ក្រុម​កីឡា​ទូក​នាគ​កម្ពុជា​ ១២ រូប​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី២៨​ មិថុនា​ នេះ​ហើយ​នៅ​ប្រទេស​រុស្សី​

  • 2024-06-28 03:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​អញ្ជើញ​របស់​សហព័ន្ធ​កីឡា​ទូក​កាយ៉ាក់​ និង​ទូកកានូ ​រដ្ឋ Altai Krai ប្រទេសរុស្ស៊ី កម្ពុជាបានទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី២៨ ដល់ ៣០ ខែ មិថុនា ឆ្នាំ២០២៤។​

លោក គង់ សុភាព គ្រូជំនួយ​បាន​ឲ្យ​ដឹង​ថា​ កីឡាករទាំង ១២ រូបនេះ​មុននិងចេញដំណើរទៅចូលរួមការប្រកួតគឺបានហ្វឹកហាត់ជាប់ជាប្រចាំជាមួយគ្រូបង្វឹកអន្តរជាតិ លោក ណាញ ណាញធូ ។ ក្រោមការវាយតម្លៃមើលឃើញថា កីឡាករមានការរីកចំរើនទាំងសមត្ថភាព និងបច្ចេកទេស។

ការទៅចូលរួមការប្រកួតលក្ខណៈអន្តរជាតិធំៗបែបនេះគឺដើម្បីឱ្យកីឡាករទូកនាគរបស់កម្ពុជា​បាន​ដកស្រង់​បទ​ពិសោធន​ជា​មួយ​កីឡាករ​អន្តរជាតិ​ជា​ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ដណ្តើម​មេដាយ​ការ​ប្រកួត​កីឡាស៊ីហ្គេម​ លើក​ទី៣៣​ ឆ្នាំ២០២៥។​

លោក គង់ សុភាព ​រំពឹង​ទុក​នឹង​ទទួល​បាន​លទ្ធផលល្អមកជូនកម្ពុជា។ ជាក់ស្តែងការប្រកួតទូកនាគអន្តរជាតិនៅប្រទេសចិនកាលពីពេលថ្មីៗនេះ ក្រុមកីឡាទូកជម្រើសជាតិកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាប់ចំណាត់ថ្នាក់ ៦ ជាលទ្ធផលល្អមួយដែលសរបញ្ជាក់ឱ្យឃើញថាទូកនាគកម្ពុជាកំពុងបោះជំហានរីកចំរើន និងមានសក្ដានុពល​ជា​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ដណ្តើម​មេដាយ​ជូនកម្ពុជា​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ។​

បញ្ជាក់​ដែរ​ក្រុម​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ ទាំង​ ១៥​រូប​ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​រុស្សី​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧​ ខែ​មិថុនា​ ឆ្នាំ​២០២៤។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៨​ ដល់​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​រដ្ឋ Altai Krai ​ប្រទេសរុស្ស៊ី៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម