ធនាគារ ស្ថាបនា បានបរិច្ចាគ និងរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរតាមរយៈបាល់ទាត់សប្បុរសធម៌ជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ

  • 2024-07-23 09:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា សហការជាមួយ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាងក្រុមបាល់ទាត់ Sathapana FC និងក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ នៅកីឡដ្ឋាន AIA Stadium KMH Park ដើម្បីធ្វើការរៃអង្គាសថវិកាជួយទ្រទ្រង់ដល់ការថែទាំកុមារ នៅក្នុងមន្ទីរពេទ្យកុមារអង្គរបានដោយជោគជ័យ។

មន្ទីរពេទ្យកុមារអង្គរ ជាមជ្ឈមណ្ឌលថែទាំសុខភាពឈានមុខគេដែលមានបេសកកម្មចូលរួមធ្វើឱ្យមានភាពប្រសើរឡើងដល់ការថែទាំសុខភាពសម្រាប់កុមារកម្ពុជា។ អស់រយៈពេលជាង២០ឆ្នាំមកនេះ មន្ទីរពេទ្យតែងតែយកចិត្តទុកដាក់ឱ្យ កុមារកម្ពុជាគ្រប់រូបទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ។

ការរួមចំណែកនេះជាផ្នែកមួយក្នុងកម្មវិធី ទំនួលខុសត្រូវសង្គមរបស់ ធនាគារ ស្ថាបនា ដែលតែងតែប្តេជ្ញាចិត្តក្នុងការជំរុញផលវិជ្ជមានដល់សហគមន៍ ការថែទាំសុខភាព និងសុខុមាលភាពរបស់កុមារជំនាន់ក្រោយតាមរយៈកីឡាបាល់ទាត់។

ដោយមានចក្ខុវិស័យ និងឆន្ទៈរួមគ្នាសម្រាប់អនាគតកុមារកម្ពុជា ក្រុមបាល់ទាត់ Sathapana FC និងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ បានចាប់ដៃគ្នាក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ។ នៅក្នុងការប្រកួតនេះផងដែរ យើងសង្កេតឃើញថាមានការគាំទ្រយ៉ាងខ្លាំង និងមានវត្តមានអ្នកចូលរួមប្រមាណជាង ១០០០ នាក់ បានចូលទស្សនា និងចូលរួមជួយកុមារកម្ពុជាឱ្យមានជីវិតកាន់តែល្អប្រសើរ និងមានសុខភាពល្អ។ ក្នុងនោះផងដែរ ធនាគារ ស្ថាបនា សូមអបអរសាទរដល់ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ទទួលបានជ័យជំនះដោយគ្រាប់បាល់ប៉េណាល់ទី។

បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកាក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះផងដែរ ធនាគារ ស្ថាបនា បានបរិច្ចាគថវិកាចំនួន ១២លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យក្នុងការផ្តល់ការថែទាំ និងការព្យាបាលជូនកុមារគ្រប់រូប។

ការបរិច្ចាគពីសប្បុរសជនទាំងអស់ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅដល់កុមារកម្ពុជា។ ថវិកាទាំងអស់ត្រូវបានចូលទៅកាន់គណនីរបស់មន្ទីរពេទ្យដោយផ្ទាល់ ដើម្បីឱ្យមន្ទីរពេទ្យបន្តបេសកកម្មជួយដល់ កុមាររាប់ពាន់នាក់ទទួលបានការថែទាំសុខភាព និងការព្យាបាលសង្គ្រោះជីវិតដោយឥតគិតថ្លៃ និងជួយឱ្យជីវិតកុមាររាប់ពាន់នាក់កាន់តែល្អប្រសើរឡើង។

លោកអ្នកអាចបន្តចូលរួមបរិច្ចាគតាមរយៈ៖

  1. ចូលទៅកាន់មុខងារ “Donation” ក្នុង ស្ថាបនា ម៉ូបាល ឬ

  2. តាមរយៈគណនី Angkor Hospital for Children (USD) 07808082834100102

សូមថ្លែងអំណរគុណដល់លោកអ្នកសម្រាប់ការចូលរួមបរិច្ចាគ និងអ្នកឧបត្ថម្ភកម្មពិធីទាំងអស់រួមមាន NT Sport Shop Peak Sport និងទឹកពិសាបរិសុទ្ធគង្គា ដែលបានចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌។

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខា ១៧៥ សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣៤០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។

ហើយក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា ពានរង្វាន់ “First Launch in Market 2023”ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone។