មកស្គាល់ដៃគូ បឺត សង្ឃឹម ត្រៀមប្រកួតនៅអូស្ត្រាលី ជាជើងខ្លាំងនៅថៃ ធ្លាប់ឈ្នះខ្សែក្រវ៉ាត់ច្រើនស្ថាប័ន

  • 2024-02-01 02:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រដាល់ថៃ ដែលជាដៃគូប្រកួតរបស់ កីឡាករគុនខ្មែរ បឺត សង្ឃឹម មានឈ្មោះថា Yothin Hamuthai។ Yothin ចាប់ផ្តើមប្រកួតតាំងពីអាយុ ៥ឆ្នាំ ហើយធ្លាប់បានហ្វឹកហាត់នៅក្លឹបប្រដាល់ Sakaethongresort Gym ក្នុងតំបន់ Isan រហូតដល់រូបគេ ត្រូវបានក្លឹបប្រដាល់ FA Group ចាប់អារម្មណ៍ចង់បានមកចូលរួមជាមួយក្លឹប។

Yothin មានគ្រូបង្វឹក ឈ្មោះថា Kru Diesel ដោយចាប់ពីខែមីនា ឆ្នាំ ២០១៦ ដល់ខែមីនា ឆ្នាំ ២០១៧ អ្នកប្រដាល់ថៃរូបនេះ បានទទួលជ័យជម្នះចំនួន ៨ ដង និងចាញ់តែ ១ ដងប៉ុណ្ណោះ ដែលនាំឱ្យរូបលោកស្ថិតក្នុងបញ្ជីសម្រាំងសម្រាប់ពានរង្វាន់ Thailand Sports Writer Fighter of the Year។

Yothin បានបន្តការឈ្នះក្នុងអាជីពប្រដាល់ ជាបន្តបន្ទាប់នៅកីឡដ្ឋាន Rajadamnern ហើយទទួលបានចំណាត់ថ្នាក់លេខ ១។ អ្នកប្រដាល់រូបនេះ កើតនៅ Udon Thani ប្រទេសថៃ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ១៩៩២ ដោយគិតមកដល់សព្វថ្ងៃរូបគេមានអាយុ ៣១ ឆ្នាំ។ Yothin មានកម្ពស់ ១ម៉ែត្រ ៧១ និង ទំងន់ ៥៣,៥ គីឡូក្រាម។

ចំពោះកំណត់ត្រា និង ជ័យជំនះធំៗដែល Yothin ធ្លាប់សម្រេចបាន រួមមាន ៖

ជើងឯកព្រឹត្តិការណ៍ World Muay Thai Council នៅក្នុងឆ្នាំ ២០១៦

ជើងឯក True4U Muaymanwansuk នៅក្នុងឆ្នាំ ២០១៦

ជើងឯក Professional Boxing Association of Thailand (PAT) ចំនួន២លើក គឺនៅក្នុងឆ្នាំ ២០២១ និង ២០២៣

ជើងឯក International Federation of Muaythai Associations នៅក្នុងឆ្នាំ ២០២២

ជើងឯក Rajadamnern World Series នៅក្នុងឆ្នាំ ២០២២ ។

គូរឱ្យដឹងថា អ្នកប្រដាល់ជើងខ្លាំងថៃ Yothin នឹងត្រូវប្រកួតគ្នាជាមួយ កីឡាករឆ្នើមគុនខ្មែរ បឺត សង្ឃឹម នៅទឹកដីប្រទេសអូស្ត្រាលី នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម