Ter Stegen បញ្ជាក់​អំពី​អនាគត​នៅ​ក្លឹប​អ្នក​មាន​បុណ្យ

  • 2024-09-05 13:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ដៃ​ទី​ ១ របស់​ក្លឹប Barcelona កីឡាករ Marc-Andre ter Stegen កំពុង​សប្បាយ​ចិត្ត​នៅ​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ និង​ចង់​​រួម​រស់​ជាមួយ​ក្លឹប​បន្ត​ទៀត។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​អនាគត​របស់​ខ្លួន​នៅ​ក្លឹប​អ្នក​មាន​បុណ្យ អ្នក​ចាំ​ទី Ter Stegen ថា​រូប​គេ​ពិត​ជា​កំពុង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ជាមួយ​ក្លឹប ហើយ​ចង់​នៅ​ជាមួយ​ក្លឹប​បន្ត​ទៀត​នា​ពេល​នេះ។ រឿង​អនាគត​ចាំ​ថ្ងៃ​ក្រោយ​ចាំ​និយាយ​ តែ​នៅ​ពេល​នេះ អារម្មណ៍​របស់​រូប​គេ​កំពុង​មាន​ភាព​វិជ្ជមាន​ជា​ខ្លាំង​ជាមួយ​ក្លឹប ហើយ​កំពុង​ស្រលាញ់​ក្លឹប ព្រោះ​រួម​រស់​ជាមួយ​គ្នា​ជាង ១០ ឆ្នាំ​មក​ហើយ។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​អ្នក​ចាំទី​អាល្លឺម៉ង់​វ័យ ៣២ ឆ្នាំ។

Ter Stegen បាន​មក​ចូល​រួម​ជាមួយ Barcelona តាំង​ពី​ឆ្នាំ ២០១៤ មក។ គិត​មក​ទល់​ពេល​នេះ មាន​រយៈ​ពេល​ជាង ១ ទសវត្ស​ហើយ ដែល​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​លេង​ឲ្យ​ក្លឹប។ គិត​មក​ទល់​ពេល​នេះ កីឡាករ​បង្ហាញ​ខ្លួន​សរុប​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​ចំនួន ៤១៧ និង​មាន​ស្ថិតិ​ការ​ប្រកួត​មិន​ឲ្យ​ក្រុម​គូ​ប្រកួត​ស៊ុត​ចូល​ (Clean Sheet) ចំនួន ១៧៤ ដង។

Ter Stegen មាន​កុងត្រា​ជាមួយ​ក្លឹប​ Barcaរហូត​ដល់​ឆ្នាំ ២០២៨។

ក្រៅ​ពី​ទទួល​បាន​តួនាទី​ស្នូល​ក្នុង​ក្រុម Barca ជិត ១០ ឆ្នាំ​មក​ហើយ កីឡាករ​កំពុង​ឈាន​ចូល​ទៅ​វិថី​សំខាន់​មួយ​ក្នុង​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ។ ក្រោយ​ពី​អ្នក​ចាំ​ទី​ចាស់​វស្សា​វ័យ ៣៨ ឆ្នាំ Manuel Neuer ចូល​និវត្តន៍​ក្រុម​ជម្រើស​ជាតិ កីឡាករ​ Ter Stegen ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​តម្លើង​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ជំនួស Neuer។ កីឡាករ​ Barca រូប​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ចាំ​ទី​បង្គោល​របស់​អាល្លឺម៉ង់​ជា​លើក​ដំបូង ក្នុង​ការ​ប្រកួត​ជាមួយ​ហុល្លង់​ក្នុង​កម្មវិធី Nations League នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ខាង​មុខ វេលា​ម៉ោង ១:៤៥ ព្រឹក​ព្រលឹម​ម៉ោង​នៅ​កម្ពុជា៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី