មេថ្មីបិសាចក្រហមបង្ហើបចំណុចអាទិភាពក្នុងការស្ដារមុខមាត់ក្លឹប
- 2024-06-20 13:06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេថ្មីបិសាចក្រហមបង្ហើបចំណុចអាទិភាពក្នុងការស្ដារមុខមាត់ក្លឹប
ចន្លោះមិនឃើញ
សហម្ចាស់ក្លឹប Manchester United លោក Jim Ratcliffe បានបង្ហើបចំណុចអាទិភាពរបស់លោក ក្នុងការលើកកម្ពស់សមត្ថភាពរបស់ក្លឹបបិសាចក្រហម។
លោក Jim Ratcliffe បានក្លាយជាសហម្ចាស់ក្លឹប Man United កាលពីខែកុម្ភៈ កន្លងទៅ។ លោកបានទិញភាគហ៊ុនចំនួន ២៧.៧ ភាគរយក្នុងតម្លៃប្រមាណ ១,៦ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ពីគ្រួសារត្រកូល Glazer ដែលជាម្ចាស់ហ៊ុនភាគច្រើនរបស់ក្លឹប។ ចំនួនភាគហ៊ុននេះ បើកផ្លូវឲ្យលោក Ratcliffe ក្លាយជាសហម្ចាស់ក្លឹបបិសាចក្រហម ហើយមានសិទ្ធិអំណាចសម្រេចលើកិច្ចការផ្សេងៗទាក់ទងទៅនឹងវិស័យកីឡារបស់ក្លឹប ក្នុងនោះរួមមានការសម្រេចចិត្តទាំងអស់ទៅលើដំណើរការកិច្ចការងារពាក់ព័ន្ធនឹងបាល់ទាត់បុរស បាល់ទាត់នារី និងថ្នាលបាល់ទាត់យុវជនរបស់ក្លឹប។
លោក Ratcliffe គឺជាមហាសេដ្ឋីលំដាប់កំពូលមួយនៅអង់គ្លេស ហើយជាម្ចាស់ក្រុមហ៊ុនចម្រាញ់ និងផលិតសារជាតិគីមីធំមួយលំដាប់ពិភពលោកឈ្មោះថា INEOS។ លើសពីនោះ លោកក៏មាននៅក្នុងដៃមុខជំនួញលើវិស័យជាច្រើនដូចជា អាហារ ថ្នាំពេទ្យ និងសំណង់។
ថ្វីបើលោកមានសិទ្ធិអំណាចធំជាពិសេសក្នុងនាមជាសហម្ចាស់ថ្មីរបស់ក្លឹប លោក Ratcliffe មិនបានបញ្ចេញយោបល់ច្រើនទេ ទៅលើបញ្ហាប្រឈម និងទិសដៅទៅមុខរបស់បិសាចក្រហមឡើយ។ ទើបតែនាពេលនេះ លោកបានបង្ហើប។
ថ្លែងប្រាប់សារព័ត៌មាន Bloomberg លោក Ratcliffe បាននិយាយថា បញ្ហាចម្បងរបស់ក្លឹប Manchester United ជាពិសេសជាង ១០ ចុងក្រោយ គឺមិនមែនមកពីអ្នកចាត់ការនោះ។ បញ្ហាចម្បងរបស់ក្លឹប គឺបរិយាកាសដែលក្លឹបដំណើរការមានសភាពមិនល្អ ដែលនាំឲ្យមានការសម្រេចចិត្តខុសជាច្រើន ជាពិសេសលើទីផ្សារដោះដូរកីឡាករ។ ជាង ១ ទសវត្សកន្លងទៅ បិសាចក្រហមចំណាយដល់ទៅជាង ១,៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក តែលទ្ធផលជាក់ស្ដែងនៅតែមិនគាប់ប្រសើរ។
ក្នុងន័យនេះ ចំពោះ លោក Ratcliffeទិសដៅអាទិភាពរបស់ Man United គឺមិនមែនផ្ដោតទៅលើការទិញកីឡាករល្អ ហើយថ្លៃៗនោះទេ។ ក្លឹបត្រូវផ្ដោតសំខាន់ទៅលើការងារអភិវឌ្ឍក្រុមកីឡាករ ដើម្បីឲ្យក្រុមកីឡាករមានលំនឹង ហើយជាមួយគ្នានោះ ផ្ទេរចូលកីឡាករល្អៗមួយចំនួនដើម្បីបង្កើនទម្រង់លេងរបស់ក្រុម។ ម៉្យាងវិញទៀត ក្លឹបត្រូវបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ដំណើរការក្លឹប ក្នុងនោះគឺត្រូវវិនិយោគបន្ថែមទៀតទៅលើហេត្ថារចនាសម្ព័ន្ធសំខាន់ៗរបស់ក្លឹប ដូចជាទីលានហ្វឹកហាត់របស់កីឡាករ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ក្លឹប។
តាំងពីអ្នកចាត់ការ Sir Alex Ferguson បានចូលនិវត្តន៍កាលពីឆ្នាំ ២០១៣ មក ក្លឹបបិសាចក្រហមបានធ្លាក់ក្នុងសភាពលំបាក។ ជាង ១០ ឆ្នាំកន្លងទៅ ក្លឹបមិនដែលឈ្នះពាន Premier League ឬ UEFA Champions League ឡើយ។ ក្រៅពីនេះ ទោះក្លឹបបានចំណាយលុយរាប់រយលានដុល្លារដើម្បីផ្ទេរចូលកីឡាករថ្លៃៗ ឬតែងតាំង អ្នកចាត់ការល្បីៗ ក៏ទម្រង់លេងរបស់ក្លឹបនៅតែមិនទៅមុខ រដិបរដុប ហើយភាពប្រកួតប្រជែងរបស់ក្លឹបបានធ្លាក់ចុះជាគំហុក។ តួយ៉ាងកាលពីរដូវកាលមុន ក្លឹបបានឈរចំណាត់ថ្នាក់លេខ ៨ ក្នុងលីគ។
មតិអ្នកគាំទ្ររបស់ក្លឹប ច្រើនទម្លាក់កំហុសលើកីឡាករ ឬអ្នកចាត់ការ នៅពេលក្លឹបលេងមិនល្អ ហើយទាមទារលក់កីឡាករនេះចេញ នាំកីឡាករនោះចូល ដេញគ្រូមួយចេញ ហើយដាក់វិញគ្រូមួយទៀត។ ទោះជាយ៉ាងណា ក៏មានមតិអ្នកគាំទ្រផ្សេងទៀត ក្នុងនោះរួមមានកីឡាករ Cristiano Ronaldo ផង បានទម្លាក់កំហុសទៅលើម្ចាស់ក្លឹប The Glazer Family ដែលធ្វើមិនបានល្អក្នុងការដឹកនាំ និងគ្រប់គ្រងទិសដៅរបស់ក្លឹប បង្កឲ្យបរិយាកាសក្នុងដំណើរការរបស់ក្លឹបមិនល្អ នាំឲ្យមានការសម្រេចចិត្តខុសជាច្រើន ជាពិសេសលើវិស័យបាល់ទាត់របស់ក្លឹប៕