មាស វាសនា បង្ហើបអោយដឹងពីការដកខ្លួនពីក្រុមជម្រើសជាតិបាល់ទះក្នុងសាលត្រៀម Sea Games 2023
- 2022-08-25 03:25:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស វាសនា បង្ហើបអោយដឹងពីការដកខ្លួនពីក្រុមជម្រើសជាតិបាល់ទះក្នុងសាលត្រៀម Sea Games 2023
ចន្លោះមិនឃើញ
មាស វាសនា ជាកីឡាករល្អមួយរូបរបស់សមាគមន៍បាល់ទះក្រសួងមហាផ្ទៃ។ គេត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាកោះហៅអោយចូលប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀម Sea Games 2023 កាលពីថ្ងៃទី១២ ខែកក្ដដា ឆ្នាំ ២០២២ ប៉ុន្តែស្មាត់ស្ដាំរូបនេះបានអោយ Sabay ដឹងថាគេបានដកខ្លួនចេញវិញហើយ។
បើតាមការអោយដឹងពីអតីតកីឡាករក្លឹបបាល់ទះវិសាខារូបនេះ ការលាឈប់ពីក្រុមជម្រើសជាតិបាល់ទះកម្ពុជារបស់ខ្លួន គឺដោយសារតែមានធុរៈចាំបាច់នៅក្នុងគ្រួសារ។ ស្មាត់ធំវ័យ២៩ឆ្នាំបានបញ្ជាក់យ៉ាងដូច្នេះ ៖«ឆ្នាំ២០២២នេះ ខ្ញុំបាទមានឱកាស ខាងសហព័ន្ធកោះហៅអោយចូលខាងជម្រើសជាតិម្ដងទៀត ប៉ុន្តែខ្ញុំអត់បានទៅចូលរួមទេ ដោយសារខ្ញុំមានធុរៈចាំបាច់នៅក្នុងគ្រួសារ ក៏ខ្ញុំសុំគេលាឈប់»។
ក្រៅពី មាស វាសនា កីឡាកររបស់ក្រសួងមហាផ្ទៃ៣រូបទៀតមានស្មាត់ស្ដាំវ័យក្មេង មឿន ម៉េងឡាយ ស្មាត់ឆ្វេងវ័យក្មេង ខុម ហុងទ្រី និងអ្នកប៉ះសេដៃទី១ ប៊ន ណារិទ្ធ ក៏ត្រូវបានសហព័ន្ធកោះហៅអោយចូលរួមដែរ ហើយបច្ចុប្បន្នពួកគេកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។
ចំពោះវត្តមានសិស្សប្អូនទាំង៣រូបក្នុងក្រុមជម្រើសជាតិបាល់ទះក្នុងសាលត្រៀម Sea Games ឆ្នាំ២០២៣នេះដែរ មាស វាសនា បានក្រើនរំលើឹកដល់ពួកគេអោយខំប្រឹងប្រែងហ្វឹកហាត់ គោរពវិស័យអោយបានល្អ ដើម្បីជាប់ឈ្មោះក្នុងបញ្ជីីចុងក្រោយ និងដើម្បីយកលទ្ធផលល្អជូនជាតិ។ មិនតែប៉ុណ្ណោះគេថែមទាំងបានជូនពរពួកគេទទួួលបានជោគជ័យក្នុងអាជីពមួយ។
វាសនា ធ្លាប់ជាប់ជម្រើសជាតិបាល់ទះក្នុងសាលនៅឆ្នាំ២០១៥ ចេញទៅប្រកួត Sea Games នៅប្រទេសសិង្ហបុរី។ ឆ្នាំ២០១៧ គេជាប់ជម្រើសជាតិម្ដងទៀត ប៉ុន្តែគេលាឈប់ដោយសារមានធុរៈចាំបាច់ និងលើកទី៣នៅឆ្នាំ២០២២នេះ ប៉ុន្តែក៏ដូចឆ្នាំ២០១៧ដែរ ដោយសារមានធុរៈបន្ទាន់គេក៏បានសុំលាឈប់ជាថ្មីម្ដងទៀត។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៣ វាសនា បានចូលរួមជាមួយក្លឹបបាល់ទះព្រៃវែង ដែលបច្ចុប្បន្នមានឈ្មោះក្លឹបបាល់ទះវិសាខា។ ហាត់នៅក្លឹបនេះបាន១ឆ្នាំ ពោលឆ្នាំ២០១៤ គេបានផ្ទេរទៅកាន់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ រហូតដល់បច្ចុប្បន្ន។ ចំពោះស្នាដៃគេទទួលបាននៅក្លឹបមហាផ្ទៃគឺពានឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក្នុងឆ្នាំ២០១៥ ទី២ពានបុណ្យទន្លេរសាលាខេត្តកំពង់ចាមក្នុងឆ្នាំ២០១៦ និងពានលីអូខាប់នៅក្នុងឆ្នាំ២០១៧៕