ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ Smart Axiata ចូលរួមឧបត្ថម្ភធំពិធីបុណ្យទន្លេលើកទី 8 នៅខេត្តសៀមរាប

  • 2024-03-15 04:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា មានមោទនភាពក្នុងការប្រកាសពីការចូលរួមរបស់ខ្លួនក្នុងចំណោមអ្នកឧបត្ថម្ភធំរបស់ពិធីបុណ្យទន្លេលើកទី 8 ដែលនឹងរៀបចំឡើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងភាគីពាក់ព័ន្ធ។

ពិធីបុណ្យទន្លេលើកទី 8 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែមីនា ឆ្នាំ 2024 នាខេត្តសៀមរាបដែលត្រូវបានគេស្គាល់ថាជាខេត្តសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ស្រស់បំព្រងរបស់កម្ពុជា។ បុណ្យទន្លេលើកទី 8 ដ៏អធិកអធមនេះនឹងត្រូវបើកសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ផងដែរ។

ពិធីបុណ្យទន្លេលើកទី 8 នេះ រៀបចំឡើងក្នុងគោលបំណងជំរុញទឹកចិត្តមហាជនឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងលើកកម្ពស់កម្មវិធីទេសចរណ៍ក្នុងខេត្តដែលនៅជាប់តាមដងទន្លេក្នុងប្រទេសកម្ពុជា។ អមជាមួយសកម្មភាពអប់រំ កម្មវិធីបុណ្យលើកនេះនឹងផ្តល់ជូននូវការកម្សាន្តដ៏សម្បូរបែបសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់វ័យ។

ក្រុមហ៊ុន Smart Axiata នឹងមានស្តង់ចំនួន 2 ដើម្បីចូលរួមនៅក្នុងពិធីបុណ្យទន្លេលើកនេះ។ ក្នុងនោះមានស្តង់ VIP ដែលក្រុមហ៊ុនរៀបចំឡើងដើម្បីធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួនសម្រាប់ទទួលការចូលទស្សនា និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងៗទៀតផងដែរ។ ក្រៅពីស្តង់ VIP ក្រុមហ៊ុន Smart Axiata ក៏នឹងមានស្តង់សម្រាប់ទទួលអ្នកចូលរួមទូទៅ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដើម្បីស្វែងយល់ និងទទួលបានបទពិសោធន៍ប្រើប្រាស់ផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន។ ក្រៅពីនេះអ្នកចូលរួមក៏នឹងមានឱកាសលេងល្បែងកម្សាន្តសប្បាយៗទៅស្តង់ Smart ដើម្បីទទួលបានរង្វាន់ជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថាសម្រាប់កម្មវិធីផ្លូវការនាថ្ងៃទី 16 លោក ជី ដេវីត តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពក៏នឹងមានវត្តមានចូលរួមសម្តែងបទចម្រៀងរបស់ខ្លួន ក្នុងកម្មវិធីសម្តែងសិល្បៈសម្រាប់ពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី 8 នេះផងដែរ។ កម្មវិធីបើកផ្លូវការថ្ងៃទី 16 នេះមានការផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេសបុករបស់ Smart Axiata និង Pleng ផងដែរ។

ក្នុងនាមជាអ្នកឧបត្ថម្ភធំពិធីបុណ្យទន្លេលើកទី 8 នេះ ក្រុមហ៊ុន Smart ជំរុញ និងលើកទឹកចិត្តឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់មជ្ឈដ្ឋាននាំគ្នាចូលរួមកម្មវិធីបុណ្យទន្លេលើកនេះទាំងអស់គ្នាឱ្យបានច្រើនកុះករ ដើម្បីទទួលបានឱកាសស្វែងយល់អំពីសារៈសំខាន់នៃសក្តានុពលទេសចរ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេ ចូលរួមជាមួយកម្មវិធីកម្សាន្តសប្បាយៗ។ ការចូលរួមរបស់អ្នកទាំងអស់គ្នាជាចំណែកមួយដ៏សំខាន់ដើម្បីលើកស្ទួយវិស័យឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជាយើងប្រកបដោយនិរន្តរភាព។