ក្រុមបាល់ទាត់​ HFCA នឹងចូលរួមការប្រកួតដណ្តើមពានរង្វាន់ពិភពលោកជនអនាថា (Homeless World Cup) នៅប្រទេសកូរ៉េ

  • 2024-09-06 03:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ HFCA នឹង​បញ្ជូន​កីឡាករ​របស់​ខ្លួន​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូលរួមក្នុងព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់ពិភពលោកជនអនាថាលើកទី១៩ (Homeless World Cup) ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។

រូបភាពផ្ដល់ជូន

នេះជាលើកទី១២ ហើយដែលអង្គការ​កម្ពុជា​អូស្ត្រាលីបាល់ទាត់រីករាយ (HFCA) បានចូលរួមជាមួយបណ្តាប្រទេសចំនួន ៤៨ផ្សេងទៀត​សម្របសម្រួល​​ក្រុមកីឡាករកម្ពុជានៅក្នុងការប្រកួតបាល់ទាត់ដែលនាំមកនូវការផ្លាស់ប្តូរជីវិតនេះ។

អង្គការ HFCA បាន​ជ្រើសរើស​យុវជនចំនួនប្រាំបីរូប​ធ្វើជា​តំណាងរបស់​ប្រទេស​កម្ពុជា ក្នុងនោះ​កីឡាករបី​រូប​មក​ពី​ខេត្តសៀមរាប គឺកីឡាករ សៅ សាម៉ី(​អាយុ​ ២៨ ​ឆ្នាំ​) ភន ភ័ក្រ (​អាយុ​ ២៥ ​ឆ្នាំ​) និង វេង ​និវឌ្ឍន៍​(​អាយុ ​២៣​ឆ្នាំ​) កីឡាករផន ផាន់ណា មកពីខេត្តព្រៃវែង (អាយុ ២៣ ឆ្នាំ) និង អឿម ប៉ូ មក​ពី​ខេត្ត​​​​​​​​កំពត (អាយុ ២៤ ឆ្នាំ)។

រូបភាពផ្ដល់ជូន

កីឡាករទាំងប្រាំរូបនេះសុទ្ធ​តែជាកីឡាករជម្រើសដែល​ត្រូវបានជ្រើសរើស​ឱ្យ​ចូលរួម​​​​ក្នុងព្រឹត្តិការណ៍ឆ្នាំ ២០២០ នៅប្រទេសហ្វាំងឡង់ ដែលត្រូវបានលុបចោល​វិញដោយសារ​តែមានកា​រ​ឆ្លង​រីក​រាល​ដាល​នៃជំងឺកូវីដ១៩។ កីឡាករចំនួនបីរូបចុងក្រោយ គឺកីឡាករសោម ថូនេត (អាយុ ១៧ ឆ្នាំ) មកពីខេត្ត​ស្វាយរៀងកីឡាករសែន សុកាន (អាយុ ១៩ ឆ្នាំ) មកពីខេត្តកណ្តាល និង ភុន មករា (អាយុ ១៨ ឆ្នាំ) មកពី​ខេត្ត​​ព្រៃវែង។ កីឡាករប្រាំរូបក្នុងចំណោម​កីឡាករប្រាំបីរូបមកពីអង្គការ​មូលនិធិកុមារកម្ពុជា ដែលជាដៃគូ​របស់អង្គការ HFCA និងបីរូបទៀតមកពីអង្គការមជ្ឈមណ្ឌល​កសាងអនាគតរបស់អ្នកថ្ងៃនេះ (Build your Future Today) ដែលជាដៃគូរបស់អង្គការ HFCA។

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានគោលបំណងផ្តល់ការលើកទឹកចិត្តដល់យុវជនក្រីក្រនៅក្នុងប្រទេសកម្ពុជាតាមរយៈវិស័យកីឡាបាល់ទាត់។ HFCA ធានាចំពោះយុវជនក្រីក្រមានលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលប្រកប​ដោយគុណភាពខ្ពស់ ឱកាសក្នុងការកសាងក្រុម និងធ្វើបម្លាស់ទី។ ប្រការនេះជួយ​គាំទ្រដល់សុខុមាលភាព សុខភាពផ្លូវចិត្ត ការគោរពខ្លួនឯង ហើយអ្វីដែល​សំខាន់ជាមាគ៌ាឆ្ពោះ​ទៅរកឱកាស​កាន់តែច្រើនបន្ថែមទៀតដោយ​​ការអភិវឌ្ឍជំនាញទន់ដើម្បីទទួលបានភាពជោគជ័យក្នុងការអប់រំ និងការងារ៕​

អត្ថបទ៖ នួន ស៊ីណា​