ជម្រើសចុងក្រោយហើយ លោក គឹម ហេង សម្រេចបញ្ចេញវីដេអូចាស់ លក់យកលុយបន្តដំណើរជីវិត!
- 2023-07-14 08:17:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសចុងក្រោយហើយ លោក គឹម ហេង សម្រេចបញ្ចេញវីដេអូចាស់ លក់យកលុយបន្តដំណើរជីវិត!
ចន្លោះមិនឃើញ
អតីតចាងហ្វាងផលិតកម្ម KH Promotion លោក តាំង គឹមហេង បច្ចុប្បន្នធ្លាក់ខ្លួនក្រ អត់មានអ្វីជាទីពឹង ទីបំផុតសម្រេចបញ្ចេញភាពយន្តចាស់ៗមកដាក់លក់លើបណ្ដាញសង្គម ដោយសង្ឃឹមការចូលរួមពីប្រិយមិត្ត ដើម្បីលោកបានដើមទុនខ្លះសម្រាប់បណ្ដើរជីវិតមើលមនុស្សជុំវិញខ្លួនទៀត។
លោក គឹមហេង បានប្រកាសពីកិច្ចការនេះនៅលើហ្វេសប៊ុកនៅរសៀលម្សិលមិញ។ ភាពយន្តដែលជាសម្បត្តិមួយរបស់ KH Promotion មានចំណងជើងថា "និស្ស័យស្លាប់រស់" ជាភាពយន្តខ្នាតធំ ផលិតឡើងកាលពី១០ឆ្នាំជាង។
តាមអតីតថៅកែផលិតកម្មរូបនេះប្រាប់ ភាពយន្តខ្នាតធំខាងលើ លោកផលិតឡើងដោយចំណាយដើមទុនប្រមាណជិត ១០ម៉ឺនដុល្លារអាមេរិក។ "កាលនោះយើងដាក់បញ្ចាំងប្រមូលដើមទុនបាន ២ ៣ ម៉ឺនវិញ អីចឹងនៅខ្ទង់ ៤ ៥ ម៉ឺនអីទៀត...ឥឡូវបងមិនដឹងថាត្រូវម៉េច ដើម្បីរស់តទៅមុខ ទើបសម្រេចដាក់លក់ ភាពយន្តនេះ ក្រែងបានទុនខ្លះ បងវិលចូលសិល្បៈវិញ បើកផលិតកម្មម្ដងទៀត!”។
តាមផែនការរឿង "និស្ស័យស្លាប់រស់" ដែលមានរយៈពេល ៩០នាទី លោក គឹមហេង គ្រោយច្នៃទៅជាវីដេអូភាគ រួចហើយដាក់បញ្ចាំងតាមបណ្ដាញសង្គមឲ្យប្រិយមិត្តមើល។ អតីតចាងហ្វាងរូបនេះ បញ្ជាក់ថា លោកមិនលក់សិទ្ធិភាពយន្តខាងលើនេះទេ ប៉ុន្តែលោកគ្រាន់តែលក់ការទស្សនាប៉ុណ្ណោះ។
“ខ្ញុំអត់លក់សិទ្ធិឲ្យគេទេ គ្រាន់តែដាក់បញ្ចាំងតាមយូធូប ហើយឲ្យបងប្អូនគាត់ជួយជាទឹកចិត្ត ១ដុល្លារ ២ដុល្លារក្ដីតាមសន្ធារណាប្អូន បងអត់យកទៅដាក់រោងអីទេ បើដាក់នៅអស់ថ្លៃរោង នៅធ្វើsurround sound ឡើងវិញទៀត អស់លុយច្រើនណាស់ បងអត់មានលុយទេ !”។ លោក តាំង គឹមហេង ថ្លែង។
លោក គឹមហេង អះអាងថា នេះជាជម្រើសចុងក្រោយរបស់លោកហើយ តែយ៉ាងនេះក៏លោកមិនមានសង្ឃឹមច្រើនដែរថានឹងបានទុនមកវិញខ្លះ ប៉ុន្តែគ្មានជម្រើសក៏ចេះតែធ្វើទៅសាកល្បងទៅ។ អតីតចាងហ្វាងរូបនេះ មិនទាន់បញ្ចេញកាលបរិច្ឆេទដាក់បញ្ចាំងភាពយន្ត "និស្ស័យស្លាប់រស់" ផ្លូវការនៅឡើយទេ។ លោកថា ពេលនេះកំពុងរៀបចំ តែថា គ្រោងនឹងដាក់បញ្ចាំងតាមបណ្ដាញសង្គមឆាប់ៗនេះហើយ។
លោក តាំង គឹមហេង ធ្លាប់ជាពាណិជ្ជកររកស៊ីបើកផលិតកម្មមានប្រាក់ខ្ទង់លានដុល្លារ កាលពីជាង ១០ឆ្នាំមុន។ ប៉ុន្តែក្រោយមកជួបការខាតបង់ ក្នុងពេលដែលនៅស្រុកកំពុងកើតមានការលួចចម្លងថាសចម្រៀងពេញបន្ទុក។ ដូច្នេះហើយ បានដកខ្លួនទៅធ្វើចម្ការម្នាក់ឯងនៅស្រុកកំណើត ទុកភរិយានៅរកស៊ីនៅភ្នំពេញម្នាក់ឯង។
ប៉ុន្មានឆ្នាំក្រោយមក លោកក៏មានរឿងភរិយាប្ដឹងលែងលះ ហើយទ្រព្យសម្បត្តិមួយចំនួនធំបានបង់ក្នុងការលែងលះនោះ។ ទ្រព្យសម្បត្តិធំដុំរបស់លោកចុងក្រោយ គឺផ្ទះនៅភ្នពេញ លោកទើបលក់ប៉ុន្មានខែមុន យកលុយសងគេអស់។ ពេលនេះ លោកមិនមានអ្វីពឹងអាស្រ័យទៀតទេ បច្ចុប្បន្នបានទៅជ្រកនៅផ្ទះប្អូនម្នាក់ ដែលគេទៅបរទេស ហើយគេអាណិតអាសូរ ហៅឲ្យទៅរស់នៅទីនោះ។
ធ្លាប់ជាសេដ្ឋីលុយវាល់លាន លោក តាំង គឹមហេង អះអាងថា លោកស្ទើរមិនជឿថា ជីវិតលោកធ្លាក់ដល់តំណាក់កាលនេះ ហើយទៅមុខទៀតមិនដឹងយ៉ាងណាទៀតនោះទេ ព្រោះពេលនេះលោកអស់ពីខ្លួនទៅហើយ៕