បិសាចក្រហម​កំពុង​មមាញឺក​ទិញ​ចូល​កីឡាករ​ថ្មី

  • 2024-07-17 12:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ​ថ្មី ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវ​ក្ដៅ​នេះ។

អ្នក​ចាត់​ការ​ក្លឹប លោក Erik Ten Hag កំពុង​ដុត​ដៃ​ដុត​ជើង ក្នុង​យុទ្ធនាការ​ពង្រឹង​កូន​ក្រុម​របស់​លោក ក្រោយ​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​កាល​ពី​រដូវ​កាល​មុន។ ចំណុច​ដែល​លោក​ផ្ដោត​សំខាន់​នោះ គឺ​ពង្រឹង​តំបន់​ប្រយុទ្ធ និង​តំបន់​ការពារ។

កាល​ពី​ដើម​សប្ដាហ៍​នេះ ក្លឹប​បិសាច​ក្រហម​បាន​សម្រេច​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់​វ័យ ២៣ ឆ្នាំ Joshua Zirkzee ក្នុង​តម្លៃ​ផ្ទេរ​ជិត ៤៥ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ក្លឹប​អ៊ីតាលី Bologna។ Zirkzee ចុះ​កុងត្រា​ ៥ ឆ្នាំ ជាមួយ​ក្លឹប Manchester United ហើយ​មាន​លទ្ធភាព​ត​មួយ​ឆ្នាំ​បន្ថែម​ទៀត បើ​មាន​ការ​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ។ មុន​មក​ចូល​រួម​ជាមួយ​ក្លឹប Man Utd កីឡាករ​ Zirkzee ធ្លាប់​លេង​នៅ​ក្លឹប Bayern Munich និង Bologna។ កាល​ពី​រដូវ​កាល​មុន ពេល​លេង​នៅ​អ៊ីតាលី ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​សរុប ៣៧ ប្រកួត និង​ស៊ុត​ចូល ១២ គ្រាប់​ឲ្យ Bologna។

ក្នុង​សប្ដាហ៍​នេះ ក្លឹប​ក៏​បាន​កំពុង​ចរចា​ដើម្បី​ផ្ទេរ​ខ្សែ​ការពារ​បារាំង Leny Yoro ពី​ក្លឹប​ Lille។ Yoro មាន​វ័យ ១៨ ឆ្នាំ តែ​បាន​បង្ហាញ​សមត្ថភាព​ធ្វើ​ជា​កីឡាករ​ឈុត​ធំ​ទៅ​ហើយ​ឲ្យ​ក្លឹប Lille ដោយ​បាន​បង្ហាញ​ខ្លួន​ដល់​ទៅ ៤៤ ប្រកួត និង​ស៊ុត​ចូល ៣ គ្រាប់​ឲ្យ​ក្លឹប​កាល​ពី​រដូវ​កាល​មុន។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Mirror ទាំង​ក្លឹប Manchester United និង​ក្លឹប Lille ហើយ​កីឡាករ​ បាន​ព្រម​ព្រៀង​រួច​ទៅ​ហើយ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ Yoro នឹង​ត្រូវ​បាន​ប្រកាស​ជា​កីឡាករ​បិសាចក្រហម​ក្នុង​សប្ដាហ៍​នេះ ឬ​ដើម​សប្ដាហ៍​ក្រោយ។

លើស​ពី​នេះ Manchester United ក៏​បាន និង​កំពុង​ចរចា​ផ្ទេរ​យក​ខ្សែ​ការពារ​ហុល្លង់ Matthjis De Ligt ពី​ក្លឹប Bayern Munich។ បើ​តាម​របាយការណ៍​ចុង​ក្រោយ អារម្មណ៍​របស់​ភាគី​ក្លឹប​ទាំង​សង​ខាង កំពុង​ល្អ​ ហើយ​អាច​នឹង​បិទ​បញ្ចប់​នា​ពេល​ឆាប់ៗ ក្នុង​ករណី​និយាយ​ថ្លៃ​ផ្ទេរ​ត្រូវ​គ្នា។ ឯ De Ligt វិញ គឺ​ចាប់​អារម្មណ៍​ចង់​មក​ធ្វើ​ការ និង​រួម​ដំណើរ​ជា​ថ្មី​ជាមួយ​អតីត​គ្រូ​របស់​ខ្លួន គឺ​លោក Ten Hag គឺ​ជា​អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​នា​ពេល​បច្ចុប្បន្ន។

ក្រោម​ការ​ដឹកនាំ​របស់​សហម្ចាស់​ក្លឹប​ថ្មី បិសាច​ក្រហម​មាន​ភាព​សស្រាក់សស្រាំ​ជាង​គេ ក្នុង​ទី​ផ្សារ​ដោះ​ដូរ​នេះ បើ​ធៀប​នឹង​ក្លឹប​ធំៗ​ដទៃ​គិត​មក​ទល់​ពេល​នេះ។ កាល​ពី​ខែ​មុន ថ្នាក់​ដឹកនាំ​ក្លឹប​ថ្មីលោក Jim Ratcliffe បាន​បង្ហើប​ថា ទិស​ដៅ​អាទិភាព​របស់​ Man United គឺ​មិន​មែន​ផ្ដោត​ទៅ​លើ​ការ​ទិញ​កីឡាករ​ល្អ ហើយ​ថ្លៃៗ​នោះ​ទេ។ ក្លឹប​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ងារ​អភិវឌ្ឍ​ក្រុម​កីឡាករ ដើម្បី​ឲ្យ​ក្រុម​កីឡាករ​មាន​លំនឹង ហើយ​ជា​មួយ​គ្នា​នោះ ផ្ទេរ​ចូល​កីឡាករ​ល្អៗ​មួយ​ចំនួន​ដើម្បី​បង្កើន​ទម្រង់​លេង​របស់​ក្រុម។ ម៉្យាង​វិញ​ទៀត ក្លឹប​ត្រូវ​បង្ក​បរិយាកាស​ដ៏​ល្អ​ប្រសើរ​សម្រាប់​ដំណើរ​ការ​ក្លឹប ក្នុង​នោះ​គឺ​ត្រូវ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​ហេត្ថារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ក្លឹប ដូច​ជា​ទីលាន​ហ្វឹកហាត់​របស់​កីឡាករ ដើម្បី​បង្កើន​ភាព​​ប្រកួត​ប្រជែង​របស់​ក្លឹប។

លោក Ratcliffe បាន​សម្រេច​បន្ត​កុងត្រា​ឲ្យ​អ្នក​ចាត់​ការ លោក Ten Hag រហូត​ដល់​ឆ្នាំ ២០២៦ ហើយ​តែង​តាំង​អ្នក​មាន​បទពិសោធន៍​ និង​ជំនាញ​បាល់ទាត់ ទៅ​ដឹកនាំ​ផ្នែក​សំខាន់ៗ​របស់​ក្លឹប​ ដូចជា​ផ្នែក​ផ្ទេរ​កីឡាករ និង​ផ្នែក​បង្វឹក​កីឡាករ​ជា​ដើម៕

ប្រភព៖ BBC | Mirror   អត្ថបទ៖ សេរី មង្គល