អបអរសាទរ! កីឡាករ៣រូបនេះនឹងចូលហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់វិញហើយ
- 2022-01-31 02:42:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! កីឡាករ៣រូបនេះនឹងចូលហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់វិញហើយ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះកីឡាករបាល់ទះឆ្នេរខ្សាច់៥រូប រួមទាំងគ្រូបង្គោល សោម ចំណាប់ បានឈប់ពីក្រុមជម្រើសជាតិ ស្របពេលការប្រកួតព្រឹត្តិការណ៍កីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាមនឹងមកដល់នាពេលដ៏ខ្លីខាងមុខ។
ការឈប់របស់គ្រូបង្វឹកនិងក្រុមកីឡាករល្អៗ ជុក សោភា, ធី ម៉េងហួង, សំ សាមីត, ពេជ សុផុន, ថុន លាភហេង និងគ្រូបង្វឹក បានធ្វើឱ្យអ្នកស្នេហាវិស័យកីឡានៅកម្ពុជា សម្ដែងការសោកស្ដាយនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាថ្មីៗនេះប្រភពដ៏គួរឱ្យទុកចិត្តមួយបានបង្ហើបប្រាប់ Sabay ថាកីឡាករ៣រូបគឺ ជុក សោភា, ធី ម៉េងហួង និង សំ សាមីត ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា កោះហៅឱ្យចូលហ្វឹកហាត់វិញនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះនៅពហុកីឡដ្ឋានមរតកតេជោ។
គួរបញ្ជាក់ថា ក្រោយការចាកចេញរបស់លោកគ្រូបង្គោល សោម ចំណាប់ សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមយកគ្រូបង្វឹកមកពីបរទេសដើម្បីដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់របស់ខ្លួន និងបានពិចារណាលទ្ធភាពយកអ្នកជំនាញការបរទេសមកធ្វើជាទីប្រឹក្សារបស់សហព័ន្ធផងដែរ មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ មកដល់នាថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២៕