សុខ​ ធី​ ៖​ រឿង​មួយ​នេះ​ដែល​ត្រូវ​ចាំ​បំផុត​ពេល​ប្រកួត​នៅ​សង្វៀន​ខ្មែរ​ជា​ថ្មី​

  • 2023-08-18 04:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​ សុខ​ ធី​ នឹង​ត្រូវ​ឡើង​សង្វៀន​ PNN​ នៅ​ថ្ងៃ​អាទិត្យ​ ទី២០​ ខែ​សីហា​ ឆ្នាំ​២០២៣​ នេះ​ហើយ។​ ការ​ប្រកួត​នេះ​ដែរ​គឺ​ជា​ការ​ចូល​ប្រឡូក​ជា​ថ្មី​លើ​ទឹកដី​កម្ពុជា​របស់​រូប​គេ​ ក្រោយ​ផ្អាក​មក​ប្រកួត​ជា​ច្រើន​ឆ្នាំ។​

រូបភាពហ្វេសបុក សុខ​ ធី

ការ​ឡើង​សង្វៀន​នៅ​ស្រុក​ខ្មែរ​ជា​ថ្មី​នេះ​គឺ​ជា​ឱកាស​សម្រាប់​កីឡាករ​ សុខ​ ធី​ សាង​កេរ្តិ៍ឈ្មោះ​លើ​វិថី​ប្រដាល់​ពិសេស​បង្កើន​ជីវភាព​សម្រាប់​ក្រុម​គ្រួសារ​របស់​គេ។​ ប៉ុន្តែ​អ្វីៗ​ក៏​មិន​ងាយ​ស្រួល​នោះ​ដែរ​ពិសេស​ទម្លាប់​ប្រកួត​តាម​របៀប​ដាក់​ពិន្ទុ​បែប​ថៃ។​

រូបភាពហ្វេសបុក សុខ​ ធី

ចំណុច​ខាង​លើ​នេះ​ហើយ​ដែល​ សុខ​ ធី​ ត្រូវ​ចងចាំ​ និង​ផ្លាស់ប្ដូរ​ការ​វ៉ៃ​មួយ​ចំនួន​ឲ្យ​មក​សមស្រប​នៅ​តាម​សង្វៀន​ក្នុង​ស្រុក​ខ្មែរ​វិញ។​ ដូច​ជា​វ៉ៃ​ឲ្យ​ដាច់ៗ​ពិន្ទុ​តែ​ម្ដង​ ពិសេស​នៅ​ទឹក​ទី៥​ មិន​អាច​ឈប់​វ៉ៃ​ ឬ​ថយ​ដូច​នៅ​ស្រុក​ថៃ​នោះ​ឡើយ។​ បើ​មាន​ឱកាស​អាច​វ៉ៃ​ផ្ដាច់​បាន​គឺ​ត្រូវ​តែ​ផ្ដាច់​ជៀសវាង​ការ​ចម្រូងចម្រាស​លើ​ការ​ដាក់​ពិន្ទុ​នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ ព្រោះ​របៀប​ដាក់​ពិន្ទុ​នៅ​ខ្មែរ​ខុស​ពី​ខាង​ប្រទេស​ថៃ​ដែល​រូប​គេ​ថ្នឹក​ហ្នឹង​ការ​ប្រកួត​បែប​នោះ​ទៅ​ហើយ។​

ឧកញ៉ា ស្រី​ ចាន់ថន និងគ្រួសារ សុខ ធី

បញ្ជាក់​ដែរ​ថា​ សុខ​ ធី​ ជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។​ រូប​គេ​ធំធាត់​ និង​ប្រឡូក​ប្រដាល់​ជា​យូរឆ្នាំ​ហើយ​ក្នុង​ប្រទេស​ថៃ។​ បច្ចុប្បន្ន​នេះ​ សុខ​ ធី​ បាន​វិល​កម្ពុជា​វិញ​ហើយ​ជា​មួយ​ភរិយា​ និង​កូន​ប្រុស​ដោយ​កំពុង​រួមរស់​ជា​មួយ​ក្លឹប​ប្រដាល់​ Kun Khmer International Fight Gym (KKIF) របស់​លោក​ឧកញ៉ា ស្រី ចាន់ថន៕​

អត្ថបទ៖ នួន ស៊ីណា​