ស្រក់ទឹកភ្នែក! ក្រុមបាល់ទះមហាផ្ទៃទម្លាក់គ្នាឯង បង្កឱ្យបរិយកាសវគ្គផ្ដាច់ព្រ័ត្រកាន់តែរំជើបរំជួលនិងជក់ចិត្ត
- 2022-04-20 02:51:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រក់ទឹកភ្នែក! ក្រុមបាល់ទះមហាផ្ទៃទម្លាក់គ្នាឯង បង្កឱ្យបរិយកាសវគ្គផ្ដាច់ព្រ័ត្រកាន់តែរំជើបរំជួលនិងជក់ចិត្ត
ចន្លោះមិនឃើញ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រុមបាល់ទះក្រសួងមហាផ្ទៃ A នឹងត្រូវប្រកួតជាមួយក្រសួងមហាផ្ទៃ B ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» នៅទីលានមជ្ឍមណ្ឌល The Blue Sport។
ការចាប់ឆ្នោតគ្នាឯងនិងគ្នាឯងនេះ ច្បាស់ណាស់ក្រុមមួយនឹងត្រូវបានជម្រុះចេញ។ លោក អ៊ូ សុផល គ្រូបង្វឹករបស់ក្រុមបាល់ទះក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្ដាយដែរ ពេលក្រុមរបស់លោកត្រូវប៉ះគ្នាបែបនេះ។ ប៉ុន្តែយ៉ាងណាលោកថា ការប្រកួតនេះនឹងបង្កឱ្យបរិយាកាសវគ្គផ្ដាច់ព្រ័ត្រ កាន់តែជក់ចិត្តនិងរំជើបរំជួលបំផុត។
គ្រូដែលធ្លាប់ជាអតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានបង្ហើបថា ៖«ស្ដាយដែរ តែធ្វើម៉េចបើយើងចាប់ឆ្នោតប៉ះគ្នា និយាយទៅស្ដាយ ចង់ឱ្យមហាផ្ទៃ A B ឡើងផ្ដាច់ព្រ័ត្រជួបគ្នា...ខ្ញុំគិតថាអ្នករៀបចំកម្មវិធី ម្ចាស់ឧបត្ថម្ភកម្មវិធី និងទស្សនិកជនក៏គេអត់ចង់ឱ្យយើងជួបគ្នាដែរវគ្គផ្ដាច់ព្រ័ត្រ ជាធម្មតាទេអាហ្នឹង បើយើងជួបគ្នាទៅគេថាកម្មវិធីគេអត់ល្អមើល បើយើងជួបក្រុមផ្សេងអាហ្នឹងបានល្អមើល»។
ចំពោះក្រុមក្រសួងមហាផ្ទៃ លោកគ្រូប្រាប់ថាក្រុម A មានសមត្ថភាពល្អជាង B ព្រោះឈុតនេះសំបូរកីឡាករចាស់ៗមានបទពិសោធច្រើន ខណៈ B សំបូរដោយកីឡាករយុវជនមានបទពិសោធតិចតួចស្ដួចស្ដើង។ យ៉ាងណាលោកមិនបានគិតថា ត្រូវទុកក្រុមណាទម្លាក់ក្រុមណាមួយឡើយពោលគឺក្រុមណាមានសមត្ថភាព ក្រុមនោះនឹងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
នៅថ្ងៃព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២២ ក្រុមបាល់ទះជើងខ្លាំងបុរីឃាមបញ្ញានឹងត្រូវជួបជាមួយក្រុមឥន្ទ្រីស្លាបដែកក្រុងកំពង់សោម។ ក្រុមណាឈ្នះនឹងត្រូវឡើងទៅជួបក្រុមក្រសួងមហាផ្ទៃ A ឬ B នៅវគ្គផ្ដាច់ព្រ័ត្រ។
ពាក់ព័ន្ធនឹងក្រុមទាំងពីរខាងលើលោកគ្រូ អ៊ូ សុផល បានចាត់ទុកក្រុមបុរីឃាមបញ្ញាជាឧបសគ្គធំ ខណៈក្រុមឥន្ទ្រីស្លាបដែកក្រុងកំពង់សោម ធ្លាប់ត្រូវក្រុមមហាផ្ទៃ B ទម្លាក់ម្ដងរួចទៅហើយ កាលពីវគ្គផ្ដាច់ព្រ័ត្រប្រចាំខែទី៣ ដូច្នេះពួកគេមិនសូវមានជាបញ្ហាចោទឡើយ។ ជាមួយគ្នានេះដែរក្រុមរបស់លោក បានត្រៀមខ្លួននិងយុទ្ធសាស្ត្របានល្អរួចរាល់ហើយ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅសប្ដាហ៍បន្ទាប់។
គួរបញ្ជាក់ថា ជ័យលាភីលេខ១នៃការប្រកួតដណ្ដើមពានរង្វាន់មេដាយមាស «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» ឆ្នាំ២០២២នេះនឹងទទួលបានមេដាយមាស១ និងប្រាក់ចំនួន២០លានរៀល ក្រុមជើងឯករង ទទួលបាន៨លានរៀល លេខ៣ទទួលបាន២លាន៨០ម៉ឺនរៀល និងទី៤ទទួលបានប្រាក់លើកទឹកចិត្ត៕