លោក សោម ចំណាប់ បង្ហាញអារម្មណ៍នឹករលឹកដល់លោក គី ម៉េងហម អតីតគ្រូឆ្នេរខ្សាច់ដំបូងគេ
- 2022-01-26 03:23:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សោម ចំណាប់ បង្ហាញអារម្មណ៍នឹករលឹកដល់លោក គី ម៉េងហម អតីតគ្រូឆ្នេរខ្សាច់ដំបូងគេ
ចន្លោះមិនឃើញ
លោក សោម ចំណាប់ កាលពីពេលថ្មីៗបានបង្ហាញអារម្មណ៍នឹករលឹកដល់លោក គី ម៉េងហម អតីតគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ដំបូងគេនៅកម្ពុជាដែលបានចែកឋានអស់រយៈពេលខ្ទង់៦ឆ្នាំហើយ បើគិតមកទល់នឹងពេលនេះ។
គ្រូជំនួយមកពីក្លឹបបាល់ទះស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានទម្លាយថាលោក គី ម៉េងហម ជាគ្រូដំបូងគេដឹកនាំកីឡាករបាល់ទះឆ្នេរខ្សាច់ សោម ណារិទ្ធ និង សោម ចំណាប់ ទទួលបានមេដាយសំរិទ្ធជូនកម្ពុជានៅ SEA Games ក្នុងប្រទេសថៃឆ្នាំ២០០៧។
បុរសមកពីខេត្តស្វាយរៀង បានបញ្ជាក់ថា ៖«គាត់ហ្នឹងហើយជាគ្រូបង្វឹកដំបូងគេបង្អស់ដែលដឹកនាំកីឡាបាល់ទះឆ្នេរខ្សាច់ទៅប្រកួត SEA Games ទទួលបានមេដាយសំរិទ្ធហ្នឹង ដោយខ្ញុំពីរនាក់បងខ្ញុំសោមណារិទ្ធហ្នឹងគឺជាកីឡាករ កាលហ្នឹងយើងទៅតែពីរៗរូបទេ ទទួលបានមេដាយឆ្នាំ២០០៧នៅថៃ ហើយបន្ទាប់មក២០០៧-២០០៨ គាត់បានដឹកនាំកីឡាជម្រើសជាតិទៀត ដោយនៅកាលនោះបងខ្ញុំហ្នឹងគាត់ឈប់ ខ្ញុំពីរនាក់ ចាន់ វិឆាត គឺប្រកួត Free SEA Games ដែលកម្ពុជាយើងធ្វើម្ចាស់ផ្ទះ ខ្ញុំទទួលបានមេដាយប្រាក់»។
លោកគ្រូ សោម ចំណាប់ ចាប់ផ្ដើមហ្វឹកហាត់ជាមួយលោកគ្រូ គី ម៉េងហម ចាប់ពីឆ្នាំ ២០០២, ២០០៣, ២០០៥, ២០០៧ និង ២០០៩ ហើយការដឹកនាំរបស់លោកទៀតសោតគឺល្អ និងថែមទាំងបានចេញទៅហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាពនៅក្រៅប្រទេសច្រើនផងដែរ។ លោកថាបាល់ទះឆ្នេរខ្សាច់កម្ពុជា អំឡុងពេលនោះខ្លាំងណាស់នៅតំបន់អាស៊ីអាគ្នេយ៍ ពោលនៅគៀកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។
លោកបានបន្ថែមយ៉ាងដូច្នេះ ៖«កាលណុងការប្រកួតរបស់យើងគឺរីកចម្រើនណាស់...ខ្ទង់ឆ្នាំ២០០៥ ២០០៦ ២០០៧ ២០០៨ ២០០៩ហ្នឹងគឺយើងខ្លាំងមែនទែន គឺក្នុងចំណោម SEA Games ១១ប្រទេសហ្នឹងគឺយើងចាញ់តែឥណ្ឌូណេស៊ីតែមួយទេ ក្រៅពីហ្នឹងយើងវ៉ៃរៀបទាំងអស់ ទាំងថៃទាំងវៀតណាម ទាំងហ្វីលីពីនទាំងស៊ីងហ្គាពួរ យើងវ៉ៃរៀបទាំងអស់គឺយើងឈ្នះទាំងអស់ ទាំងឡាវភូមាផ្សេងៗទៀត យើងឈ្នះទាំងអស់១១ប្រទេសគឺយើងចាញ់តែឥណ្ឌូណេស៊ីមួយទេកាលជំនាន់ណុង និយាយរួមទៅយើងខ្លាំងនៅចំណាត់ថ្នាក់អែមលេខ១ លេខ២ លេខ៣ យកមេដាយប្រាក់ មេដាយសំរិទ្ធយើងខ្លាំងណាស់ជំនាន់ណុង»។
ក្រោមការដឹកនាំរបស់អតីតជម្រើសជាតិបាល់ទះកម្ពុជា គី ម៉េងហម លោក សោម ចំណាប់ ធ្លាប់ចេញទៅប្រកួត SEA Games នៅប្រទេសហ្វីលីពីនឆ្នាំ២០០៥ នៅថៃ២០០៧ (មេដាយប្រាក់) និងឆ្នាំ២០០៩ នៅឡាវ ប៉ុន្តែធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។ លោកគ្រូ គី ម៉េងហម បានលាឈប់ពីគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ត្រឹមឆ្នាំ២០០៩៕