ទីតាំង​ដ៏សំខាន់​នៃប្រាសាទ​អង្គរវត្ត​ ដែល​ភ្ញៀវ​ទេសចរ​តែងឆ្លងកាត់​ឥតដាច់ ត្រូវបាន​បញ្ចប់​ការជួសជុលហើយ

  • 2024-01-09 03:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ បន្ទាប់ពីបាន​ចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។

មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឱ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។

លោក ឃាម មុនី ឱ្យដឹងទៀតថា បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូចខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរ ដូចជា រុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ពន្ធរបស់ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញដែរ។

ខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដែលមានអាយុកាលនៃសំណង់យូរលង់មកហើយ បានរងការខូចខាតដោយសារតែដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។

ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺជាទីតាំងសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះហើយ បានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផង និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យកាន់តែមានជម្រើសច្រើនផង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី