ជនបរទេសម្នាក់លើកឡើងថា កម្ពុជា គួរមាន Visa ពិសេសសម្រាប់ជនបរទេសមកហាត់គុនខ្មែរនៅកម្ពុជា
- 2023-07-26 08:22:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនបរទេសម្នាក់លើកឡើងថា កម្ពុជា គួរមាន Visa ពិសេសសម្រាប់ជនបរទេសមកហាត់គុនខ្មែរនៅកម្ពុជា
ចន្លោះមិនឃើញ
គណនីបណ្ដាញសង្គមដែលជាជនបរទេសម្នាក់ បានចូលមកសរសេរសារ ដោយលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គួរមាន Visa ឬ ទិដ្ឋាការពិសេសមួយសម្រាប់ផ្ដល់ជូនជនបរទេសនានាដែលស្រឡាញ់គុនខ្មែរ និងបានមកហាត់គុនខ្មែរនៅកម្ពុជា។
ការលើកឡើងរបស់ជនបរទេសខាងលើ បន្ទាប់ពីថ្មីៗនេះមានករណីរបស់កីឡាករប្រេស៊ីលម្នាក់កំពុងហាត់គុនខ្មែរនៅកម្ពុជា ហើយទិដ្ឋាការរបស់គេបានផុតសុពលភាព ហើយរូបគេនៅតែបន្តស្នាក់នៅទាំងខុសច្បាប់។
ទំព័រហ្វេសប៊ុក "ហ្វេន ធឿន ធារ៉ា គុនខ្មែរ" មួយបានបើកបង្ហាញថា "កីឡាករប្រេស៊ីល អាឡិច បានមកហ្វឹកហាត់គុនខ្មែរនៅក្លឹប ខ្លារខិនមានរិទ្ធគុនខ្មែរ អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ អាឡិច បានបន្តរស់នៅ និងហ្វឹកហាត់នៅកម្ពុជាទាំង Visa(ទិដ្ឋាការ) ផុតសុពលភាព 2ខែទៅហើយ"។
ស្ថានភាពនេះ តម្រូវឱ្យ អាឡិច ធ្វើការបន្ត Visa របស់គេដើម្បីបានហ្វឹកហាត់គុនខ្មែរនៅកម្ពុជាបន្តទៀត ប៉ុន្តែត្រូវរងពិន័យចំនួន 600ដុល្លារ។ បញ្ហានេះ បានធ្វើគណនីហ្វេសប៊ុកឈ្មោះ Mahir Kupelikilinc បានចូលមកលើកជាគំនិតខាងលើ គឺកម្ពុជាគួតែមាន Visa(ទិដ្ឋាការ) ពិសេសមួយសម្រាប់ជនបរទេសដែលមកហាត់គុនខ្មែរនៅកម្ពុជា។
ទំព័រហ្វេសប៊ុក "ហ្វេន ធឿន ធារ៉ា គុនខ្មែរ" បានបកប្រែសំដីរបស់ Mahir Kupelikilinc ថា "របៀបដែលគេធ្វើការនៅប្រទេសថៃ គឺថាគេមានទិដ្ឋាការពិសេសមួយសម្រាប់សិស្សនៅសាលា និងសកលវិទ្យាល័យ ប៉ុន្តែគេក៏យកមកអនុវត្តដូចគ្នានៅក្នុងក្លឹបប្រដាល់នៅថៃ"។
ប្រភពដដែលបន្តថា ប្រសិនបើជនបរទេសចុះឈ្មោះមកហ្វឹកហាត់ ពួកគេនឹងទទួលបានទិដ្ឋាការដែលមានសុពលភាពរយៈពេល ១ឆ្នាំក្នុងតម្លៃមួយថោក និងងាយស្រួល។ នេះជាហេតុផលធំមួយធ្វើឱ្យជនបរទេសជាច្រើន បានទៅហ្វឹកហាត់ និងឡើងប្រកួតនៅសង្វៀនប្រទេសថៃ។ ដូច្នេះរូបគេថា កម្ពុជា គួរតែសាកល្បងដូចគ្នានេះដែរ៕