តាម​ឯកឧត្តម ស៊ុន ចាន់ថុល រថយន្ត​ជាង ១៥៣ពាន់គ្រឿង ប្រឈម​នឹង​ការ​ផាកពិន័យជាប្រាក់គិតតាមចំនួនថ្ងៃ

  • 2023-04-21 04:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​បើក​សម្ពោធ​ទី​តាំង​ឈៀក​រថយន្ត​ថ្មី​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​នេះ មាន​រថយន្ត​ប្រមាណ​ជា ១៥៣ពាន់​គ្រឿងដែល​ឈៀក​ផុត​សុពលភាព ហើយ​មិន​ទាន់​មក​ទទួល​យក​សេវា​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្តជា​ថ្មី។

តាម​របាយការណ៍ និន្នាការ​ប្រើ​ប្រាស់​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ហក់​ឡើងរៀង​​រាល់​ឆ្នាំ ដោយ​គិត​ត្រឹម​ត្រី​មាស​ទី​២​ឆ្នាំ ២០២៣​នេះ កម្ពុជា​​មាន​រថយន្ត​​សរុប​ចំនួន ជាង ១លាន​គ្រឿង ដែល​កំពុង​ចរាចរណ៍​លើ​ដង​ផ្លូវ។ ក្នុង​ចំណោម​នេះ មាន​រថយន្ត​ជាង ១៥៣ ពាន់​គ្រឿង ដែល​ឈៀក​ផុត​សុពលភាព និង​តម្រូវ​ឲ្យ​យក​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​ជា​ថ្មី។

ស្ថានភាព​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​នោះ ប្រញាប់​យក​រថយន្ត​មក​ឆៀក​ឲ្យ​បាន​ទាន់​ពេល​វេលា។ ឯកឧត្តម បញ្ជាក់​ថា ករណី​យឺតយ៉ាវ​ក្នុង​យក​រថយន្ត​មក​ឈៀក ហើយ​សមត្ថកិច្ច​ជំនាញ រក​ឃើញ ម្ចាស់​យានយន្ត​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់គិត​តាម​ចំនួន​ថ្ងៃ​ដែល​ល្មើស។

ឯកឧត្តម ថ្លែង​ថា "បើ​មិន​យក​មក​ឈៀក​ទេ ក៏​នឹង​មាន​ការ​​ផាកពិន័យ​ដែរ​ណា គឺ ៥០០រៀល ក្នុង​១ថ្ងៃ អាហ្នឹង​សូម​ជម្រាប ឡាន​ធំ ២០០០​រៀល​ក្នុង​១ថ្ងៃ។ អីចឹង​សូម​ប្រញាប់​យក​មក​ឈៀក​ឲ្យ​បាន​ទាន់​ពេល​វេលា និង​បាន​ត្រឹម​ត្រូវ"។

ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឬ​ឆៀក តម្រូវ​ឲ្យ​ធ្វើ ២ឆ្នាំ​ម្ដង សម្រាប់​រថយន្ត​មួយ​ទឹក ដោយ​ឡែករថយន្ត​ថ្មី ៤​ឆ្នាំ​ម្ដង ដើម្បី​បង្ការ​ពី​ហានិភ័យ​ចំពោះ​ការ​បើកបរ ក្នុង​នោះ​ត្បិត​ថា ក្នុង​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍​ទាំង​អស់ បញ្ហា​មក​ពី​កត្តា​យានយន្ត​​រួម​ចំណែក​តែ ២% ប៉ុន្តែ​ឯកឧត្តម នៅ​តែ​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​យក​រថយន្ត​មក​ឈៀក ដើម្បី​បង្ការ​ការ​ហក់​ឡើង​ភាគរយ​នៃ​កត្តាយានយន្ត​ក្នុង​ករណី​ចរាចរណ៍ ខណៈ​ដែល​កត្តា​មនុស្ស កំពុង​តែ​ស្ថិត​ក្នុង​តួលេខ​ខ្ពស់​ស្រាប់​ហើយ​នោះ។

សម្រួល​ដល់​កិច្ចការ​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏​បាន​គូស​បញ្ជាក់​ថា ក្រសួង​សាធារណការ ​បាន​សហការ​ជាមួយ​ដៃគូ​ឯកជនជា​ច្រើន ​ពង្រីក​ទីតាំង​ឆៀក​បន្តបន្ទាប់​ទាំង​ក្នុង​រាជធានី និង​ខេត្ត ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួលដល់​ម្ចាស់​រថយន្ត​ទាំង​ឡាយ។ ជាក់​ស្ដែង​នៅ​ថ្ងៃ​នេះ ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន CMVIC ក្រសួង បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សាខា​ឆៀក​យានយន្ត​ថ្មី​ទៀត ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ជិត​ក្លោង​ទ្វារ​ចូល​វត្ត​សំរោង​អណ្ដែត។

តាម​លោក​ស្រី ឌុយ ឌីរ៉ាប៊ី តំណាង​លោក​ជំទាវ អ្នក​ឧកញ៉ា ស៊ួន គឹមស្រ៊ុន អគ្គនាយិកា​ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រ​វីហ៊ីឃល អ៊ិនស្ពេកសិន(CMVIC) ដែល​ជា​ដៃគូ​ធំ​មួយ​បាន​ឲ្យ​ដឹង​ថា CMVIC បាន​បម្រើ​ការ​ឆៀក​យានយន្ត​តាំង​ពី​ឆ្នាំ ២០០០ មក ដែល​គិត​មក​ត្រឹម​ពេល​នេះ ក្រុមហ៊ុនមាន​មណ្ឌល​ឆៀក​យានយន្ត​​ចំនួន ១៩ទីតាំង ក្នុង​នោះ ៦មណ្ឌល​នៅ​ភ្នំពេញ និង​១៣ ទៀត​នៅ​តាម​ខេត្ត​ផ្សេងៗ។

សម្រាប់​​ទីតាំង​ទី ១៩ របស់​ក្រុមហ៊ុន​ដែល​បើក​សម្ពោធ​ព្រឹក​មិញ​នេះ បាន​ចាប់​ផ្ដើម​សាង​សង់​នៅ​ដើម​ខែ​មករា ២០២៣ លើ​ទំហំដី​ជិត ៦ពាន់​ម៉ែត្រការ៉េ។ មណ្ឌល​ថ្មី​នេះ​រួម​មាន​អគារ​ឆៀក អគារ​រដ្ឋបាល រួម​គ្នា​តែ​មួយ និង​មាន​បំពាក់​ឧបករណ៍​ឆៀក ២ខ្សែ ស៊េរី​ឆ្នាំ ២០២២ សម្រាប់​ឆៀក​រថយន្ត​គ្រប់​ប្រភេទ​ទាំង​អស់។

គិត​ត្រឹម​ពេល​នេះ កម្ពុជា​មាន​មជ្ឈមណ្ឌលឆៀក​រថយន្ត​សរុប​ចំនួន ២៣ទីតាំង ជាមួយ​ដៃគូ​ចំនួន៥ ក្នុង​នោះ CMVIC មាន ១៩ទីតាំង​បូក​ទាំង​ទីតាំង​ថ្មី​សម្ពោធ​ថ្ងៃ​នេះ ក្រុមហ៊ុន HK Car Inspection ចំនួន ១ទីតាំង ក្រុមហ៊ុន Future Automobile Inspection(FAI) ១ទីតាំង ក្រុមហ៊ុន Auto Check Expert ១ទីតាំង ក្រុមហ៊ុន So Brother Co.,Ltd មាន​១ទីតាំង​ដែរ៕

អត្ថបទ៖ ទារិកា