រឿងភ្ញាក់ផ្អើលមួយនៅចិនគឺ ក្រុមបុរាណវិទ្យា ប្រើពេល​ ៣០ឆ្នាំទៅហើយ មិនទាន់ជីកដល់​ទីតាំង​ផ្នូរស្តេចឈីង​

  • 2023-01-04 03:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្នូរ​ស្តេចឈីង ដែល​មាន​អាយុកាលជាង ២ពាន់ឆ្នាំ ត្រូវបាន​គេជឿជាក់​ថា ជាផ្នូរ​ធំជាងគេ​បំផុត​ និង​សម្បូរវត្ថុមានតម្លៃយ៉ាងច្រើនមហាសាល ប៉ុន្តែ​មានចម្ងល់មួយត្រង់ថា ហេតុ​អ្វី​បាន​ជាគេ​មិនជីករកផ្នូរនោះ ដើម្បី​ឱ្យដឹងការពិតតែម្តងទៅ បើ​គេ​បាន​រកឃើញ​ទាហាន​ដីឥដ្ឋ​ដែលត្រូវបាន​ដាក់យាម​ក្នុងផ្នូរនេះទៅហើយនោះ? ការពិតគឺ​មានឧបសគ្គជាច្រើន ដូចខាងក្រោមនេះ៖

ការ​ជីកកកាយផ្នូរ ត្រូវតែធ្វើឡើង​ដោយប្រុងប្រយ័ត្នតាមបច្ចេកទេសស្រាវជ្រាវ ដើម្បីបញ្ចៀសការខូចខាតផ្នូរ ពោលគឺខ្លាចប៉ះពាល់​ដល់​ភស្តុតាងប្រវត្តិសាស្រ្ត។ រហូតមកដល់ពេលនេះ គ្មាន​នរណាម្នាក់ ហ៊ាន​ធានាទេថា ពេល​ជីកកកាយនេះ នឹង​គ្មានកំហុសកើតឡើង។

ផ្នូរនេះ ត្រូវបានសន្និដ្ឋានថា មាន២ជាន់ ដោយ​ជាន់ក្រោមគេ​គឺ​ជារាជវាំង​ក្រោមដី ពោលគឺ​ចំណុចផ្នូរស្តេចឈីង មានជម្រៅក្រោមដី​ប្រហែល ៣៥ម៉ែត្រឯណោះ ខណៈ​ផ្នែកខាងលើនៃផ្នូរ ដែល​មានទាហានដីឥដ្ឋនោះ មាន​ជម្រៅរាក់ត្រឹមតែ ៣ ទៅ ៥ម៉ែត្រ​ប៉ុណ្ណោះ។ ដូច្នេះ បើប្រថុយ​ជីកដល់ក្រោមជ្រៅពេក អាចប្រឈម​នឹង​ការបាក់ដីក្នុងផ្នូរ។

ក្រុមបុរាណវិទ្យា ប្រើពេល​ ៣០ឆ្នាំទៅហើយ ទើបជីករុករកបានប្រហែល ១ភាគ៣ នៃផ្នូរតែប៉ុណ្ណោះ។ ដូច្នេះ គេមិនដឹងថា តើទម្រាំតែរកឃើញ​ផ្នូរទាំងស្រុង ត្រូវចំណាយ​ពេលប៉ុន្មាន​ឆ្នាំទៀតទេ ពោលគឺគេ​ត្រូវការ​ថវិកា និង​ធនធានមនុស្សយ៉ាងច្រើន ទើបអាច​បន្តការងារ​នេះបានទៅមុខ។

ចំនួនដ៏ច្រើននៃបារត ត្រូវបានអង្កេត​ឃើញ​ក្នុងផ្នូរនេះ។ វាអាច​ធ្វើឱ្យ​បុរាណវិទូពុល នៅពេល​ពួកគេចូលក្នុងផ្នូរ។ លើសពីនេះ បើបារត ត្រូវបានលេចធ្លាយចេញមកក្រៅ នោះ​វានឹងប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់​បរិស្ថាន។

តាម​កំណត់ត្រាប្រវត្តិសាស្រ្ត​របស់​ Sima Qian ឱ្យដឹងថា ទីតាំង​រាជវាំង​ក្រោមដី​នៃ​ផ្នូរ​របស់​ស្តេចឈីង គឺ​ពោរពេញដោយ​ទ្រព្យសម្បត្តិដ៏កម្រ ដែល​ស្តេចឈីង​ប្រមូល​នៅទូទាំងនគរ (ទាំងនគរចំណុះ)។ ក្នុងផ្នូរ ក៏មានបឹង ទន្លេ សមុទ្រ ដែលមានលំហូរទៅដោយសារធាតុបារត។ ដើម្បី​ការពារផ្នូរមិនឱ្យរំខាន អន្ទាក់ (ធ្នូដែល​មានជាតិពុល) ​ត្រូវបាន​ដំឡើង​ដើម្បីសម្លាប់​អ្នក​បំពាន​តែម្តង។

ចំនួន​សារធាតុបារតក្នុងផ្នូរ​បាន​បញ្ជាក់ហើយថា ផ្នូរនេះ​មិនដែលត្រូវបាន​គេយាយីម្តងណាឡើយ ព្រោះបើវាត្រូវបានជីកគាស់នោះ​ វានឹងមានការសាយភាយជាតិបារតចេញមកហើយ។ លើសនេះទៀត ក៏គ្មានស្នាមជីកកកាយ​ផ្នូរពីមុនមកដែរ។

ស្តេច​ឈីង បាន​ចេញបញ្ជា​ឱ្យ​សង់ផ្នូរនេះ នៅ​ពេលឡើងគ្រងរាជ្យ​ក្នុងឆ្នាំ ២៤៦មុនគ.ស ក្នុងនោះ​ទាហាន​ដីឥដ្ឋ ត្រូវបាន​បញ្ជាឱ្យធ្វើឡើង​ដើម្បី​យាមផ្នូរ ដោយ​មានជំនឿថា ទាហាន​ទាំងនេះ​នឹង​បន្តតាមការពារទ្រង់​ និង​អំណាច​ក្រោយ​ចូលទីវង្គត។ ការធ្វើ​ទាហានដ៏ឥដ្ឋនេះ គឺដើម្បីជំនួសពីការយកជីវិតទាហានជាមនុស្សពិតមកយាម។

ចំពោះការសង់​ផ្នូរនេះធ្វើឡើង​លើផ្ទៃដីទំហំ៥០គីឡូម៉ែត្រការ៉េ ដោយ​ប្រើកម្លាំងពលកម្មប្រមាណ ៧០ម៉ឺននាក់​ឯណោះ ចំណាយពេល​ ៣៦ឆ្នាំ ពោលគឺ​ផែនការ​នេះ​ត្រូវបញ្ចប់ ពេល​ស្តេច​ចូលទីវង្គត​ក្នុងឆ្នាំ ២១០មុនគ.ស។

សូមជម្រាប​ថា ក្រោយ​រកឃើញ​ផ្នូរនេះនៅក្រុងស៊ីអាន ​ក្នុងឆ្នាំ១៩៧៤មក អ្នកស្រាវជ្រាវ​បាន​ជីកកកាយ​ឃើញ​មាន​ទាហានដីឥដ្ឋប្រមាណ​ជាង ៨ពាន់រូប, រទេះចម្បាំង ១៣០គ្រឿង, សេះ ៦៧០ក្បាល។ ក្រៅពីនេះក៏មានតន្រ្តីករ​ សិល្បករ និង​ទាសីជាដីឥដ្ឋផងដែរ៕

អត្ថបទថ្មី