តារាចម្រៀង ៦ដួង បញ្ចេញសារអប់រំខ្លឹមៗ ក្រោយ​នាយករដ្ឋមន្ដ្រីចេញ​បទញ្ជា​ម៉ឺងម៉ាត់រឿងគ្រឿងញៀន

  • 2024-02-21 09:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​បញ្ជា​ម៉ឺងម៉ាត់​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​មន្ដ្រី​រាជការ​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌ​មន្ដ្រី​រាជការ​ដោយ​ពុំ​មាន​ការ​លើក​លែង កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ត្រូវ​បាន​ពលរដ្ឋ និង​អ្នកសិល្បៈ​មួយចំនួន​ស្វាគមន៍។

ទន្ទឹម​គ្នា​នេះ គេ​ក៏​ឃើញ​សិល្បករ-សិល្បការិនី​មួយ​ចំនួន​ក៏​បង្ហាញ​ការ​គាំទ្រ និង​បញ្ចេញ​មតិ​ដាស់​តឿន​ដល់​យុវវ័យ និង​មន្ដ្រី​រាជការ​កុំ​យក​ខ្លួន​បៀត​នឹង​គ្រឿង​ញៀន។ ជាក់ស្ដែង​នៅ​ថ្ងៃ​នេះ គេ​ឃើញ​មាន​តារា​ចម្រៀង​ ៦​ដួង បាន​បង្ហាញ​មុខ​តាម​បណ្ដាញ​សង្គម ហើយ​បញ្ចេញ​មតិ​រឿងៗខ្លួន។

តារា​ចម្រៀង​ទាំង​នោះ គឺ​មាន​ដូច​ជា៖ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ តន់ ចន្ទសីម៉ា ខាន់ ជេមស៍ ខេម និង​លោក ជុំ លីណូ ព្រម​ទាំង​អ្នក​និពន្ធ និងជា​តារាចម្រៀង ខេង គួយលី។ ក្នុង​នាម​ជា​អ្នក​សិល្បៈ ពួកគាត់​បាន​ផ្ដើម​ពាក្យ​ស្រដៀង​គ្នា គឺ"គ្រឿងញៀន​បំផ្លាញ​អនាគត សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ខុស​ច្បាប់"។

ទាក់ទង​បញ្ហា​គ្រឿង​ញៀន​នេះ​ដែរ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ផ្សព្វផ្សាយ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ ធ្លាប់​បញ្ជាក់​ថា គ្រឿងញៀន​គឺ​ជា​បញ្ហា​ធំ​មួយ​របស់​សង្គម​ជាតិ ហើយ​ទាមទារ​ឲ្យ​អ្នក​អ្នក​ពាក់ព័ន្ធ សិល្បករ-សិល្បការនី ឬ​អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម​ចូលរួម​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​ទាំង​អស់​គ្នា។

ការ​បញ្ចេញ​សារ​ដាស់តឿន​ព្រម​ៗ​គ្នា​លើ​បណ្ដាញ​សង្គម​ទៅ​កាន់​យុវវ័យ​របស់​តារា​ចម្រៀង​ខ្មែរ​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ចេញ​បទ​បញ្ជា​ម៉ឺងម៉ាត់​បណ្ដេញ​មន្ដ្រីរាជការ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន​ខុសច្បាប់​ដោយ​គ្មាន​ការ​លើក​លែង ហើយ​ការ​អនុវត្ដ​ទណ្ឌកម្ម​ខាង​វិន័យ​នេះ មិន​រារាំង​ដល់​ចំណាត់​ការ​ព្រហ្មទណ្ឌ​ឡើយ។

បទបញ្ជា​នេះ ធ្វើ​ឡើង​ក្នុង​ពេល​សម្ដេច​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី៩ កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ​២០២៤៕

អត្ថបទ៖ Chin Sopheak

អត្ថបទថ្មី