ទោះ​ Barca មាន​បញ្ហា​ហិរញ្ញវត្ថុ នៅ​តែ​មាន​កីឡាករ​ចង់​មក​ក្លឹប​អ្នក​មាន​បុណ្យ

  • 2024-08-26 12:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Federico Chiesa មាន​ចេតនា​ចង់​ចូល​រួម​ជាមួយ​ក្លឹប Barcelona។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano បាន​ឲ្យ​ដឹង​ថា ភ្នាក់​ងារ​របស់​កីឡាករ​ស្លាប​សញ្ជាតិ​អ៊ីតាលី​វ័យ ២៦ ឆ្នាំ Chiesa បាន​ប្រាប់​ទៅ​ក្លឹប​អ្នក​មាន​បុណ្យ​អំពី​ចំណាប់អារម្មណ៍​​របស់​កីឡាករ​ក្នុង​ការ​ចូល​រួម​ជាមួយ​ក្លឹប Barcelona។

យ៉ាង​នេះ​ក្ដី​ គិត​មក​ទល់​ពេល​នេះ មិន​ទាន់​របាយការណ៍​គួរ​ទុក​ចិត្ត​ណា​មួយ​អាច​អះអាង​ថា ក្លឹប​អ្នក​មាន​បុណ្យ​យល់​យ៉ាង​ណា​ចំពោះ​ដំណឹង​នេះ ហើយ​ក៏​មិន​ទាន់​មាន​សំណើរ​ផ្ទេរ​ផ្លូវ​ការ​ណាមួយ​ដែល Barca បាន​ដាក់​ទៅ​ក្លឹប​អ៊ីតាលី Juventus ក្នុង​ការ​ទិញ​ខ្សែ​ស្លាប​រូប​នេះ។

គិត​តាំង​ពី​ពេល​វិបត្តិ​កូវីដ​មក ក្លឹប Barcelona មាន​បញ្ហា​ហិរញ្ញវត្ថុ​ជា​ទម្ងន់ ដោយ​ក្លឹប​បាន​ចាយ​ និង​ជំពាក់​បំណុល​ច្រើន លើស​ពី​ចំណូល​ដែល​ខ្លួន​រក​បាន។ ហេតុ​នេះ ក្លឹប​បាន​ធ្វើ​ការ​ផ្ទេរ​ចេញ​កីឡាករ​ជា​ច្រើន​ជា​ពិសេស​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ក្លឹប​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ឡើង​វិញ។

យ៉ាង​នេះ​ក្ដី រហូត​ដល់​ពេល​នេះ សុខភាព​ហិរញ្ញវត្ថុ​របស់ Barca នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន​ដំណឺង​ជា​ច្រើន​ថា ក្លឹប​ជំពាក់​ប្រាក់​ឈ្នួល​កីឡាករ​របស់​ខ្លួន​ទៀត​ផង។ បញ្ហា​ហិរញ្ញវត្ថុ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ភាព​ប្រកួត​ប្រជែង​របស់​ក្លឹប ជា​ពិសេស​លើ​សមត្ថភាព​របស់​ក្លឹប​ក្នុង​ការ​រក្សា​ទុក និង​ផ្ទេរ​ចូល​កីឡាករ​ល្អៗ។ ឧទាហរណ៍​ នា​រដូវ​កាល​ដោះដូរ​នេះ ក្លឹប​ត្រូវ​ផ្ទេរ​ចេញ​កីឡាករ​ល្អៗ​ដូច​ជា Ilkay Gundogan ដើម្បី​ផ្ទេរ​ចូល​កីឡាករ​បម្រើ​ប្រយុទ្ធ Dani Olmo។ ទោះ​ជា​លះបង់​បែប​នេះ​ក្ដី Olmo នៅ​តែ​មិន​ទាន់​ជា​កីឡាករ​របស់ Barca ជា​ផ្លូវ​ការ​នៅ​ឡើយ ដោយ​សារ​ក្លឹប​មិន​ទាន់​អាច​ចុះ​ឈ្មោះ​កីឡាករ​បាន​សម្រេច ព្រោះ​បញ្ហា​ហិរញ្ញវត្ថុ។

បើ​ទោះ​មាន​បញ្ហា​បែប​នេះ​ក្ដី ក្លឹប​ Barcelona នៅ​តែ​មាន​សមត្ថភាព​ទាក់ទាញ​កីឡាករ​ល្អៗ។ តួ​យ៉ាង​ដូច Chiesa ជា​ដើម នៅ​តែ​ចង់​មក​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ។ Chiesa មាន​ទម្រង់​លេង​ដ៏​ប្រសើរ​នៅ​ Juventus ហើយ​គិត​មក​ទល់​ពេល​នេះ លេង​សរុប​ឲ្យ​ក្លឹប ១៣១ ដង និង​ស៊ុត​ចូល ៣២ គ្រាប់៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី