Wladimir Klitschko ​សុំ​អាវុធ​ធុន​ធ្ងន់​ពី​អាមេរិក ខណៈ​អ៊ុយក្រែន​បាញ់​មីស៊ីល​ដាក់​រុស្ស៊ី​វិញ​

  • 2022-04-25 08:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Wladimir Klitschko ​បាន​ប្រកាស​ក្ដែង​ៗ​ថា​ចង់​បាន​អាវុធ​ទំនើប​ៗ ​និង​ធុន​ធ្ងន់​ពី​អាមេរិក ​ដើម្បី​មក​ច្បាំង​ជាមួយ​រុស្ស៊ី​បន្ដ​ទៀត ​ក្រោយ​រយៈ​ពេល​២​ខែ​នេះ​សង្ក្រាម​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់។

​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ុយក្រែន ​និង​រុស្ស៊ី​នៅ​តែ​បន្ដ​មិន​ឈប់​នោះ​ទេ ​ខណៈ​ដែល​រុស្ស៊ី​បាន​ប្រកាស​ប្រើ​ប្រាស់​ផែនការ​ទី​២​ដើម្បី​វាយ​អ៊ុយក្រែន​ហើយ។ ​ក្រោយ​ពី​មិន​អាច​វាយ​យក​ក្រុង​គៀវ​បាន ​រុស្ស៊ី​បាន​ដក​ទ័ព​ពី​ការ​ព័ទ្ធ​ក្រុង​នេះ ​ទៅ​វាយ​ដណ្ដើម​គ្នា​ដែល​ជា​សង្គ្រាម​នៅ​តំបន់ Donbas ​វិញ។ ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​នេះ ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សង្គ្រាម​ពិត​ប្រាកដ ព្រោះ​ប្រើប្រាស់​ទាំង​យន្ដហោះ​ចម្បាំង ​កាំភ្លើង​ធំ ​និង​រថគ្រោះ​បាញ់​គ្នា​មិន​ឈប់​នោះ​ទេ។

​ក្នុង​ឱកាស​នោះ​ដែរ ​នៅ​ព្រឹក​ថ្ងៃ​២៥​ខែ​មេសា​ឆ្នាំ​២០២២​នេះ ​អ៊ុយក្រែន​ក៏​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ទៅ​លើ​កន្លែង​ស្ដុក​ប្រេង​២​កន្លែង​របស់​រុស្ស៊ី​នៅ​ក្រុង​ Bryansk ​ផង​ដែរ។ ​ដោយ​ការ​វាយ​ប្រហារ​នេះ​ចំ​គោលដៅ​ល្អ​ណាស់ ធ្វើ​ឱ្យ​ខ្ទេច​កន្លែង​ស្ដុក​ប្រេង​នេះ ​និង​បង្ក​​ជា​អណ្ដាត​ភ្លើង​ទៅ​លើ​ខ្ពស់​ខ្លាំង​មែនទែន។ ​រុស្ស៊ី ​មិន​ទាន់​បញ្ជាក់​ពី​ការ​ខូចខាត​នោះ​ទេ ប៉ុន្តែ​ច្បាស់​ណាស់​នឹង​បាញ់​មីស៊ីល​ដាក់​អ៊ុយក្រែន​ជា​ការ​សងសឹក​វិញ​មិន​ខាន។

​ដោយសារ​តែ​ការ​វាយ​ប្រហារ​តាម​តំបន់​អាកាស​មាន​ប្រសិទ្ធភាព​ល្អ​នេះ​ហើយ ទើប​បាន​ជា​អតីត​កីឡាករWladimir Klitschko ​ដែល​ជា​បុគ្គល​ល្បី​ឈ្មោះ​និង​កំពុង​ឈរ​ជើង​នៅ​ការពារ​ក្រុង​គៀវ​ចេញ​មុខ​មក​ស្នើ​សុំ​អាមេរិក​ផ្ទាល់​តែ​ម្ដង។ ​លោក​អះអាង​ថា​ប្រសិន​បើ​អាមេរិក​និង NATO ​មិន​អាច​បិទ​តំបន់​ហោះហើរ​បាន​ទេ ​នោះ​អ៊ុយក្រែន​នឹង​បិទ​វា​ដោយ​ខ្លួន​ឯង។ តែ​ការ​បិទ​នោះ​ដែរ ​លោក​សុំ​ឱ្យ​អាមេរិក ​បញ្ជូន​អាវុធ​ទំនើប​ៗ​មក​ទៀត ​ដោយ​មាន​ទាំង​ប្រព័ន្ធ​ការពារ​ដែន​អាកាស ​មីស៊ីល​បាញ់​ស្ទាក់​យន្ដហោះ​ចម្បាំង ​និង​អាវុធ​ផ្សេង​ៗ​ទៀត​ដែល​អាច​នឹង​តតាំង​ជាមួយ​រុស្ស៊ី​ដែល​ជា​មហា​អំណាច​យោធា​លេខ​២​លើ​លោក​បាន​។

​លោក Wladimir Klitschko ​បាន​អះអាង​បន្ថែម​ទៀត​ថា​៖ “យើង​អាច​ការពារ​ប្រទេស​របស់​យើង​បាន​អំឡុង​ពេល​សង្គ្រាម​នេះ​ជាមួយ​អាវុធ​ក្នុង​ដៃ។ វា​គ្មាន​វិធី​សាស្ដ្រ​ផ្សេង​ទេ។ ខ្ញុំ​គិត​ថា​យើង​មិន​ត្រូវ​ការ​ទ័ព​ជំនួយ​ឡើយ។ យើង​ត្រូវ​ការ​អាវុធ​ដើម្បី​ការពារ​ខ្លួន​យើង​ប៉ុណ្ណោះ”៕

ប្រភព៖ Businessinsider   អត្ថបទ៖ នរវិទូ

អត្ថបទពេញនិយម