ទំនាយអំពីហេតុភេទប្រចាំឆ្នាំ នៃទេវតាឆ្នាំថ្មីឆ្នាំខាលព្រះនាមកិរិណីទេវី

  • 2022-04-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមជំនឿរបស់ប្រជាជនខ្មែរ តែងមានជំនឿទៅលើការទស្សន៍ទាយ អំពីហេតុភេទនានា ក្នុងស្រុកទេសតាមរយៈការទស្សន៍ទាយពីហោរាផ្សេងៗ។ តាមមហាសង្ក្រាន្ត ទេវតាឆ្នាំថ្មី ឆ្នាំខាលនេះ សង្ក្រាន្តនឹងចូលមកដល់ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ នាវេលាម៉ោង ១០៖០០នាទីព្រឹក ចំពោះទេវតាឆ្នាំថ្មីនេះ ព្រះនាម កិរិណីទេវី ជាបុត្រីទី៥នៃកបិលមហាព្រហ្ម។

តាមរយៈសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរន្ទិ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយនៃទេវតាឆ្នាំថ្មីដូចខាងក្រោម៖

១. ទំនាយទឹកភ្លៀង៖ ឆ្នាំនេះ អាទិត្យ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ ៣ បង្អុរទឹកភ្លៀង ៤០០ មេដែលចែកចេញជា៖

  • ចក្រវាឡ ១៦០ មេ

  • ព្រៃហេមពាន្ត ១២០ មេ

  • មហាសមុទ ៨០ មេ

  • និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន៤០មេ បណ្តាលឲ្យមានទឹកភ្លៀងនៅដើមឆ្នាំ ល្អកណ្ដាលឆ្នាំភ្លៀងតិច និងចុងឆ្នាំភ្លៀងច្រើន ។

២. ទំនាយខ្យល់៖ ទំនាយទាយថាឆ្នាំនេះ មានកេណ្ឌ(០) ត្រូវត្រង់អាបោធាតុចុះទំនាយថា ត្រជាក់ មានខ្យល់ព្យុះច្រើន។

៣. ទំនាយទឹកទន្លេ៖ ឆ្នាំនេះទំនាយទឹកទន្លេឆាំ្ននេះ មានសំណល់០ (សូន្យ) ទំនាយថាទឹកទន្លេ បឹងបួរធំណាស់ ធំជាងឆ្នាំទាំងពួង។

៤. ទំនាយភោគផលរបស់កសិករ៖ ឆ្នាំនេះមានកេណ្ឌ(៣)ឈ្មោះថាមជ្ឈិមាទំនាយថា ស្រូវក្នុងស្រែ ចំការ ផល្លានុផលផលដំណាំបានតែមួយភាគខូចខាតអស់មួយភាគប្រជានុរាស្ត្រមានសេចក្តីសុខខ្លះ មានសេចក្តីទុក្ខខ្លះស្មើគ្នា ធុញ្ញាហារ មង្ឃាហារ ផល្វាហារ នឹងសម្បូណ៌ ជាមធ្យម ។

៥. ទំនាយការធ្វើស្រែ៖ ទំនាយទាយថា ទំនាយកេណ្ឌការធ្វើស្រែមានសេស (១១) ទំនាយថាស្រែដីទំនាបបានផលល្អ តែស្រែទួលមិនសូវល្អទេ។

៦. កេណ្ឌព្រឹក្សា៖ ឆ្នាំនេះត្រូវចំសេស(២) ត្រូវត្រង់ ដើមល្វាជាស្តេច មានទំនាយថា មនុស្សផងទាំងឡាយស្រណុកជាពេក តែសម្បូណ៌មនុស្សនិយាយមិនសូវពិតត្រង់ល្អតែខាងក្រៅ តែចិត្តក្នុងមិនសូវស្មោះត្រង់ មានការភូតកុហកបោកប្រាស់គា្នជាច្រើន។

៧. ទំនាយពីព្រះអាទិត្យ៖ ឆ្នាំនេះព្រះអាទិត្យគឺ នាគរាជ ជាដើមទៅ ទំនាយថា គឺមោះពុំមាន អន្តរាយអ្វីឡើយ តែមានភ្លៀងនៅដើមឆ្នាំ និងចុងឆ្នាំច្រើនណាស់ ៕

ប្រភព៖ សៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរន្ទិ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

អត្ថបទថ្មី