មួយរយៈចុងក្រោយនេះ ព្រំ សំណាង ប្រកួតបានលុយច្រើនណាស់ ដឹងទេថាគេយកធ្វើអ្វីខ្លះ?
- 2023-04-19 03:03:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយរយៈចុងក្រោយនេះ ព្រំ សំណាង ប្រកួតបានលុយច្រើនណាស់ ដឹងទេថាគេយកធ្វើអ្វីខ្លះ?
ចន្លោះមិនឃើញ
ផ្ដើមពីកីឡាករគុនខ្មែរដ៏អត្តខាត់ម្នាក់កាលពីប្រមាណ ២ឆ្នាំមុនដែលស្ទើរតែបោះបង់អាជីពទៅហើយ ប៉ុន្តែចុងក្រោយនេះអ្វីៗបានផ្លាស់ប្ដូរ១៨០ដឺក្រេ ដោយ ព្រំ សំណាង អាចរកប្រាក់បានជាច្រើនពីការប្រកួតទាំងក្នុង និងក្រៅប្រទេស។ តើដឹងទេថា សំណាង ចាត់ចែងប្រាក់ឈ្នួលកម្លាំងញើសឈាមនោះលើកិច្ចការអ្វីខ្លះ?
ព្រំ សំណាង បានទាញយកប្រជាប្រិយភាព ក៏ដូចជាបេះដូងអ្នកស្រឡាញ់គុនខ្មែរពេញ១ប្រទេស ក្រោយពីរូបគេបានបង្ហាញសមត្ថភាពប្រកួតឈ្នះដៃគូខ្លាំងជាច្រើននាក់ ពិសេសគឺការឈ្នះខ្សែក្រវ៉ាត់លើសង្វៀន Thai Fight យ៉ាងកម្រសម្រាប់កីឡាករគុនខ្មែរទៅពីកម្ពុជា និងបន្តឈ្នះនៅក្នុងស្រុកជាមួយកីឡាករអន្តរជាតិខ្លាំងៗជាច្រើនទៀត។
កត្តារីកចម្រើនខាងផ្នែកសមត្ថភាពនេះ ព្រំ សំណាង ប្រាប់ថា កើតពីការឈឺចាប់ចំពោះការបរាជ័យក្នុងអតីតកាល។ ដូច្នេះហើយ ទើបលោកដាក់កំណត់ខ្លួនឯង ប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ព្រមជាមួយការគាំទ្រយ៉ាងពោរពាសរបស់អ្នកស្រឡាញ់គុនខ្មែរទាំងអស់។ ទាំងនេះជាមូលហេតុដែលនាំលោកមកដល់ចំណុចនេះ។
បន្ទាប់ពីការប្រឹងប្រែង អ្វីៗក៏ល្អទាំងព្រម ព្រំ សំណាង ចាប់ផ្ដើមមានប្រជាប្រិយភាពខ្លាំងឡើងៗ។ជាមួយគ្នា លោកក៏បានទទួលបានការស្រឡាញ់ និងឧបត្ថម្ភគាំទ្រពីឯកឧត្តម ឧកញ៉ា រួមទាំងសប្បុរសជនជាច្រើនទៀត។ សំណាង សុំមិនទម្លាយពីទំហំទឹកប្រាក់ដែលបានពីការប្រកួត និងការឧបត្ថម្ភ តែទទួលថា ច្រើនគួរសម។
ដោយឡែកចំពោះការចាត់ចែងប្រាក់ទាំងនោះ កីឡាករមកពីខេត្តកំពង់ស្ពឺប្រាប់ថា មួយចំណែកធំ គឺយកទៅសងគេ ហើយចំណែកខ្លះទៀត លោកយកទៅទិញគោខ្លះទុកចិញ្ចឹម។ ព្រំ សំណាង ជាប់បំណុលជាច្រើន ពីការខ្ចីប្រាក់ពីធនាគារយកមកសង់ផ្ទះនៅស្រុកកំណើត ដែលលោកលើកឡើងថា ធ្វើឲ្យបានសមរម្យ កុំអោយមានតែឈ្មោះល្បី ប៉ុន្តែមិនមានផ្ទះសមរម្យឲ្យគ្រួសាររស់នៅនឹងគេ។
ដូច្នេះក្រោយពីរកបានពីការប្រកួត និងការឧបត្ថម្ភនានា គឺលោកយកទៅដោះបំណុលផ្ទះនោះ។ ព្រំ សំណាង ប្រាប់ថា គិតត្រឹមពេលនេះ បំណុលមិនទាន់ដោះឲ្យអស់នោះទេ ប៉ុន្តែវាបានសម្រាលបន្ទុកច្រើនហើយ ហើយបាន និងកំពុងប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះបន្ទុកមួយនេះរបស់គ្រួសារ៕