អបអរសាទរ! លោកគ្រូ សោម ណារិទ្ធ អតីត​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់​ដ៏​ល្បី​ល្បាញ​រៀប​ការ​នឹង​កូន​ក្រមុំដ៏​ស្រស់​ស្អាតវ័យ​ទើប​២៩​ឆ្នាំ​

  • 2022-04-04 04:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​ត្រេក​អរ​មួយ​សម្រាប់​ប្រិយមិត្ត​ដែល​ស្នេហា​វិស័យ​កីឡា​បាល់ទះជា​ពិសេស​ហ្វេន​ៗរបស់​លោកគ្រូ សោម ណារិទ្ធ ដ្បិត​​លោក​បាន​ចូល​រោង​ការ​ជាមួយ​នឹង​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​រូប​វ័យ​ទើប​តែ​២៩​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​លោក​មាន​វ័យ​៤៤​ឆ្នាំទៅហើយ​​។

បើ​តាម​ការ​បង្ហើប​ពី​គ្រូជំនួយ​ក្លឹប​បាល់ទះ​រដ្ឋបាលរាជធានី​ភ្នំពេញរូព​នេះ​ លោក​បាន​ស្គាល់​ភរិយារបស់​លោក​ បួយ អូន ​អំឡុង​ការ​បិទ​ខ្ទប់​ ពោល​គឺ​ពេល​លោក​និង​ក្រុម​​ការងារ​​ ចុះចែក​អំណាយ​ដល់​​​អ្នក​ខ្វះខាត​​ និង​ជនរងគ្រោះ​រង​ផល​ប៉ះពាល់​ដោយ​ជំងឺកូវីដ-១៩។

បច្ចុប្បន្ន​ភរិយា​ដ៏​ស្រស់​សោភា​របស់​អតីត​ជម្រើស​ជាតិ​បាល់ទះ​ដ៏ល្បីល្បាញ​របស់​កម្ពុជា​រូប​នេះ ជា​អ្នក​ស្រុក​ស្ទឹង​ហាវ ក្រុង​ព្រះ​សីហនុ មាន​បុខ​របរ​​ផ្នែក​លក់​អចលទ្រព្យ។ លោក​និង​ភរិយាបាន​ចូល​រោង​ការ​​​នៅ​ថ្ងៃ​ទី០២ ខែមេសា ឆ្នាំ​២០២២ នៅ​ភោជនីដ្ឋាន​រិទ្ធិជ័យ​ នៅ​ខណ្ឌជ្រោងចង្វារ សង្កាត់​ព្រែក​លាប រាជធានីភ្នំពេញ ដោយ​មាន​ការ​ចូល​ពី​អ្នក​មាន​មុខ​មាន​មាត់​ក្នុង​សង្គម និង​អតីត​កីឡាករ​កម្ពុជា​ល្បីៗ​យ៉ាងច្រើន​កុះករ​។

ឥឡូវ​នេះ​ងាក​មក​មើល​ស្នាដៃ​របស់​លោកគ្រូ សោម ណារិទ្ធ​វិញ។ ក្នុងព្រឹត្តិការណ៍ធំៗ​​ដូចជា SEA Game និង Asian Game លោកគ្រូជំនួយ​ក្លឹបរដ្ឋ​បាលរាជធានីភុ្នំពេញ ​សុទ្ធតែធ្លាប់បានចូលរួមប្រកួតតំណាងឱ្យប្រទេសកម្ពុជា។ លោកបានបន្សល់ទុកស្នាដៃ និងយកមេដាយជាច្រើន ហើយលោក​បានទម្លាយឱ្យដឹងពីការប្រកួតមួយ ដែលលោកចាំមិនភ្លេចក្នុងមួយជីវិតនេះ។ ​នោះជាការប្រកួតបាល់​ទះ​ឆ្នេរខ្សាច់​ នៅព្រឹត្តិការណ៍ Asian Game ឆ្នាំ២០០៦ នៅប្រទេសកាតាដែលមានជាង​៥០​ប្រទេស​ចូលរួមបូកទាំងកម្ពុជា​។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាប្រទេសខ្លះបានយកប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់នេះដល់ទៅ២ក្រុមដើម្បីចូលរួមប្រកួត ចំណែកកម្ពុជាមានតែមួយក្រុមប៉ុណ្ណោះ។

​លោកគ្រូ សោម ណារិទ្ធ និងលោកគ្រូ សោម ចំណាប់ ត្រូវជាប្អូនប្រុសបង្កើត បានធ្វើការយ៉ាងធ្ងន់​ទម្រាំដណ្ដើមបានចំណាត់ថ្នាក់លេខ៩ បន្ទាប់ពីឈ្នះវគ្គជម្រុះចាញ់ធ្លាក់លើប្រទេសខ្លាំងៗជាង​៥០​ប្រទេស​ដូចជា​ ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន និងអូម៉ង់ជាដើម។ ជា​ពិសេស​លោកទាំង​ពីរ​បាន​​​ទម្លាក់​ម្ចាស់​ផ្ទះកាតា​នៅវគ្គបើកឆាកក្នុងលទ្ធផលឈ្នះ២សិតទល់នឹងសូន្យ​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បណ្ដាញសារព័ត៌មានល្បីៗដូចជាសារព័ត៌មានប្រទេសជប៉ុន​។​​

រូបតំណាង

បងប្អូនបង្កើតដែលតំណាងឱ្យកម្ពុជា និងក្រសោបបានភាពល្បីល្បាញខ្លាំងអំឡុងពេលនោះ បានប្រកួតប្រជែងជម្រុះយ៉ាងស្វិតស្វាញ រហូតនៅ​សល់​១២​ក្រុម​ ហើយសម្រេចបានចំណាត់ថ្នាក់លេខ៩​ ក្រោយចាញ់កីឡាករបងប្អូនភ្លោះរបស់ប្រទេសឥណ្ឌូនេស៊ី។ ឆ្នាំ​២០០៧ លោក​និង​ប្អូន​បង្កើត បាន​ចេញ​ទៅ​លេង​ស៊ីហ្គេម​នៅ​ប្រទេស​ថៃ ដែល​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ជូន​កម្ពុជា​។

គួបញ្ជាក់ថាលោក សោម ណារិទ្ធ ធ្លាប់ជាប់ជម្រើសជាតិបាល់ទះលើក្ដារ នៅអំឡុងឆ្នាំ១៩៩៧ រហូតឆ្នាំ២០០៧។​ យ៉ាងណាបន្ទាប់ពីបាល់ទះលើក្ដារត្រូវបានរំសាយ លោកក៏បានមកហាត់បាល់ទះឆ្នេរខ្សាច់ និងត្រឡប់ទៅកាន់បាល់ទះលើក្ដារវិញ និងជាប់ជម្រើសជាតិរហូត ប៉ុន្តែលោកមិនបានចាំឆ្នាំឡើយ។ មុនជាប់ជម្រើសជាតិ អ្នកស្វាយរៀងរូបនេះ ធ្លាប់លេង​ឱ្យ​វិទ្យាល័យ​ខេត្តស្វាយរៀង, ក្លឹបស្នងការនគរបាលរាជធានីភ្នំពេញឆ្នាំ១៩៩៦ និងក្លឹបក្រសួងមហាផ្ទៃ។ លោកគ្រូណារិទ្ធ ក៏ធ្លាប់ទៅលេងឱ្យក្លឹបបាល់ទះប្រទេសថៃបុរីរ៉ាំ ចំណែកក្លឹបមួយទៀតលោកមិនបានចាំឈ្មោះឡើយ។

បើនិយាយពីពានរង្វាន់ក្នុងស្រុកវិញ លោកបានដណ្ដើមលេង១ស្ទើរតែរាល់ឆ្នាំឱ្យក្លឹបបាល់ទះ​រដ្ឋបាល​រាជធានី​ភ្នំពេញនិងក្រសួងមហាផ្ទៃ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី