់ស្ដែង និងការរៀបចំរបស់ក្រុមគ្រូបង្វឹក។
គួរបញ្ជាក់ថា កម្ពុជានឹងបញ្ជូនអត្តពលិកវិញ្ញាសារបាល់ទះឆ្នេរខ្សាច់ចំនួន២ក្រុមមាន៤រូប ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម នាថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ខាងមុខ៕