Ronaldo រំលឹកអំពីពេលវេលានៅជាមួយបិសាចក្រហម
- 2024-09-11 11:25:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo រំលឹកអំពីពេលវេលានៅជាមួយបិសាចក្រហម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Crisitiano Ronaldo បានរំលឹកអំពីពេលវេលារបស់រូបគេនៅក្លឹប Manchester Untied ជាលើកទី ២ កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២។
រំលឹកអំពីពេលវេលានោះ កីឡាករវ័យ ៣៩ ឆ្នាំ Ronaldo បានប្រាប់អ្នកសារព័ត៌មានថា រូបគេពិតជាស្រាលាញ់ក្លឹប Manchester United។ រូបគេពិតជាសប្បាយរីករាយណាស់ នៅពេលដែលបានត្រលប់មកលេងឲ្យក្លឹប Manchester United។ រូបគេស្ថិតក្នុងចំណោមខ្សែប្រយុទ្ធដែលស៊ុតចូលទីច្រើនជាងគេនៅពេលនោះ។ កីឡាកររូបនេះ បានគូសបញ្ជាក់ថា កាលនោះរូបគេមានវ័យ ៣៧ ឆ្នាំទៅហើយ តែនៅតែបង្ហាញទម្រង់លេងល្អប្រសើរ។ រូបគេគឺជាខ្សែប្រយុទ្ធដែលស៊ុតចូលទី លេខ ៣ ប្រចាំលីគកំពូលអង់គ្លេស។
Ronaldo គឺជាវីរបុរសរបស់ក្លឹប Manchester United។ កីឡាករលេងឲ្យក្លឹបចំនួនពីរលើក។ លើកទីមួយគឺពី ២០០៣ ដល់ ២០០៩។ ក្នុងអំឡុងពេលនោះ កីឡាករលេងសរុប ២៩២ ប្រកួត និងស៊ុតចូល ១១៨ គ្រាប់ ហើយជួយក្លឹបឈ្នះពានធំៗជាច្រើន។ នាពេលនោះហើយដែល កីឡាករ Ronaldo បានវិវត្តន៍ខ្លួនក្លាយជាកីឡាករដ៏កំពូលមួយមុនចេញទៅចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០០៩។
លើកទីពីរគឺពី ២០២១ ដល់ចុង ២០២២។ កីឡាករលេងសរុប ៥៤ ប្រកួត និងស៊ុតចូលទីចំនួន ២៧ គ្រាប់។ នាពេល ២ រដូវកាលនេះ ក្លឹប Manchester United មិនជោគជ័យទេ ហើយដូរគ្រូជាច្រើនលើក។ ពេលវេលាលើកទីពីរនេះ គឺជាពេលវេលាដ៏ចម្រូងចម្រាស់សម្រាប់អ្នកគាំទ្របិសាចក្រហម អំពីវីរបុរសក្លឹបរូបនេះ។
អ្នកគាំទ្រខ្លះពេញចិត្តនឹងទម្រង់លេងរបស់ Ronaldo ហើយគិតថាការលេងមិនល្អរបស់ក្លឹប គឺដោយសារក្រុមកីឡាករដទៃទៀតលេងមិនសូវបានល្អ ហើយ Ronaldo មិនមែនជាបញ្ហាដែលនាំឲ្យក្លឹបធ្លាក់ទម្រង់លេងនោះទេ។ អ្នកគាំទ្រខ្លះទៀត គិតថា ពេលវេលាលើកទី ២ របស់ Ronaldo នៅបិសាចក្រហម មិនសូវជោគជ័យឡើយ ហើយគិតថាការធ្លាក់ទម្រង់លេង និងល្បឿនរបស់កីឡាកររូបនេះ ធ្វើឲ្យក្លឹបធ្លាក់សមត្ថភាពប្រកួតប្រជែង ហើយទាមទារឲ្យអ្នកចាត់ការក្លឹបដាក់ឲ្យ Ronaldo អង្គុយលើកៅអីបម្រុងដើម្បីបើកកន្លែងឲ្យកីឡាករប្រយុទ្ធក្មេងៗចូលលេងជំនួស។ លោក Erik Ten Hag យល់ស្របនឹងមតិនេះ។
ក្រោយចូលកាន់តំណែងជាអ្នកចាត់ការក្លឹប កាលពីពាក់កណ្ដាលឆ្នាំ ២០២២ លោក Ten Hag បានបង្ហាញសញ្ញាច្បាស់ៗថា នៅពេល Ronaldo មិនបង្ហាញទម្រង់លេងល្អ កីឡាករនឹងត្រូវអង្គុយកៅអីបម្រុងនៅប្រកួតបន្ទាប់ ហើយលោកពិតជាបានធ្វើដូច្នេះមែន។ ការណ៍នេះធ្វើឲ្យ Ronaldo អាក់អន់ស្រពន់ចិត្ត រួចក៏មានបញ្ហាមួយចំនួនជាមួយលោក Ten Hag។ ក្រោយមក កីឡាករព័រទុយហ្គាល់ក៏បានផ្ដល់សម្ភាសន៍សាធារណៈមួយ ហើយបានទិតៀនទម្រង់លេង និងការចាត់ចែងផ្សេងៗរបស់ក្លឹប។ ការសម្ភាសន៍នេះហើយ រួមចំណែកធំក្នុងការចាកចេញរបស់កីឡាករ។
នាខែធ្នូ ឆ្នាំ ២០២២ កីឡាករបានឯកភាពចែកផ្លូវជាមួយបិសាចក្រហម ដើម្បីទៅលេងឲ្យក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ហើយលេងនៅទីនោះរហូតដល់ពេលបច្ចុប្បន្ន៕