ប្រទេសថៃ និងឡាវ ចរចាអំពីសក្តានុពលនៃការតភ្ជាប់ផ្លូវដែកចិន-ឡាវ-ថៃ ​ដែលអាចកាត់បន្ថយថ្លៃដឹករហូតដល់ ៥០%

  • 2023-02-01 08:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃ និងឡាវកំពុងចរចាអំពីសក្តានុពលនៃការតភ្ជាប់ផ្លូវដែកចិន-ឡាវ-ថៃ ដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញពី ៣០% ទៅ ៥០% ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំ។

រដ្ឋាភិបាលថៃបាននិយាយថា ពាណិជ្ជកម្មនៅច្រកព្រំដែនថៃ-ឡាវក្នុងខេត្តណងខៃមានតម្លៃ ៩៩,២ប៊ីលានបាត (៣,០២៩ប៊ីលានដុល្លារអាម៉េរិក) កាលពីក្នុងឆ្នាំ២០២២។ ទោះបីជាមានជំងឺរាតត្បាតក៏ដោយ ក៏ពាណិជ្ជកម្មតាមព្រំដែននៅតែកើនឡើង ៣៩,៩% ដែរនៅក្នុងឆ្នាំ២០២២។

កាសែត Laotian Times បានឱ្យដឹងថា ខណៈដែលបំពេញទស្សនកិច្ចនៅក្នុងប្រទេសឡាវ គណៈប្រតិភូថៃ និងសមភាគីឡាវបានទៅទស្សនាស្ថានីយខាំសាវ៉ាត់ក្នុងទីក្រុងវៀងចន្ទន៍ ដែលជាផ្នែកមួយនៃផ្នែកបន្ថែមប្រវែង ៧,៥គីឡូម៉ែត្រនៃផ្លូវដែកឆ្លងកាត់ព្រំដែនឡាវ-ថៃ ដែលតភ្ជាប់ខេត្តណងខៃរបស់ប្រទេសថៃជាមួយស្ថាន៏យ៍ថាណាឡេងរបស់ប្រទេសឡាវ។

ស្ថានីយ៍ថ្មី និងផ្នែកបន្ថែមផ្លូវរថភ្លើងកំពុងត្រូវបានផ្តល់ហិរញ្ញប្បទានជាមួយនឹងប្រាក់កម្ចីគាំទ្រដោយរដ្ឋាភិបាលថៃតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។ ខ្សែរថភ្លើងនេះនឹងត្រូវតភ្ជាប់ទៅនឹងផ្លូវដែកឡាវ-ចិន ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងចិនតាមរយៈប្រទេសឡាវ៕