លោក សោម ចំណាប់ បង្ហាញអារម្មណ៍សោកស្ដាយជុំវិញការលាឈប់ពីគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់
- 2022-01-18 02:41:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សោម ចំណាប់ បង្ហាញអារម្មណ៍សោកស្ដាយជុំវិញការលាឈប់ពីគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់
ចន្លោះមិនឃើញ
គិតមកទល់នឹងពេលនេះមានរយៈពេលជិត៣ខែហើយដែលលោក សោម ចំណាប់ បានលាឈប់ពីគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់។ ជុំវិញការលាឈប់លោកបានបង្ហាញអារម្មណ៍សោកស្ដាយ ដ្បិតជាការងារជំនាញដែលលោកស្រលាញ់បំផុត។
លោកគ្រូជំនួយរបស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា តាមគោលការណ៍របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តម្រូវឱ្យក្រុមកីឡាករនិងគ្រូបង្វឹកហ្វឹកហាត់ ហូបចុក និងស្នាក់នៅកន្លែងហ្វឹកហាត់ផ្ទាល់ (ពហុកីឡដ្ឋានជាតិមរតកតេជោ) ប៉ុន្តែដោយសារលោកមមាញឹកនឹងការងារក៏សម្រេចចិត្តលាឈប់តែម្ដង។
ប្អូនប្រុសបង្កើតរបស់លោកគ្រូ សោម ណារិទ្ធ បានពន្យល់ថា ៖«បាទ! ខ្ញុំមានការសោកស្ដាយដែរ ព្រោះជាការងារមួយដែលខ្ញុំស្រលាញ់ពេញចិត្ត...ការងារនេះជាជំនាញរបស់ខ្ញុំតែម្ដង...ខ្ញុំលាឈប់ពីជម្រើសជាតិដើម្បីចូលមកហ្វឹកហាត់នៅក្រុមវិញធ្វើការងារនៅក្លឹបវិញ ហើយនឹងការងារ Business តារាងបាល់របស់ខ្ញុំ...ដោយសាតែខ្ញុំមិនអាចទៅនៅក្នុងណុងបានដោយសារវាស្ទះការងារហ្នឹង ស្ទះការងារច្រើនការងារច្រើនណាស់នៅខាងក្រៅ ហើយយើងអត់បានធ្វើ ដល់ពេលអ៊ីចឹងទៅមានតែមានតែមួយគត់គឺសុំលាឈប់ពីក្រុមជម្រើសជាតិតែម្ដងបាទ!»។
ម្យ៉ាងទៀតដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបខាងមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រឹតត្បិតក្នុងការដើរហើរដើម្បីរក្សាសុវត្ថិភាពរបស់ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់។ នេះបើតាមការបន្ថែមរបស់លោកគ្រូ សោម ចំណាប់។
អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ដ៏ល្បីល្បាញដដែល បានបង្ហើបទៀតថាមិនត្រឹមតែលោកទេ សូម្បីកូនសិស្សមួយចំនួនរបស់លោកក៏បានលាឈប់ដូចគ្នា ដើម្បីហ្វឹកហាត់និងជួយក្រុមស្នងការវិញ ដ្បិតក្រុមកំពុងធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។
លោកបន្ថែមថា ៖«ចំពោះសិស្សរបស់ខ្ញុំសិស្សរបស់ខ្ញុំក៏គាត់លាឈប់ដែរ ដោយសារយើងមានបញ្ហាហ្វឹកហាត់នៅក្លឹបព្រឹកល្ងាចដែរអ៊ីចឹងណា ហើយយើងជាកីឡាករ៦នាក់ ហើយយើងស្នើរសុំទៅដើម្បីទៅហាត់ឆ្នេរខ្សាច់ ដោយសារគាត់ទៅហាត់ឆ្នេរខ្សាច់ គាត់មិនមានពេលចេញមកហ្វឹកហាត់ការងារនៅក្លឹបរបស់យើងវិញ អ៊ីចឹងទេពួកគាត់ក៏សម្រេចចិត្តមកហ្វឹកហាត់នៅក្លឹបវិញដែរ យើងដឹងស្រាប់ហើយការងាររបស់ក្លឹបរបស់ខ្ញុំហ្នឹងធ្លាក់ទម្រង់នៃការលេងនៅពេលខ្ញុំអត់បានមកចូលហ្វឹកហាត់»។
បើតាមសម្ដីរបស់លោកគ្រូ សោម ចំណាប់ កីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់អាចនឹងលាឈប់ច្រើន ហើយសហព័ន្ធទំនងជាជ្រើសរើសកីឡាករក្មេងៗនិងថ្មីៗចូលហ្វឹកហាត់ ដើម្បីត្រៀម SEA Games លើកទី៣២នៅប្រទេសវៀតណាម៕