ទាយ​មើល កំណត់​ត្រា​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ឆ្នាំ ១៩៩០ មាន​តម្លៃ​ប៉ុន្មាន?

  • 2024-03-12 12:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​បាល់ទាត់​ កំណត់​ត្រា​ផ្ទេរ​កីឡាករ​ត្រូវ​បាន​សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​ជា​លំដាប់​​ដោយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​តម្លៃ​ផ្ទេរ​កីឡាករ​ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប​ក្នុង​តម្លៃ​រាប់​រយ​លាន​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​ ប៉ុន្តែ​បើ​ត្រលប់​ទៅ​កាន់​ឆ្នាំ ១៩៩០ វិញ​កំណត់​ត្រា​ផ្ទេរ​ថ្លៃ​បំផុត​កាល​នោះ​​គឺ​​ប្រមាណ ១០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​។​

ទំហំ​លុយ​នេះ គឺ​ជា​ទឹក​ប្រាក់​ដែល​ក្លឹប Juventus បាន​ចំណាយ​ក្នុង​ការ​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី Roberto Baggio ពី​ក្លឹប Florentina។ Baggio លេង​ឲ្យ Juventus រយៈ​ពេល ៥ ឆ្នាំ មុន​មក​ចូល​រួម​ AC Milan រយៈ​ពេល ២ ឆ្នាំ​ពី​ឆ្នាំ ១៩៩៥ ដល់ ១៩៩៧។ បន្ទាប់​កីឡាករ​ទៅ​លេង​ឲ្យ Bologna បាន​ ១ ឆ្នាំ រួច​ក៏​ទៅ​លេង​ឲ្យ Inter Milan រយៈ​ពេល ២ ឆ្នាំ ដល់​ឆ្នាំ ២០០០។ ចុង​បញ្ចប់ Baggio ចំណាយ​ពេល​រយៈ​ពេល ៤ ឆ្នាំ​ចុង​ក្រោយ​ក្នុង​អាជីព​របស់​ខ្លួន​នៅ​ក្លឹប Brescia មុន​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០០៤។

តម្លៃ​នៃ​ការ​ផ្ទេរ​របស់ Baggio ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ ១៩៩០ គឺ​ជា​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់​នា​ពេល​នោះ។ ទោះ​ជា​យ៉ាង​ណា បើ​ប្រៀប​នឹង​ទំហំ​កំណត់​ត្រា​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​នា​ពេល​បច្ចុប្បន្ន គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ពោល​គឺ​ដល់​ទៅ ២៥ ដង​ឯ​ណោះ។

កំណត់​ត្រា​ផ្ទេរ​ថ្លៃ​បំផុត​បច្ចុប្បន្ន គឺ​តម្លៃ ២៤០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ​គឺ​ជា​ទំហំ​លុយ​ដែល PSG បាន​ចំណាយ​ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ Neymar Jr កាល​ពី​ឆ្នាំ ២០១៧។

កំណត់​ត្រា​ផ្ទេរ​ថ្លៃ​បំផុត​មាន​ការ​ប្រែប្រួល​ជា​លំដាប់​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល ហើយ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ជា​ពិសេស​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ នេះ​ក៏​ដោយ​សារ​មូល​ហេតុ​សំខាន់​ៗ​ជា​ច្រើន រួម​មាន​ការ​កើន​ឡើង​នៃ​ចំណូល​នៃ​ក្លឹប​បាល់ទាត់ ដែល​បណ្ដាល​មក​ពី​ការ​រីក​ដុះ​ដាល​ឡើង​នៃ​ប្រជាប្រិយភាព​នៃ​កីឡា​បាល់ទាត់​ជា​ពិសេស​នៅ​លីគ​ធំៗ​នៅ​អឺរ៉ុប។ ដូច្នេះ ទើប​មាន​ការ​បំបែក​កំណត់​ត្រា​ផ្ទេរ​ថ្លៃ​បំផុត​ជា​ច្រើន​ដង តាំង​ពី​ជំនាន់ Baggio មក។ តួ​យ៉ាង កាល​ពី​ឆ្នាំ ២០០១ ក្លឹប Real Madrid បាន​ផ្ទេរ​ចូល Zinedine Zidane ពី​ Juventus ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​នា​ពេល​នោះ។ ក្រោយៗ​មក​ទៀត ការ​ផ្ទេរ​កីឡាករ​ល្បីៗ​ដូច​ជា Cristiano Ronaldo (ឆ្នាំ ២០០៩) Gareth Bale (ឆ្នាំ ២០១៣) Paul Pogba (ឆ្នាំ ២០១៦) និង​ចុង​ក្រោយ Neymar (ឆ្នាំ ២០១៧) សុទ្ធ​តែ​បំបែក​កំណត់​ត្រា​ផ្ទេរ​ថ្លៃ​បំផុត។

ការណ៍​នេះ ធ្វើ​ឲ្យ​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​ក៏​មាន​ការ​ប្រែប្រួល​តាម​នោះ​ដែរ ដែល​ធ្វើ​ឲ្យ​តម្លៃ​កីឡាករ​ ជា​ពិសេស​កីឡាករ​លេង​ក្នុង​លីគ​អឺរ៉ុប​ធំៗ មាន​តម្លៃ​ផ្ទេរ​ខ្ពស់​កប់​ពពក បើ​ទោះ​ជា​ពួក​គេខ្លះទើប​មាន​វ័យ​ក្មេង ហើយ​ទើប​ចូល​លេង​ឈុត​ធំ​មួយ​រយៈ​ពេលខ្លី​ក្ដី​៕

ប្រភព៖ Four Four Two   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី