Barca ត្រៀម​លក់​កីឡាករ​ចេញ​ជា​ច្រើន​រូប ដោយ​បញ្ហា​ថវិកា

  • 2024-07-29 14:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​បញ្ហា​ថវិកា ក្លឹប Barcelona កំពុង​មាន​គម្រោង​ផ្ទេរ​ចេញ​កីឡាករ​ជា​ច្រើន​រូប​។

បើ​តាម​ប្រភព​ដដែល កីឡាករ​ដែល​ក្លឹប​ចង់​លក់​ចេញ​នោះ រួម​មាន៖ ខ្សែ​ការពារ​វ័យ ២៤ ឆ្នាំ Ronald Araujo ខ្សែ​ប្រយុទ្ធ​វ័យ ២១ ឆ្នាំ Ansu Fati ខ្សែ​បម្រើ​វ័យ ២៧ ឆ្នាំ Frenkie de Jong និង Raphinha ហើយ​ខ្សែ​បម្រើ​វ័យ ៣៣​ឆ្នាំ Ilkay Gundogan។

តាម​ពិត​ទៅ​ កីឡាករ​ទាំង ៥ រូប​សុទ្ធ​តែ​ចង់​បន្ត​នៅ​ក្លឹប Barcelona។ ទោះ​ជា​យ៉ាង​ណា ក្នុង​ករណី​បើ​ព័ត៌មាន​ក្លឹប​អ្នក​មាន​បុណ្យ​ចង់​ផ្ទេរ​រូប​គេ​ចេញ​ជា​រឿង​ពិត កីឡាករ​នឹង​ត្រៀម​ពិនិត្យ​មើល​ក្លឹប​បន្ទាប់​ដែល​ស័ក្តិសម​នឹង​ខ្លួន។

បើ​តាម​ការ​ចុះ​ផ្សាយ​ធំៗ​មួយ​ចំនួន Gundogan និង Raphinha កំពុង​ចរចា​មាន​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត។ មិន​ទាន់​មាន​របាយការណ៍​ជាក់លាក់​ទាក់​ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ក្លឹប​បន្ទាប់​របស់ Fati ក៏​ដូច​ជា De Jong និង Araujo ឡើយ​គិត​មក​ទល់​ពេល​នេះ។

មូលហេតុ​ចម្បង​ដែល​ក្លឹប​ចង់​ផ្ទេរ​ចេញ​កីឡាករ​ទាំង ៥ រូប​នោះ គឺ​ដោយ​សារ​ហេតុ​ផល​ធំៗ​ពីរ។ ទី​មួយ​គឺ​ ដើម្បី​យក​ថវិកា មក​សម្រាល​បញ្ហា​ហិរញ្ញវត្ថុ​ដ៏​រ៉ាំរ៉ៃ​របស់​ក្លឹប និង​ទី​ពីរ គឺ​ដើម្បី​យក​លុយ​ទៅ​ផ្ទេរ​ចូល​កីឡាករ​ល្អៗ​ចំនួន​ពីរ​រូប​ក្នុង​នោះ​រួម​មាន ខ្សែ​ស្លាប Nico Williams និង​ខ្សែ​បម្រើ​ប្រយុទ្ធ Dani Olmo។ កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​ជា​តារា​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ដោយ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ូ ២០២៤ កន្លង​ទៅ​ ហើយ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​កម្មវិធី​នេះ​ទៀត​ផង។

បច្ចុប្បន្ន Williams មាន​អាយុ​ ២១ ឆ្នាំ កំពុង​លេង​ឲ្យ​ Atletic Bilbao។ ឯ Olmo មាន​អាយុ ២៦ ឆ្នាំ កំពុង​លេង​ឲ្យ​ក្លឹប​អាល្លឺម៉ង់ RB Leipzig។ យោង​តាម Goal ក្លឹប​អ្នក​មាន​បុណ្យ​ត្រូវ​ចំណាយ​ប្រមាណ ១១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ​ឆ្នើម​ទាំង​ពីរ​រូប​នេះ។

ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ ក្លឹប Barcelona មាន​បញ្ហា​ហិរញ្ញវត្ថុ​ជា​ទម្ងន់ ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ទាក់​ទាញ​កីឡាករ​ល្អៗ​មាន​ការ​ធ្លាក់ចុះ។ ការណ៍​នេះ​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់​ភាព​ប្រកួត​ប្រជែង​នា​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ និង​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ចែក​ផ្លូវ​គ្នា​រវាង​ក្លឹប និង​អ្នក​ចាត់​ការ Xavi កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប​គឺ​ លោក Hansi Flick ដែល​ជា​អតីត​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល