បន្ទាន់ កម្ពុជា​ប្រកាស​ច្រានចោល ព័ត៌មានដែលថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​​ផ្ដល់​ជំនួយ​យោធាដល់អ៊ុយក្រែន!

  • 2023-01-25 02:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស ដោយប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាប្រទេសកម្ពុជា ជាប្រទេសដែលបានផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។

ការ​ច្រាន​ចោល​ចំពោះ​ព័ត៌មាន​ខាង​លើ បន្ទាប់​ពី Channel Telegram ដែលមានឈ្មោះថា «Demografiya upala» បានផ្សាយពី​ក្រុម​ប្រទេសដែលផ្តល់ជំនួយយោធា ផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ប្រទេសអព្យាក្រឹត្យ និងប្រទេសដែលគាំទ្រប្រទេសរុស្ស៊ី។ ក្នុងការ​ផ្សាយ​របស់​ ឆាណែលតេឡេក្រាមខាងលើ បាន​បញ្ជាក់​ថា កម្ពុជា គឺជាប្រទេសដែលស្ថិតក្នុងបណ្តាប្រទេសដែលផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។

ត្រង់ចំណុច​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការ​បរទេស​បាន​ច្រាន​ចោល​ភ្លាម​ៗ។ តាម​សេចក្ដី​ថ្លែងការណ៍​របស់ក្រសួងការបរទេស​នា​ថ្ងៃ​ម្សិលមិញ បានឲ្យដឹងថា កម្ពុជា​ពិត​ជា​បាន​ផ្ដល់​ជំនួយផ្នែក​ខ្លះ​ទៅ​អ៊ុយក្រែនមែន តែនោះជាជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស ដោះគ្រាប់មីន ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា​ប៉ុណ្ណោះ។

កិច្ចការនេះទៀតសោត គឺក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ដែលធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ។

ថ្មីៗនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដោយមានការអញ្ជើញជាអធិបតីពី ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកIchitomo TANINAN ភារធារីស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី Katsura MIYAZKI អនុប្រធានអង្គការJICA-TOKYO និងលោក Stanislav Kulykivsky ប្រធានជំនួយច្ចេកទេសរបស់អ៊ុយក្រែន៕

អត្ថបទ៖ ទារិកា