ឯកឧត្តម​ សរ​ សិទ្ធិ៖​ ភាព​ជោគជ័យ​របស់​ក្រុម​ទូកនាគ​គឺ​មិន​នៅ​ត្រឹម​នេះ​នោះ​ទេ​

  • 2024-07-04 04:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ សរ​ សិទ្ធិ​ អនុប្រធាន​សហព័ន្ធ​កីឡា​ទូកកានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី៣​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នេះ​បាន​អនុញ្ញាត​ដល់​ក្រុម​កីឡា​ទូក​នាគ​កម្ពុជា​ចូល​ជួប​ និង​ទទួល​ការ​សាទរ​លើក​ទឹកចិត្ត​​ពី​ជ័យជម្នះ​ និង​ការ​ប្រកួត​នៅ​ប្រទេស​រុស្សី។​

ពិធីសំណេះសំណាល

ឯកឧត្ដម​ សរ​ សិទ្ធិ​ បាន​លើក​ឡើង​ក្នុង​ជំនួប​សំណេះសំណាល​នេះ​ថា​ សម្រាប់​ជ័យជម្នះ​នៅ​ប្រទេស​រុស្សី​ដែល​ក្រុម​ទូកនាគ​កម្ពុជា​ឈ្នះ​មេដាយ​មាស១​ សំរឹទ្ធ​២​ គ្រឿង​នេះ​គឺ​មិន​នៅ​ត្រឹម​នេះ​នោះ​ទេ។​ ពោល​នៅ​មាន​តទៅ​ទៀត​តាម​រយៈ​ការ​ខំប្រឹង​ប្រែង​ពី​គ្រូ​បង្វឹក​ កីឡាករ​ផ្ទាល់។​

ពិធីសំណេះសំណាល

ការ​ឈ្នះ​មេដាយ​ ៣គ្រឿង​នេះ​ជា​ដំបូង​គឺ​មោទកភាព​ដល់​ខ្លួន​ឯង​ បន្ទាប់​មក​មោទកភាព​ប្រទេស​ជាតិ​ និង​ជា​មោទកភាព​ដល់​អង្គភាព​ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​ទាំង​មូល​ផង​ដែរ។​ ព្រោះ​កាល​ណា​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ណា​មួយ​ហើយ​គឺ​គេ​ដឹង​ថា​កីឡាករ​នេះ​មក​ពី​ប្រទេស​មួយ​ណា​មុន​គេ​បង្អស់។​

ពិធីសំណេះសំណាល

អនុប្រធាន​សហព័ន្ធ​កីឡា​ទូកកានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ បន្ថែម​ទៀត​ថា​ ការ​ដែល​ទទួល​បាន​ជ័យជម្នះ​ហើយ​កុំ​មាន​អំនួត​ ព្រោះ​ការ​គំនិត​បែប​នេះ​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ខ្លួន​បែរ​ជា​ធ្លាក់​ចុះ​ទៅ​វិញ។​ ដូច្នេះ​ត្រូវ​បន្ត​ខំប្រឹង​ប្រឹង​ហ្វឹកហាត់​ និង​សាមគ្គី​គ្នា​ជា​និច្ច​ព្រោះ​កីឡា​ទូក​នេះ​ត្រូវ​តែ​មាន​ការ​សហការ​ យល់ចិត្ត​គ្នា​ សាមគ្គី​ជា​ធ្លុង​មួយ​ទើប​ឈាន​ដល់​ជ័យជម្នះ​ទៅ​បាន។​ ឯកឧត្ដម​សង្ឃឹម​ថា​ក្រុម​កីឡា​ទូកនាគ​កម្ពុជា​នឹង​ដណ្ដើម​មេដាយ​កម្រិត​អន្តរជាតិ​សំខាន់ៗ​ទៀត​ពិសេស​ស៊ីហ្គេម​ នៅ​ប្រទេស​ថៃ​នេះ​ជា​ដើម។​

ពិធីសំណេះសំណាល

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡា​ទូក​នាគ​កម្ពុជា​ដែល​ឈ្នះ​មេដាយ​មាស១​ សំរឹទ្ធ២​ គ្រឿង​ពី​ប្រទេស​រុស្សី​បាន​វិល​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី២​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នេះ។​ ពិធី​ជួប​សំណេះសំណាល​ជា​មួយ​ឯកឧត្ដម​ សរ​ សិទ្ធិ​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៣​ កក្កដា​ ក្នុង​មជ្ឈមណ្ឌល​កីឡា​ក្រសួង​មហាផ្ទៃ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ៕​

ពិធីសំណេះសំណាល

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម