ទើបលេងបានវិញ ឥឡូវរបួសចង្កេះស្មាត់យុនរើឡើងម្ដងទៀត និងកាន់តែធ្ងន់ធ្ងរ
- 2022-03-23 02:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបលេងបានវិញ ឥឡូវរបួសចង្កេះស្មាត់យុនរើឡើងម្ដងទៀត និងកាន់តែធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
ក្រោយរបួសចង្កេះធូរស្រាលបន្តិចកីឡាករ ទុយ កុសល ហៅស្មាត់យុនស្រែស្រែបានចាប់ដៃគូជាមួយបងប្រុសបង្កើត ទុយ រាជ បង្កព្យុះភ្លៀងម្ដងទៀតកាលពីពេលកន្លងទៅដោយបានយកឈ្នះលើក្រុមខ្លាំងៗជាច្រើន ជាក់ស្ដែងឈ្នះលើក្រុមក្អែកពិឃាដ (3vs4) នៅតារាងបាល់ទះ 2Brother ស្រុកជុំគិរី ខេត្តកំពត និងក្រុមខ្លាកំណាចខេត្តកំពង់ស្ពឺនៅតារាង F1 ម្ដុំវត្តសំរោងអណ្ដែតរាជធានីភ្នំពេញ។
កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្មាត់ធំមកពីក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពរបស់ខ្លួន។ របួសចង្កេះរបស់គេបានវិវឌ្ឍកាន់តែធ្ងន់ធ្ងរ និងត្រូវបង្ខំចិត្តសម្រាកលេងមួយរយៈ ដើម្បីព្យាបាលរបួសពីរខែសិន។ នេះបើតាមសំណេរសរសេរលើផេកផ្លូវការយុនស្រែស្រែ។
កីឡាករវ័យ២៣ឆ្នាំ កម្ពស់១,៨៤ម៉ែត្រ បានបង្ហោះថា ៖«សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំបាទយុន សូមជម្រាបដំណឹងជូនបងប្អូននិងហ្វេនៗរបស់ខ្ញុំទាំងអស់គ្នា ពេលនេះចង្កេះរបស់ខ្ញុំបាទមានបញ្ហាឡើងវិញហើយ។ មានស្ថានភាពធ្ងន់ ពេលនេះខ្ញុំកំពុងសម្រាក់ព្យាបាល សុំបាត់មុខពីពិភពគុណ១រយះធំហើយ ហើយខ្ញុំសន្យាថានឹងខិតខំព្យាបាលអោយឆាប់ជា ដើម្បីវិលត្រឡប់មកជួបបងប្អូនហ្វេនៗទាំងអស់គ្នា»។
យុនបានបញ្ជាក់ទៀតថា ចំពោះការប្រកួតទាំងខាងក្រៅផ្លូវការនិងផ្លូវការ គឺរូបគេមិនទាន់អាចលេងបានឡើយ។ ក្នុងការប្រកួតបើកឆាកបាល់ទះលីគ GANZBERK Special Volleyball League ថ្ងៃសុក្រទី២៥ ខែមីនា ឆ្នាំ២០២២ ក្រុមរដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវជួបក្រុមខ្លាំង កងពលធំអន្តរាគមន៍លេខ៣ វេលាម៉ោង២រសៀលតទៅ ចំណែកក្រុមខ្លាំងវិសាខា នឹងជួបក្រុមខ្លាំងក្រសួងមហាផ្ទៃនៅម៉ោង ៣ កន្លះរសៀលនៅកីឡដ្ឋានព្រីនស៍។
គួរបញ្ជាក់ថា ស្មាត់យុនបានរងរបួសចង្កេះនៅឆ្នាំ២០២០ អំឡុងពេលលេងបាល់ទះក្រៅផ្លូវការនៅខេត្តកំពង់ធំ។ របួសចង្កេះបានធ្វើឱ្យរូបគេបាត់មុខពីពីពិភពបាល់ទះមួយរយះពេលធំ លុះដល់ឆ្នាំ២០២១ ទើបគេអាចចេញប្រឡូកវិញ ក្រោយរបួសបានធូរស្រាល៕