ធឿន ធារ៉ា ចិញ្ចឹមចិត្ដចង់ថតMV ក្រោយបង្ហាញគុនខ្មែរ ក្នុងពិធីបិទព្រឹត្ដិការណ៍ស៊ីហ្គេម

  • 2023-05-18 07:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករប្រដាល់លំដាប់ប្រទេស ធឿន ធារ៉ា ទើបតែបានចូលរួមសម្ដែងក្នុងឈុតធំ នៃក្បាច់គុនខ្មែរ ក្នុងពិធីបិទព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ កាលពីល្ងាចមិញ។ ដំណាលពេលគ្នានោះដែរ លោកក៏បង្ហាញអារម្មណ៍ចង់ថតMV ដែលមានរូបលោក និងតួសម្ដែងដទៃទៀត ដើម្បីបង្ហាញពីភាពអស្ចារ្យ នៃគុនខ្មែរ ឲ្យបានកាន់តែទូលំទូលាយ។

ក្នុងបទសម្ភាសន៍ខ្លីមួយមុនលោកឡើងឆាកសម្ដែង នៅចំពោះមុខប្រតិភូកីឡាជាតិ-អន្ដរជាតិ ព្រមទាំងអ្នកសិល្បៈដែលបានចូលរួមក្នុងឱកាសនោះ ធឿន ធារ៉ា និយាយថា រូបលោកត្រូវសម្ដែងជាបីឈុត ហើយអ្វីដែលលំបាកជាងគេសម្រាប់លោកនោះ គឺច្រៀង និងសម្ដែងព្រោះលោកមិនមែនជាអ្នកសម្ដែងអាជីព។ ទោះជាយ៉ាងណាលោកចង់ឃើញអ្វីដែលលោកបានបង្ហាញជូនសាធារណៈនៅពេលនេះ អាចនឹងក្លាយទៅសមិទ្ធិផលមួយផ្សេងទៀត សម្រាប់ “គុនខ្មែរ”។

ធឿន ធារ៉ា៖ “ការប្រកួតលើសង្វៀន និងសម្ដែងខុសគ្នាដាច់បង…នេះជាការសម្ដែងលើកទី២ ហើយ តែខ្ញុំនៅតែលំបាក។ នេះតាមចិត្ដខ្ញុំទេបង ឈុតនេះបើបានចេញជាMV វិញដឹងតែកក្រើកហ្មង ព្រោះអីវារៀបរាប់ពីប្រវត្ដិសាស្ដ្រគុនខ្មែររបស់យើង”។

បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញក្នុងគូអន្ដរជាតិជាមួយថៃ ដែលមិនមែនជាការប្រកួតក្នុងក្របខណ្ឌស៊ីហ្គេមឆ្នាំ២០២៣ នេះ ធឿន ធារ៉ា បានរបួសដៃយ៉ាងដំណំ ហើយស្ងាត់មួយរយៈ។ លោកទើបលេចមុខក្នុងកម្មវិធីបិទព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយសម្ដីពិតរបស់កីឡាករលំដាប់ប្រទេសរូបនេះ ត្រូវបានគេសម្ភាសន៍បាន និងយកទៅផ្សព្វផ្សាយតាមបណ្ដាញសង្គមតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Dj martin៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី