Aubameyang ត្រូវ​បាន​ក្រុម​ចោរ​វាយ​ និង​ចូល​ប្លន់​នៅ​ផ្ទះ​ ក្នុង​ទីក្រុង​ Barcelona

  • 2022-08-29 11:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Pierre-Emerick Aubameyang ត្រូវ​បាន​ចោរ​មួយ​ក្រុម​ចូល​ប្លន់​នៅ​ផ្ទះ​របស់​គេ​ នៅ​ឯ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​ នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Associated Press។

តាម​ប្រភព​ដដែល​នេះ​ Aubameyang និង​ភារិយា​​របស់​ខ្លួន​ ត្រូវ​បាន​ក្រុម​ចោរវាយ​ និង​បាន​គម្រាម​ដោយ​កាំភ្លើង​ និង​របាដែក​ ដើម្បី​ឲ្យ​នាំ​ពួក​គេ​ទៅ​កន្លែង​ទុក​​គ្រឿង​អលង្ការ​ក្នុង​ផ្ទះ​ខាង​លើ​។

បើ​តាម​ការ​រាយការណ៍​របស់​ក្លឹប​ Barcelona ខ្សែប្រយុទ្ធ​ Aubameyang និង​ភារិយា​​របស់​ខ្លួន​ មាន​សុវត្ថភាព​ហើយ​ មិន​មាន​របួស​ធ្ងន់ធ្ងរ​អ្វី​ឡើយ​ គ្រាន់​តែ​បាត់​គ្រឿង​អលង្ការ​ប៉ុណ្ណោះ​។

បើ​តាមអជ្ងាធរ​នៅ​កន្លែង​ហេតុ​បាន​ឲ្យ​ដឹង​ ក្រុម​ចោរ​ខាង​លើ​នេះ​ មាន​គ្នា​យ៉ាង​តិច​ ៤នាក់​ដោយ​សុទ្ធ​តែ​ពាក់​ស្រោម​មុខ​ ហើយ​បាន​រត់​គេច​តាម​ឡាន​មួយ​គ្រឿង​ ក្រោយ​ប្រព្រឹត្ត​សកម្មភាព​ប្លន់​រួច​ ដោយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ថែម​។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​កីឡាករ​បាល់ទាត់​ល្បីៗ​ត្រូវ​បាន​ចោរ​​ប្លន់​ ដោយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​កំឡុង​២សប្ដាហ៍​មុន​ ខ្សែប្រយុទ្ធ​ Robert Lewandowski ត្រូវ​បាន​ចោរ​ប្លន់​យក​នាឡិកា​ដ៏​ថ្លៃ​មួយ​គ្រឿង​ ក្នុង​កំឡុង​ពេល​ ចុះ​ហត្ថលេខា​ និង​ឈរ​ថត​រូប​ជា​មួយ​អ្នកគាំទ្រ​នៅ​ទីលាន​ហ្វឹកហាត់​ Barca ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី