ម្ចាស់មេដាយមាសពិភពលោកវ៉ូវីណាម ពៅ សុខា ជឿថាស៊ីហ្គេមនៅកម្ពុជានឹងឈ្នះមេដាយមាស
- 2022-06-20 03:32:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយមាសពិភពលោកវ៉ូវីណាម ពៅ សុខា ជឿថាស៊ីហ្គេមនៅកម្ពុជានឹងឈ្នះមេដាយមាស
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាសពិភពលោក វ៉ូវីណាម ឆ្នាំ២០១៩ និងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០២២នៅវៀតណាម កីឡាការិនី ពៅ សុខា មានជំនឿចិត្តថាខ្លួន នឹងយកបានមេដាយមាសជូនជាតិសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
កីឡាការិនីដែលទើបឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេមប្រទេសវៀតណាមកាលពីពេលថ្មីៗបានឲ្យដឹងថា ខ្លួនពិតជាមានការសោកស្ដាយសម្រាប់ស៊ីហ្គេមនៅវៀតណាម ដែលមិនអាចយកមេដាយមាសជូនជាតិបាន។ មេដាយសំរឹទ្ធដែលឈ្នះនេះ មិនមែនជាគោលដៅរបស់ខ្លួនឡើយ ព្រោះតែកីឡាការិនីរូបនេះបានត្រៀមខ្លួនយ៉ាងល្អ។ តែយ៉ាងណារូបគេនឹងប្រឹងប្រែងកែប្រែរាល់ចំណុចខ្វះខាតដែលមាននោះឲ្យមកជាល្អវិញ ដើម្បីប្រជែងយកមេដាយមាសឲ្យខាងតែបាន។
កីឡាការិនីខាងលើបាននិយាយថា «ខ្ញុំពិតជាមានការសោកស្ដាយណាស់បង ដែលធ្វើមិនសូវបានល្អសម្រាប់ស៊ីហ្គេមនៅវៀតណាម។ តែយ៉ាងណាយើងនិយាយអីក៏មិនកើតព្រោះវាហួសអស់ទៅហើយ អ្វីដែលយើងត្រូវគិតបន្តគឺស៊ីហ្គេមនៅកម្ពុជាឆ្នាំក្រោយ ខ្ញុំសង្ឃឹមថានៅកម្ពុជាអាជ្ញាកណ្ដាល នឹងមានភាពសុក្រឹតមិនដូចនៅវៀតណាមទេ។…ខ្ញុំបានតាំងចិត្តហើយថាស៊ីហ្គេមនៅកម្ពុជានឹងយកមាសឲ្យបាន ណាមួយប្រភេទវិញ្ញាសាដែលខ្ញុំឈ្នះមាសនៅ World ហ្នឹងក៏មានដាក់បញ្ចូលដែរនៅប្រទេសយើងហេតុនេះហើយទើបខ្ញុំសង្ឃឹមច្រើនបង»។
ឡាការិនីខាងលើបានធ្វើការសំណូមពរទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា សូមមេត្តាបន្តគាំទ្រ ព្រោះថាអ្នកគាំទ្រជាកម្លាំងចិត្តមួយយ៉ាងសំខាន់សម្រាប់កីឡាករ-កីឡាការិនីគ្រប់រូប។ មែនទែនទៅគ្រប់គ្នាមិនចង់ទទួលបានលទ្ធផលបរាជ័យនោះឡើយ ដូច្នេះសូមអ្នកគាំទ្របន្តគាំទ្រឲ្យបានកាន់តែខ្លាំងដើម្បីជាកម្លាំងចិត្តសម្រាប់កីឡាករគ្រប់គ្នា។
ក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាម កំពុងហ្វឹកហាត់២ពេលក្នុង១ថ្ងៃ ដោយក្នុងមួយពេលហាត់រយៈពេល២,៥ម៉ោងទៅ៣ម៉ោង ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២៣ ក្នុងដំណើរឆ្ពោះទៅកាន់ការប្រជែងមេដាយស៊ីហ្គេមនៅកម្ពុជាផងដែរ៕