កីឡាករ​ លន​ បញ្ញា៖​ ប្រកួត​នៅ​អូស្ត្រាលី​មិន​ចង់​បាន​បទ​ពិសោធ​ទេ​គឺ​ទៅ​ចង់​បានឈ្នះ​មក​វិញ​

  • 2023-10-04 09:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ លន​ បញ្ញា​ ថា​ការ​ប្រកួត​នៅ​ខែ​វិច្ឆិកា​ឯ​ប្រទេស​អូស្ត្រាលី​ខាង​មុខ​នេះ​គឺ​ទៅ​ចង់​បាន​ជ័យជម្នះ​មក​វិញ​មិន​ចង់​ទៅ​យក​បទ​ពិសោធ​នោះ​ទេ។​

រូបភាពលើហ្វេសបុក បញ្ញា

លន​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​រូប​គេ​នឹង​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​ជា​មួយ​មិត្ត​រួម​អាជីព​មួយ​ចំនួន​ទៀត។​ ការ​ប្រកួត​នៅ​អូស្ត្រាលី​នេះ​ជា​ប្រទេស​ទី៥​ ហើយ​ដែល​រូប​គេ​ធ្លាប់​ចេញ​ប្រកួត​ក្រៅ​ស្រុក។​ ដូច្នេះ​លើក​នេះ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ធំ​មួយ​សម្រាប់​ខ្លួន​ផង​ដែរ។​

  • ឆ្លើយ​តប​និង​សំនួរ​ថា៖​ «យល់​យ៉ាងណា​ចំពោះ​ការ​ប្រកួត​មួយ​នេះ​ ព្រោះ​ហោះ​រហូត​ដល់​អូស្ត្រាលី​ឯណោះ» ?​
  • បញ្ញា​៖ ឆ្លើយ​ភ្លាម​លាយ​ជា​មួយ​សំណើច​ថា «ចេញ​ទៅ​ប្រកួត​នៅ​អូស្ត្រាលី​លើក​នេះ​មិន​ចង់​បាន​មក​វិញ​ត្រឹម​បទ​ពិសោធ​នោះ​ទេ។​ ទៅ​ចង់​បាន​ឈ្នះ​មក​ស្រុក​វិញ»។​
រូបភាពលើហ្វេសបុក បញ្ញា

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​បន្ថែម​ទៀត​ថា​ នឹង​ខំប្រឹង​បុក​ហាត់​ឲ្យ​ខ្លាំង​ ពិសេស​កម្លាំង​ស៊ុហ្វ​តែ​ម្ដង​ ព្រោះ​ប៉ះ​បរទេស​ទាំង​នោះ​គឺ​ភាគ​ច្រើន​វ៉ៃ​បែប​ឃីកបុកស៊ី​ (Kick Boxing)​ ចេញ​ ចូល​ លឿន​វ៉ៃ​រហ័ស​ខុស​ពី​ទម្រង់​ពេល​ប៉ះ​ថៃ។​

បើ​តាម​ការ​បញ្ជាក់​របស់​ លន​ បញ្ញា​ គឺ​រូប​គេ​នឹង​ត្រូវ​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី១​ ខែ​វិច្ឆកា​ ដើម្បី​ចូលរួម​ការប្រកួត​នៅ​ថ្ងៃ​ទី៥​ ក្នុង​ប្រទេស​អូស្ត្រាលី។​ តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ប្រដាល់​ផ្សេង​គេ​ឃើញ​មាន​កីឡាករ​ដែល​ត្រូវ​ទៅ​ប្រកួត​នៅ​អូស្ត្រាលី​នោះ​ដូច​ជា​ លន​ បញ្ញា​ ពេជ្រ​ សម្បត្តិ​ ពេជ្រ​ ប៊ុនសិទ្ធ​ អេ​ អាំងម៉ារីនភូថង​ និង​កីឡាករ​ គ្រឿម សុវណ្ណឃីម៕​

អត្ថបទ៖ នួន ស៊ីណា​