គំនិតផ្តួចផ្តើមច្រកទ្វារសកលរបស់ EU បើកឱកាសថ្មីសម្រាប់ការអប់រំ និងស្រាវជ្រាវក្នុងអាស៊ាន

  • 2024-07-24 10:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងកិច្ចពិភាក្សាដ៏សំខាន់មួយ រៀបចំដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ឯកឧត្តម Sujiro Seam ក៏ដូចជា សហភាពអឺរ៉ុប អាស៊ាន និងអ្នកប្រាជ្ញឈានមុខគេមកពីតំបន់ទាំងពីរ បានរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការស្រាវជ្រាវ។ កិច្ចសន្ទនារបស់ដៃគូបានផ្តោតទៅលើឥទ្ធិពលផ្លាស់ប្តូរ នៃយុទ្ធសាស្ត្រច្រកទ្វារសកលនៅក្នុងអាស៊ាន ដោយសង្កត់ធ្ងន់ទៅលើការបង្កើតថ្មី កិច្ចសហការស្រាវជ្រាវ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរនិស្សិត និងការសិក្សារវាងតំបន់ទាំងពីរ។

យុទ្ធសាស្ត្រ Global Gateway ត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០២១ ជាមួយនឹងគោលបំណងដោះស្រាយបញ្ហាប្រឈមជាសកលដែលសំខាន់បំផុត រួមមានការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការកែលម្អប្រព័ន្ធសុខាភិបាល ការជំរុញការប្រកួតប្រជែង និងសុវត្ថិភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ រវាងឆ្នាំ ២០២១ និងឆ្នាំ ២០២៧ សហភាពអឺរ៉ុប និងរដ្ឋដែលជាសមាជិករបស់ខ្លួន រួមគ្នាជាធ្លុងមួយនាមជាក្រុមអឺរ៉ុប ដោយប្តេជ្ញាប្រមូលការវិនិយោគយ៉ាងហោចណាស់ ១០ ពាន់លានអឺរ៉ូ សម្រាប់គម្រោងប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់នៅក្នុងតំបន់អាស៊ាន ដោយគិតគូរពីតម្រូវការរបស់ប្រទេសដៃគូ និងធានាឲ្យបាននូវអត្ថប្រយោជន៍សម្រាប់សហគមន៍មូលដ្ឋានយូរអង្វែង។

ឯកឧត្តម Sujiro Seam

“ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងការវិនិយោគក្នុងវិស័យអប់រំ ក៏ដូចជាការស្រាវជ្រាវ គឺជាធាតុផ្សំសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប” នេះបើ​តាម​ឯកឧត្តម Sujiro Seam ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​អាស៊ានបាន​មានប្រសាសន៍។ "នៅក្នុងកិច្ចសន្ទនាដៃគូរបស់យើងនៅថ្ងៃនេះ យើងបានប្រារព្ធកិច្ចសហប្រតិបត្តិការ EU-ASEAN លើការអប់រំ និងការស្រាវជ្រាវ និងស្វែងរកមធ្យោបាយ ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនេះក្នុងបរិបទនៃយុទ្ធសាស្រ្តច្រកទ្វារសកលរបស់សហភាពអឺរ៉ុប ដោយធ្វើការជាមួយដៃគូ ដើម្បីភាពប្រសើរឡើងនៃតំបន់របស់យើង និងប្រជាជនរបស់ពួកគេ" នេះជាអ្វីដែលឯកឧត្តម​បាន​បន្ថែម។

កម្មវិធី Erasmus ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និង Horizon Europe គ្រាន់តែជាឧទាហរណ៍ពីរ នៃការសហការប្រកបដោយជោគជ័យក្នុងវិស័យអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ។ និស្សិត អ្នកប្រាជ្ញ និងសាកលវិទ្យាល័យនានាក្នុងអាស៊ានទទួលបានអត្ថប្រយោជន៍ពីកម្មវិធី Erasmus តាមរយៈការផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍ អាហារូបករណ៍ Postgraduate និងការគាំទ្រសម្រាប់ភាពជាដៃគូរបស់សាកលវិទ្យាល័យ។ នៅក្នុងវិស័យស្រាវជ្រាវ Horizon Europe គឺជាកម្មវិធីស្រាវជ្រាវពហុភាគី និងកម្មវិធីនវានុវត្តន៍ដែលផ្តល់មូលនិធិសាធារណៈដ៏ធំបំផុតរបស់ពិភពលោក។ វាផ្តល់ឱ្យអ្នកស្រាវជ្រាវ និងអ្នកច្នៃប្រឌិតនៅក្រៅអឺរ៉ុបនូវឱកាស ដើម្បីចូលរួមក្នុងការស្រាវជ្រាវសហការ និងសកម្មភាពច្នៃប្រឌិតដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប។ វាមានគោលបំណងដោះស្រាយបញ្ហាប្រឈមជាសាកល រួមទាំងការកសាងសង្គមបៃតង ឌីជីថល សុខភាព និងភាពធន់៕