នោះៗ ព្រំ សំណាង ប្រាប់ការពិតមួយថា លោកចង់ក្លាយជាតារាភាពយន្ត

  • 2023-03-23 02:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបានសាងសមិទ្ធផលគួរជាមោទនក្នុងវិស័យកីឡាគុនខ្មែរ កីឡាករ ព្រំ សំណាង បង្ហើបក្ដីស្រមៃមួយថ្មីទៀតថា រូបគេចង់ក្លាយជាតារាភាពយន្តមួយរូបនាពេលអនាគត។

ថ្លែងក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយ Sabay ក្នុងថ្ងៃសម្ពោធ "សង្ក្រាន្ត NNP" របស់ជំទាវឧកញ៉ា ទី្រ ដាណា កីឡាករមាឌដំបងរូបនេះ ប្រាប់ថា លោកពិតជាមានកូនចិត្តមួយចង់រួមចំណែកក្នុងវិថីសិល្បៈ ដូចនឹងសិល្បករខ្មែរឯទៀត ប៉ុន្តែជាមួយគ្នាក៏មិនចោលគុនខ្មែរដែរ។ ព្រំ សំណាង ឲ្យដឹងថា ប្រសិនបើមានឱកាស លោកនឹងឈានជើងចូលអាជីពថ្មីនេះបន្ថែមទៀត។

នេះមិនមែនជាលើកទី១នោះទេ ដែលកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ មានឆន្ទៈចង់ប្រឡូកសិល្បៈ។ ជាក់ស្ដែង សិស្សច្បងរបស់កីឡាករកម្ពស់ខ្ពស់រូបនេះ ដូចជា អេ ភូថង វ៉ន វីវ៉ា និងជា ស្រួច សុទ្ធតែដើរមុនរួចស្រេចទៅហើយកាលពីអតីតកាល។ ដូច្នេះហើយ ព្រំ សំណាង ចង់ដើរតាមគន្លងរៀមច្បងទាំងនោះ ទុកជាពិសោធន៍នៃជីវិត ក៏ដូចជាអាជីព។

ព្រំ សំណាង កើតថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៨៥ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ កីឡារកូរូបនេះ មានទម្ងន់ ៧៨ គីឡូក្រាម កម្ពស់ ១,៨៣ ម៉ែត្រ។ អំណោយផលកាយសម្បទារនេះហើយ សំណាង លើកឡើងថា ត្រូវនឹងស្តង់ដារតារាសម្ដែង ដូច្នេះហើយរូបគេចង់សាក ក្នុងនោះ លោកថា ចង់ក្លាយជាតារាភាពយន្តជាងអាជីពសិល្បៈផ្សេង ដូចជាដើរម៉ូដជាដើម។

ជាចុងក្រោយ ព្រំ សំណាង សំណូមពរដល់បងប្អូនផលិតករ អ្នកដឹកនាំភាពយន្ត ខារ៉ាអូខេ នានា ជួយផ្ដល់ឱកាសផង។ បច្ចុប្បន្ន សំណាង មានអាជីពជាកីឡាករគុនខ្មែរ និងជាជាងកាត់សក់ ហើយដូចពោលពីខាងលើ ប្រសិនបើឱកាសហុចឲ្យ លោកនឹងប្រឹងប្រែងដើម្បីកសាងផ្លូវថ្មីលើវិថីសិល្បៈក្នុងស្រុកនេះទៀត៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម