ហេតុផលធំមួយលោក RICKY Sun ឈប់ពីអាជីពចម្រៀងមកធ្វើគ្រូគុនខ្មែរ
- 2024-04-19 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលធំមួយលោក RICKY Sun ឈប់ពីអាជីពចម្រៀងមកធ្វើគ្រូគុនខ្មែរ
ចន្លោះមិនឃើញ
លោក Ricky Sun ដែលប្រិយមិត្តស្គាល់ជាគ្រូប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបប្រដាល់ខ្លារខិនគុនខ្មែរកាលពីពេលថ្មីៗនេះ បានទម្លាយឲ្យដឹងតាមរយៈផេកក្នុងស្រុកមួយថា លោកជាអតីតតារាងចម្រៀងមួយរូប មុនក្លាយជាគ្រូប្រដាល់គុនខ្មែរ ហើយមានមូលហេតុធំមួយដែលលោកបញ្ចប់អាជីពមួយនេះ មកចាប់ជាគ្រូបង្វឹកគុនខ្មែរ។
គ្រូបង្វឹកគុនខ្មែរដែលកំពុងមានឈ្មោះបោះសំឡេងបានទម្លាយឱ្យថា ហេតុផលមួយនោះគឺដោយសារក្នុងអាជីពជាតារាងចម្រៀង លោកបានប្រឈប់នឹងរឿងស្មុគស្មាញជាច្រើន និងមិនត្រូវទៅតាមចំណង់ចំណូលចិត្តដែលលោកចង់បាន ទើបឈានដល់ទីបញ្ចប់អាជីពតែម្ដង និងមានការងារច្រើនទៀតដែលលោកបានឆ្លងកាត់ដូចជាអ្នករាំបែបបទចង្វាក់ តុងហ្គោ ឆាឆាឆា និងទ្វីសជាដើម ពីក្រោយតារាចម្រៀង។
ដោយគិតថាអាជីពទាំងនេះមិនអាចធ្វើឲ្យខ្លួនមានមុខមាត់ មិនអាចចិញ្ចឹមជីវិតខ្លួនឯងបាន ហើយបានដឹងពីចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន ក្រោយមកលោកក៏ចាប់អាជីពជា MC អត្ថាធិប្បាយលក់ស៊ីមកាតតាមផ្លូវ ដោយកាលនោះបានកម្រៃ១៥ដុល្លារក្នុងមួយថ្ងៃ ធ្វើចាប់ពីម៉ោង៧ព្រឹកដល់៦ល្ងាច រហូតមានឱកាសឡើងឆាកខនសឺតតាមបណ្ដាខេត្តនានា និងឡើងតាមប៉ុស្តិ៍ទូរទស្សន៍។ ប៉ុន្តែអ្វីលោកមិនចោលនោះគឺការបង្ហាត់គុនខ្មែរ រហូតមានសិស្សផ្ទាល់ខ្លួន ដោយមិនទទួលបានកម្រៃពីថ្លៃបង្ហាត់ឡើង ព្រោះកូនសិស្សលោកមានជីវភាពលំបាកជាងលោកទៅទៀត។ ផ្ទុយទៅវិញលោកបានប្រើថវិការបានពីការងារ MC មកទំនុកបម្រុងទិញសម្ភារៈកីឡាជួយសិស្សក្នុងការហ្វឹកហាត់ថែមទៀតផង។
ត្រង់ចំណុចនេះប្រិយមិត្តប្រហែលជាឆ្ងល់ហើយថា លោក Ricky Sun ជាតារាងចម្រៀង អ្នករាំ និង MC ទេ ហេតុអ្វីលោកអាចបង្ហាត់ប្រដាល់គុនខ្មែរ? ដើម្បីឲ្យមហាជនអស់ចម្ងល់លោក Ricky បានបើកកកាយថា មុនលោកចូលប្រឡូកក្នុងវិស័យសិល្បៈ លោកគឺជាអ្នកប្រដាល់មួយរូបដែរ ប៉ុន្តែក្រោយមានបញ្ហារបួសបាក់ដៃជើង លោកក៏បញ្ចប់អាជីពប្រដាល់តែម្ដង។
បង្ហាត់សិស្សមិនបានកម្រៃ ហើយថែមទាំងអស់ថវិការផ្ទាល់ខ្លួនទៅទៀត ហេតុអ្វីបានជាលោកគ្រូ Ricky ហ៊ានលះបង់ខ្លាំងបែបនេះ? ចំណុចនេះក៏ដោយសារលោក Ricky មិនធ្លាប់ត្រូវបានគេផ្ដល់ឱកាសដូចជាការឲ្យកាដូអ្វីមួយពីមនុស្សជុំវិញខ្លួន រហូតលោកមានឈ្មោះបោះសំឡេង មានមុខមានមាត់ ទើបឱកាសទាំងនោះបានមកដល់ជាបន្តបន្ទាប់។
លោក Ricky បានបញ្ជាក់បែបនេះថា ៖«ខ្ញុំអត់មានឱកាស ខ្ញុំអត់មានឱកាសសោះ ខ្ញុំមិនដែលត្រូវបាននណាផ្ដល់ឱកាសឲ្យសោះ ដូច្នេះខ្ញុំគ្មានឱកាស ចឹងខ្ញុំផ្ដល់ឱកាសឲ្យពួកគាត់ នៅពេលនោះខ្ញុំមិនដែលទទួលបានឱកាសដែលធ្លាប់ថាត្រូវបានកាដូពីគេ ខ្ញុំមិនដែលសោះ តាំងពីខ្ញុំក្មេងរហូតខ្ញុំអាយុ២០ឆ្នាំជាង ខ្ញុំមិនដែលបានកាដូពីអ្នកណាទេ ខ្ញុំមិនដែលបានឱកាសពីអ្នកណាផ្ដល់ឱ្យខ្ញុំសោះ រហូតខ្ញុំក្លាយជា MC គេស្គាល់បានច្រើនគួរសម ទើបខ្ញុំមានឱកាស ទើបខ្ញុំទទួលបាននូវកាដូខ្លះៗ ចឹងអ្វីដែលខ្ញុំចែកឲ្យពួកគាត់ខ្ញុំមាន ខ្ញុំមិនមែនជាអ្នកមានទេ ប៉ុន្តែខ្ញុំមានឱកាសឲ្យគាត់ ខ្ញុំមានអ្វីដែលគាត់ត្រូវការ ចឹងខ្ញុំឲ្យគាត់ទៅខ្ញុំអត់ក្រទេ ខ្ញុំអត់អស់ទេ»។
គួរបញ្ជាក់ថា លោក Ricky Sun ធ្លាប់ចេញចច្រៀងបានពីរបទនៅផលិតកម្ម J Tone ដោយបទទីមួយមានចំណងជើងថា «ខលមកពេលណាក៏យំ» និងបទទីពីរ «ផ្ញើសង្សារផង» ដែលកាលនោះលោកបានបញ្ជាក់ដែរថាជាបទចម្រៀង Copy ពីគេទេមិនមែនបទ Original Song ឡើយ៕