ប៉ាល់​ ឆរស៊ី្ម​ ៖​ សុខភាព​ល្អ​បាន​មក​ពី​ការ​ហាត់​កីឡា​ មិនមែន​បាន​មក​ពី​ការ​បរិភោគ​សត្វ​ព្រៃ​ទេ​

  • 2024-01-18 05:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ាល់​ ឆរស៊ី្ម​ កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ អ្នក​កីឡា​ទាំង​អស់​ដែល​ទទួល​បាន​សុខភាព​ល្អ​ និង​យល់​ដឹង​ពី​សារប្រយោជន៍​ នៃ​ការ​ហាត់​កីឡា ​គួរ​ចូលរួម​ចែករំលែក​ និង​ផ្សព្វផ្សាយ​ដល់​មហាជន​ហើយ​ពន្យល់​ថា​មិនមែន​ញុំ​សត្វ​ព្រៃ​នាំ​ឲ្យ​មាន​សុខភាព​នោះ​ទេ។​

ប៉ាល់​ ឆរស៊ី្ម​ កំពុងថ្លែងសារទៅមហាជន

កីឡា​ការិនី​ ប៉ាល់​ ឆរស៊ី្ម​ ដែល​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​មហោស្រព​សត្វ​ស្លាប​លើក​ទី២​ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ (ចំការដូង)​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​សប្បាយ​ចិត្ត​មែនទែន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ។​ អ្វី​ដែល​សំខាន់​នោះ​គឺ​បាន​ចូលរួម​ចែករំលែក​ និង​ផ្ញើ​សារ​ដល់​ប្រជាពលរដ្ឋ​ ពិសេស​សិស្ស​និស្សិត​ឲ្យ​ចេះ​ស្រឡាញ់​ការពារ​បរិស្ថាន​ និង​បញ្ឈប់​ការ​បរិភោគ​សត្វ​ព្រៃ។​

ប៉ាល់​ ឆរស៊ី្ម​ ពេលចូលរួមកម្មវិធីសត្វស្លាប

បរិស្ថាន​ស្អាត​ បរិស្ថាន​ល្អ ​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​មាន​សុខភាព​ល្អ​ មាន​កម្លាំង​កាយ កម្លាំងប្រាជ្ញា​ អាច​ដោះស្រាយ​ និង​បំពេញ​ការងារ​បាន​ល្អ​។​ ទន្ទឹម​និង​នេះ​ធ្វើ​ឲ្យ​ម្នាក់ៗ​រស់​នៅ​ដោយ​បរិយាកាស​ស្រស់ស្រាយ​ អីចឹង​ហើយ​ការ​ការពារ​សត្វ​ព្រៃ​ និង​បរិស្ថាន​គឺ​ជា​រឿង​សំខាន់​សម្រាប់​អ្នក​គ្រប់គ្នា។​

ប៉ាល់​ ឆរស៊ី្ម​ ពេលចូលរួមកម្មវិធីសត្វស្លាប

ម្ចាស់​មេដាយ​ ៦គ្រឿង​នៅ​ស៊ីហ្គេម​កម្ពុជា​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ «សុខភាព​ល្អ​បាន​មក​ពី​ការ​ហាត់​កីឡា​ មិនមែន​បាន​មក​ពី​ការ​បរិភោគ​សត្វព្រៃ​នោះ​ទេ»​ ដូច្នេះ​អ្នក​កីឡា​ទាំង​អស់​ដែល​បាន​យល់ដឹង​ និង​ទទួល​បាន​សុខភាព​ល្អ​ពី​កីឡា​ គួរ​នាំ​គ្នា​ផ្សព្វផ្សាយ​ពន្យល់​ដល់​មហាជន​ ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ មួយ​វិញ​ទៀត​ក្នុង​នាម​ជា​អ្នក​កីឡា​ដែល​មហាជន​ស្គាល់​ច្រើន​គួរ​ចូលរួម​ជំរុញ​ឲ្យ​ប្រជាជន​ទូទៅ​ស្រឡាញ់​ការពារ​បរិស្ថាន​ល្អ​ ការពារ​សត្វព្រៃ ​ពិសេស​សត្វ​មួយ​ចំនួន​ដែល​ជិត​ផុតពូជ​ ងាក​មក​ថែរក្សា​ និង​បញ្ឈប់​ការ​បរិភោគ​ពី​ពេល​នេះ​តទៅ។​

ប៉ាល់​ ឆរស៊ី្ម​ ពេលចូលរួមកម្មវិធីសត្វស្លាប

កម្មវិធី​មហោស្រព​សត្វ​ស្លាប​ និង​ធម្មជាតិ ​ឆ្នាំ​២០២៤​ លើក​ទី២​ ក្រោម​ប្រធាន​បទ​ «ផ្ទះ​សម្រាប់​យើង​ទាំង​អស់​គ្នា»​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​មករា​ នៅ​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ (ចំការ​ដូង)។​ កម្មវិធី​សង្គម​មួយ​នេះ​រៀបចំ​ដោយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ (NatureLife Cambodia Organization) ​សហការ​ជា​មួយ​ក្រសួង​បរិស្ថាន​ និង​អង្គការ​ដៃគូ​ជា​ច្រើន​ទៀត។ ក្នុង​នោះ​ដែរ​ ប៉ាល់​ ឆរស៊ី្ម​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ដែល​ជា​វរិៈ​កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ស៊ីហ្គេម ឆ្នាំ​២០២៣៕​

ប៉ាល់​ ឆរស៊ី្ម​ ពេលចូលរួមកម្មវិធីសត្វស្លាប

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី