បើក​ក្លឹប​ប្រដាល់​បាន​ខ្ទង់​ ២ខែ​ សែន​ រ៉ាដេត​ និយាយ​បែប​នេះ​...​

  • 2024-03-06 05:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​ សែន​ រ៉ាដេត​ ក្រោយ​បើក​ក្លឹប​ប្រដាល់​បាន​ខ្ទង់​២ខែ​មក​នេះ​រូប​គេ​ថា​ដំណើរ​ការ​ល្អ​មាន​សិស្ស​បាន​ប្រកួត​ខ្លះៗ​ហើយ​ ខណៈ​បញ្ហា​ប្រឈម​ធំ​នោះ​គឺ​ចំណាយ​ច្រើន​ក្នុង​មួយ​ខែ​ៗលើ​បាយទឹកសិស្ស។​

រ៉ាដេត និង​សិស្ស

សែន​ រ៉ាដេត​ បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​ពេល​នេះ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ដែន​សមុទ្រ​បើក​បាន​ជាង​២ខែ​មក​ហើយ។​ យ៉ាងណា​២ខែ​មក​នេះ​មាន​សិស្ស​ចេញ​ចូល​ជា​បន្តបន្ទាប់​អ្នក​ខ្លះ​ទ្រាំ​ហាត់​បាន​ចេះ​តែ​បន្ត​ ចំណែក​ខ្លះ​ទៀត​ទម្រាំ​មិន​បាន​ក៏​សម្រេច​សុំ​ឈប់​ទៅ​វិញ។​

ក្លឹបប្រដាល់គុនខ្មែរ​ដែនសមុទ្រ

កីឡាករ​ល្បី​ឈ្មោះ​ក្នុង​វិស័យ​គុន​ខ្មែរ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​ការ​លំបាក​ ឬ​បញ្ហា​ប្រឈម​នោះ​គឺ​មាន​ដូច​ជា​ការ​ចំណាយ​ច្រើន​លើ​ម្ហូប​អាហារ​សិស្សៗ​ និង​ថ្លែង​ទឹក​ភ្លើង​ជា​ដើម។​ ក្នុង​មួយ​ខែ​ចំណាយ​ចន្លោះ​ខ្ទង់​ ៨០០​ដុល្លារ​លើ​ការ​ហូប​ចុក​របស់​សិស្ស​ ១៥នាក់​ និង​ចំណាយ​ផ្សេងៗ​មួយ​ចំនួន​ទៀត។​ បច្ចុប្បន្ន​នេះ​ក៏​មាន​បង​ប្អូន​ស្រឡាញ់​ចូលចិត្ត​ និង​សប្បុរសជន​មួយ​ចំនួន​ផង​ដែរ​ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ ជា​អង្ករ​ និង​សម្ភារ​មួយ​ចំនួន​ដល់​ក្លឹប​ ដូច្នេះ​មាន​ការ​ធូរស្រាល​ខ្លះ​ដែរ​ចំពោះ​ពួក​លោក​ទាំង​៣នាក់​បង​ប្អូន​ដែល​ជា​ម្ចាស់​ក្លឹប។​

ក្លឹបប្រដាល់គុនខ្មែរ​ដែនសមុទ្រ

ជំនួស​មុខ​បង​ប្រុស​ សែន​ រ៉ាឌី​ ឆ្លាម​ ស​ កីឡាករ​ សែន ​រ៉ាដេត​ សូម​ថ្លែង​អំណរ​គុណ​ដល់​ហាង​គ្រឿង​សមុទ្រ​ដែន​សមុទ្រ​ សណ្ឋាគារ​ Chan Boutique​ Ren Resort និង​សប្បុរសជន​នានា​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្លឹប​ប្រដាល់​របស់​ខ្លួន​នា​ពេល​កន្លង​ទៅ​នេះ។​

បញ្ជាក់​ដែរ​ថា​ ក្លឹប​ប្រដាល់​គុន​ខ្មែរ​ដែន​សមុទ្រ​គឺ​បង្កើត​ឡើង​ដោយ​បង​ប្អូន​៣រូប​រួម​មាន​ សែន​ រ៉ាឌី​ សែន​ រ៉ាដេត​ និង​លោក​ ឆ្លាម​ ស។​ ក្លឹប​ប្រដាល់​នេះ​គឺ​មាន​ទីតាំង​នៅ​ ភូមិ​ត្រពាំងស្វាយ​ ឃុំ​ក្រាំងម្កាក់​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល៕​

ក្លឹបប្រដាល់គុនខ្មែរ​ដែនសមុទ្រ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម