ឆ្ងល់អត់ តើគេទិញ NFT តម្លៃរាប់លានដុល្លារ យកទៅធ្វើអ្វី? តើរបស់ហ្នឹងជាអ្វី?

  • 2022-01-21 02:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ NFT កំពុងមានការចាប់អារម្មណ៍ផុសផុរក្នុងសហគមន៍គ្រីបតូ និងអ្នកប្រើអ៊ីនធឺណិតទូទៅ។

ថ្ងៃនេះ យើងនឹងមកដឹងថា អ្វីទៅជា NFT? ហើយគេទិញវាយកមកធ្វើអី?

NFT មកពីពាក្យថា Non-fungible token ជាទ្រព្យកម្មសិទ្ធឌីជីថល ដែលមានតែមួយគត់ មិនអាចក្លែងបន្លំបាន។ ដើម្បីរក្សាកម្មសិទ្ធផ្ដាច់មុខនេះ NFT ត្រូវបានប្រើប្រាស់នៅលើ បច្ចេកវិទ្យាដ៏សុក្រឹត Blockchain ហើយ Ethereum blockchain ជាបច្ចេកវិទ្យាដ៏ពេញនិយមបំផុតមួយ ក្នុងទីផ្សារ NFT។

NFT មានទម្រង់ជាស្នាដៃសិល្បៈ ដូចជារូបថត វីដេអូ តន្ត្រី Itemsហ្គេម កាត Memes ឬជា Virtual Fashion ជាដើម។ ស្ដាប់មើលទៅស្នាដៃទាំងនោះហាក់ធម្មតា ប៉ុន្ដែមិនដូចការគិតនោះទេ NFT ត្រូវបានដាក់លក់មានតម្លៃខ្ទង់លានដុល្លារ។

ជាឧទាហរណ៍ NFT ជាវីដេអូខ្លីមួយផលិតដោយ Beeple មានតម្លៃ ៦,៦លានដុល្លារ។ NFT វីដេអូខ្លី ៥០វិនាទី របស់តារា Grimes លក់បាន ៣៩ម៉ឺនដុល្លារ និង Tweet ដំបូងរបស់ Jack Dorsey អតីត CEO Twitter បានដេញថ្លៃឡើងដល់ទៅ ២,៥លានដុល្លារ និងនៅមាន NFT ជាច្រើនទៀត ហើយក៏មាន NFT តម្លៃទាបៗ ត្រឹម ១ ទៅ ២ដុល្លារ ផងដែរ។

ហេតុអ្វីក៏វាមានតម្លៃថ្លៃបែបនេះ? តើគេទិញ NFT យកទៅធ្វើអ្វី?

មែនទែនទៅ ចម្លើយគឺខុសៗគ្នាតាមគោលបំណងរបស់អ្នកលក់ និងអ្នកទិញ។

ឧទារហរណ៍ថា តារាម្នាក់លក់រូប NFT មួយសន្លឹក មានតម្លៃថ្លៃ ប៉ុន្ដែអ្នកដែលទិញរូបនោះមានសិទ្ធិអាចចូលរួមការប្រគុំតន្ត្រីរបស់គាត់មួយជីវិត ទាំងនៅក្នុងពិភព Metaverse និងនៅខាងក្រៅ ហើយថែមទាំងមានឱកាសបានជួបតារានោះផ្ទាល់នៅក្រោយឆាកទៀតផង។

និយាយពីអ្នកទិញវិញ ឧទាហរណ៍ថា គេទិញ NFT មួយពីតារានោះ គឺចង់បង្ហាញពីការគាំទ្រតារាដែលខ្លួនស្រលាញ់ និងចង់គាំទ្រផ្អែកហិរញ្ញវត្ថុផងដែរ។

លើសពីនេះ អ្នកទិញខ្លះគឺមានបំណងទិញទុក ដោយព្យាករណ៍ថា NFT នោះនឹងឡើងថ្លៃ ឬទិញដើម្បីទៅប្រើនៅក្នុង ពិភព Metaverse ដទៃ។ ឧទាហរណ៍ថា អាចទិញរូប NFT ជា file រូបថត ឬជា gift លើទីផ្សារ OpenSea បន្ទាប់មក អ្នកយករូបទាំងនោះទៅដាក់ក្នុងស៊ុមរូបថត នៅក្នុងពិភព Metaverse មានឈ្មោះថា Decentraland ជាដើម៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម