អ៊ឹម ណារិទ្ធ៖ ក្ដី​ស្រមៃ​របស់​ខ្ញុំ​ចង់​ចេញ​ទៅ​ក្រៅ​ប្រទេស (SEA Games)

  • 2022-02-09 02:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​ជម្រើសជាតិ​កម្ពុជា​កំពុង​រង្គោះរង្គើរ ហើយ​​គ្រូ​បង្វឹក​និង​ក្រុម​កីឡាករ​ល្អៗ​បាន​នាំ​គ្នា​ចាកចេញ គឺ​នៅ​សល់​តែ​កីឡាករ​​ អ៊ឹម ណារិទ្ធ ​​ប៉ុណ្ណោះ​ស៊ូ​ទ្រាំ​ហ្វឹកហាត់ម្នាក់​ឯង​​បន្ត​ទៀត​ជាមួយ​គ្រូ​បង្គោល​ថ្មី និង​ក្រុម​កីឡាករ​ថ្នាល​​ថ្មី​ខ្ចី​បទពិសោធ។

អ៊ឹម ណារិទ្ធ

ការ​ស៊ូ​ទ្រាំ​ហ្វឹកហាត់​ម្នាក់​ឯក​នេះ ក៏​ដោយសារ​តែ​កីឡាករ​មក​ពី​​ខេត្ត​ឧត្ដមាន​ជ័យស្រលាញ់​ និង​ចង់​ក្លាយ​ជា​កីឡាករ​តំណាង​កម្ពុជា​ ចេញ​ទៅ​លេង​ស៊ីហ្គេម​នៅ​ក្រៅ​ប្រទេស។ អតីត​កីឡាករ​របស់​ក្លឹប​បាល់​ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ពេល​សិស្ស​ច្បង​​ចាកចេញ ប៉ុន្តែគេ​ចាប់​ផ្ដើម​មាន​ក្ដី​សង្ឃឹម​វិញ ពេល​​ពួកគេ​បាន​ចូល​មក​ហ្វឹកហាត់​វិញ កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២​កន្លង​មក​។

អ៊ឹម ណារិទ្ធ ឬប្រិយ​មិត្ត​ស្គាល់​ថាតាក់​អន្លង់​វែងបាន​ប្រាប់​ថា ៖«ពេល​ហ្នឹង​មាន​អារម្មណ៍​ខកចិត្ត​ដែរ​ហ្នឹង​បង ណា​មួយ​សិស្ស​ច្បង​ចេញ​អស់​​ ហើយ​ការ​ហ្វឹកហាត់ក៏​យើង​​ធ្លាក់​​វិញ​បង ដោយសារ​យើង​ហាត់​ពី​ដើម​មក​វិញ ហើយ​ឭ​លោកគ្រូ​ថា​​បើ​ហាត់​ទៅ​គាត់​មើល​អត់​ចូល​ភ្នែក​ទេ គាត់​អត់​ឱ្យ​ចេញ​ក្រៅ​ប្រទេស​ទេ​បង ក្ដី​ស្រមៃ​ខ្ញុំ​ចង់​ចេញ​ក្រៅ​ ដល់​គាត់​និយាយ​ចឹង​ទៅ​យើង​បាក់​ទឹក​ចិត្ត​ដែរ​ហ្នឹង»។

ស្មាត់​ស្ដាំ​ដ៏​ល្អ​រូប​នេះបាន​ឱ្យ​ដឹង​ទៀត​ថា អំឡុង​ពេល​ដ៏​លំបាក​ហើយ​បើ​ទោះបី​អត់​សិស្ស​ច្បង​ក្ដី ​គេ​នៅ​តែ​ខំប្រឹង​ប្រែង។ សំណាង​ល្អ​ក្រោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ កីឡាករ​ល្អៗ​បី​រូប​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ។

ក្រុម​បាល់ទះឆ្នេរខ្សាច់ជម្រើសជាតិ​កម្ពុជា​

កីឡាករ​ទាំង​បី​រូប​នោះ​មាន​ ជុក សោភា ហៅ​ឥន្ទ្រី​ពិឃាដឌូក​មក​ពី​ក្លឹប​បាល់​ទះ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ សំ សាមីត មក​ពី​ក្លឹប​បាល់​ទះ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ និង​ ធី ម៉េង​ហួង ហៅ​កូន​នាគ​ស្លាប​ហង្ស​មក​ពី​ក្លឹប​បាល់​ទះ​ក្រសួង​មហាផ្ទៃ​។ ពួកគេ​សុទ្ធ​​តែ​ជា​កីឡាករ​មាន​បទពិសោធ​លើ​វ​ិញ្ញាសារ​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់។

បច្ចុប្បន្ន​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់​ជម្រើស​ជាតិ​កម្ពុជា​មាន ជុក សោភា, សំ សាមីត, ធី ម៉េងហួង, មឿន ម៉េងឡាយ (កីឡាករថ្មី) និង​ ខុម ហុងទ្រី (កីឡាករថ្មី)​​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី